រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយទៀតបោះស្តង់លក់គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋនៅ «តំបន់លឿង» និង «តំបន់លឿងទុំ» ចំនួន១២ទីតាំង ក្នុងខណ្ឌចំនួន៧ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងលិខិតរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែឧសភា បានឱ្យដឹងថា សាលារាជធានីអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនឈ្មោះ ឃ៊ែរ៉ល ឌីស្ត្រីម្វ្សិនសិន ឯ.ក ដែលជាកម្មសិទ្ធិរបស់លោក ខៀវ សំបូរ បោះស្តង់លក់បន្លែ សាច់ និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋដែលរស់នៅ «តំបន់លឿង» និង «តំបន់លឿងទុំ» ចំនួន១២ទីតាំង ក្នុងខណ្ឌចំនួន៧ រួមមាន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌបឹងកេងកង និងខណ្ឌឫស្សីកែវ។
លិខិតដដែលបញ្ជាក់ថា អំឡុងដាក់លក់បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគក្នុង «តំបន់លឿង» និង «តំបន់លឿងទុំ» ក្រុមហ៊ុនត្រូវឱ្យបុគ្គលិកអនុវត្តវិធានសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ចេះអនាម័យ ដើម្បីសម្លាប់មេរោគ និងវាស់កម្តៅអតិថិជន ដើម្បីប្រយុទ្ធប្រឆាំងនិងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីនាយកប្រតិបត្តិក្រុមហ៊ុន ឃ៊ែរ៉ល ឌីស្ត្រីម្វ្សិសិន ឯ.ក លោក ខៀវ សំបូរ បានទេនៅថ្ងៃទី២ ខែឧសភានេះ ។
ក្នុងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ បានឱ្យដឹងកាលពីម្សិលមិញនេះថា នៅ «តំបន់ក្រហម» ផ្សារនិងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ត្រូវផ្អាកជាបណ្តោះអាសន្ន។
ដោយឡែក សម្រាប់នៅ «តំបន់លឿង» និង «តំបន់លឿងទុំ» រាល់អាជីវកម្ម ការងារ មុខរបរ និងការផ្គត់ផ្គង់លក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតា ហើយអាជីវករនិងប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញស្បៀងទាំងនោះបាន ប៉ុន្តែអាជីវកម្មនេះត្រូវផ្អាកនៅត្រឹមម៉ោង៨យប់ដល់ម៉ោង៥ទៀបភ្លឺក្នុងអំឡុងពេលបិទខ្ទប់។
សេចក្តីណែនាំដដែលបញ្ជាក់ថា ចំពោះអាជីវករអាចប្រើមធ្យោបាយដឹកជញ្ជូនចល័តឬលក់តាមលំនៅឋានជូនអតិថិជនរបស់ខ្លួនចាប់ពីម៉ោង៣ទៀបភ្លឺទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្មរបស់ខ្លួនត្រឹមម៉ោង៨យប់ជាកំហិត។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ដំណាក់កាលនេះ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម ត្រូវផ្តល់ឱ្យកាសឱ្យក្រុមហ៊ុនឬម្ចាស់ទីតាំងដែលមានស្រាប់លក់បន្លែ សាច់ និងគ្រឿងឧបភោគបរិភោគជូនពលរដ្ឋនៅ «តំបន់លឿង» និង «តំបន់លឿងទុំ» ជាជាងឱ្យក្រុមហ៊ុនឯកជនលក់ផ្តាច់មុខ២ឬ៣បែបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ម្ចាស់អាជីវកម្មចាស់ៗ។
លោកស្រីមានប្រសាសន៍ថា៖ «ការអនុញ្ញាតឱ្យក្រុមហ៊ុនមួយលក់ផ្តាច់មុខបែបនេះមិនល្អចំពោះដំណើរការសង្វាក់ផលិតផលនោះទេ ទាមទារឱ្យអាជ្ញាធរគាត់ពិនិត្យមើលទីផ្សាររបស់យើងដែលមានកន្លងមក ព្រោះយើងមានទីផ្សារជាច្រើនបានដំណើរការរួចទៅហើយ ដែលយើងគួរតែសហការគ្នាចំពោះចរន្តនៃការផ្គត់ផ្គង់នេះ»។
លោកស្រីបន្តថា៖ «យើងឃើញហើយមានការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនដែលគាត់ជាអ្នកដាំដុះបន្លែ គឺថាគាត់មិនអាចនាំចេញនូវផលិតផលរបស់គាត់ មិនអាចលក់! យើងឃើញហើយពលរដ្ឋកំពុងប្រឈមនឹងការខ្វះស្បៀង ប៉ុន្តែអ្នកដាំដុះ អាជីវករទៅវិញ មានផលលំបាកពីការនាំចេញស្បៀង។ យើងត្រូវមើលថា ចំណោទនៅត្រង់អ្វីដែលក្រសួង ហើយអាជ្ញាធរត្រូវធ្វើម៉េចបានដើរតួក្នុងកិច្ចអន្តរាគមន៍ ដើម្បីសម្រួលចរាចរណ៍នេះឱ្យបានដំណើរការ»។
នាយិការូបនេះបញ្ជាក់ថា ចំពោះតម្លៃនាំការលក់បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគទាំងនោះ រដ្ឋាភិបាលជាពិសេសក្រសួងពាណិជ្ជកម្ម ត្រូវឱ្យក្រុមហ៊ុនឬអាជីវករកំណត់តម្លៃលក់ក្រោមទីផ្សារ និងបិទប្រកាសជាសាធារណៈ ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលរងគ្រោះ ជាពិសេសអ្នកក្រីក្រ នាអំឡុងពេលបិទខ្ទប់នោះ។
កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ចេញរថយន្តចល័តចំនួន៧គ្រឿង ដើម្បីលក់អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងត្រីខកំប៉ុង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។
ក្រោយមក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ បញ្ចេញរថយន្តចំនួន៦៤គ្រឿង បើកចល័តលក់គ្រឿងឧបភោគបរិភោគ (ដូចផ្សារ Mart) ជូនប្រជាពលរដ្ឋ ដើម្បីបំពេញបន្ថែមនូវតម្រូវការរបស់ប្រជាពលរដ្ឋ។ រថយន្តទាំងនោះ មានលក់គ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន បន្លែ ត្រី សាច់ អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករ ខ្ទឹម ប៊ីចេង ម្រេច មី និងត្រីខកំប៉ុង ជាដើម។
ក្រោយពីការឆ្លងរាលដាលក្នុងសហគមន៍ជាលើកទី៣ ដែលមានឈ្មោះថា«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»កាន់តែខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំទៅអាជ្ញាធរទាំង១៤ខណ្ឌផ្អាកដំណើរការលក់ដូរនៅផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ រួមមាន ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម។ វិធានការនេះតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃ២៤ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩បន្ថែមទៀត៕









