កម្មករ​រោងចក្រ​មួយ​ចំនួន​​តាម​ខេត្ត​ជាប់​ព្រំដែន​បារម្ភ​ខ្លាច​ជំងឺ​កូវីដ-១៩​ ឆ្លង​រាល​ដាល​ចេញ​ពី​​តំបន់​បិទ​ខ្ទប់​

អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលការធ្វើដំណើរចេញចូលនៅតាមដងផ្លូវដែលត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

កម្មករមួយចំនួនដែល​កំពុងបន្តការងារនៅតាមរោងចក្រក្នុងខេត្តបន្ទាយមានជ័យ និងស្វាយរៀង បារម្ភខ្លាចជំងឺកូវីដ-១៩​ឆ្លងរាត​ត្បា​តចេញពីតំបន់បិទខ្ទប់ក្បែ​​​​​ររោងចក្រទៅកាន់កន្លែងការងាររបស់ពួកគេ​ ខណៈពួកគេទទួលព័ត៌​មាន​​ថា មាន​កម្មករ​នៅតំបន់បិទខ្ទប់អាចចេញទៅធ្វើការបាន ប៉ុន្តែករណីនេះ ត្រូវអាជ្ញាធរមូលដ្ឋានបដិសេធ។

បើតាមរបាយការណ៍ពីក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ករណីវិជ្ជមានកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័​យ សរុបមានចំនួន៦១៦នាក់​​ ក្នុងនោះ ករណីរកឃើញថ្មី៥១នាក់ ខណៈខេត្តស្វាយរៀងមាន៣​​១៤ករណី​ កើនឡើងម្នាក់ ​នៅថ្ងៃម្សិលមិញ។ របាយការណ៍ដដែលបន្តថា ​ភាគច្រើននៃករណីឆ្លង​ទាំងនោះ គឺរកឃើញលើបុគ្គលិកនិងអ្នកពាក់ព័ន្ធនៅមជ្ឈមណ្ឌលកាស៊ីណូក្នុ​ងក្រុងប៉ោយប៉ែត និងបាវិត ដែលនាំឱ្យអាជ្ញាធរបិទខ្ទប់ការធ្វើដំណើរចេញនិងចូលតំបន់ទាំងនោះ។​    

កម្មករផ្នែកអ៊ុតនៅរោងចក្រផលិតសម្លៀកបំពាក់ ហាយថេក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឆោម ភិន ប្រាប់ V​O​D នៅថ្ងៃទី៣ ខែឧសភា ថា រោងចក្រ ហាយថេក ឋិតនៅចម្ងាយ៣គីឡូម៉ែត្រពីតំបន់បិទខ្ទប់ និងមានកម្មកររាប់រយនាក់ជាប់នៅ​​ទីនោះ ហើយមានមួ​យ​​​ចំនួនតូចបានគេចចេញពីតំបន់នោះមកធ្វើការ។

លោកថា លោកនិងកម្មករមួយចំនួនមានការបារម្ភខ្លាចអ្នកទាំងនោះបានប៉ះផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយនាំវីរុស​​មកចម្លងក្នុងរោងចក្រ។ លោកបន្ថែមថា កម្មករមួយចំនួនបានស្នើទៅភាគី​រោងចក្រ​​ផ្អាកដំណើរការ១៤ថ្ងៃ ដើម្បី​​បញ្ចៀសហានិភ័យនៃការឆ្លង ប៉ុន្តែត្រូវភាគីរោងច​ក្របដិសេធ។​

លោក ឆាយ ភិន និយាយថា៖ «តំបន់ខាងនេះ​ធ្វើការអីធ្វើទៅ តែសម្រាប់អ្នកដែលនៅតំបន់ក្រហមមិនចង់ឱ្យមានការចូលមក។ ភ័យខ្លាច ចេះតែភ័យខ្លាចអ៊ីចឹងណា។ ខ្លាចមានការឆ្លងរាលដាលដល់រោងចក្រហ្នឹង វាពិបាក វាមិនមែនតែយើងម្នាក់ឯណា បញ្ហាប្រឈមទាំងអស់តែគ្នា»។

បុរសវ័យ៣៩ឆ្នាំ ដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះ បន្ថែមថា៖ «ខ្ញុំការពាររហូតដែរហ្នឹង! ពេលដែលកូនបាញ់អាល់កុលដាក់ ហើយចុះពីលើម៉ូតូ ចង់ស្រក់ទឹកភ្នែក អាណិតកូន បើសិនបើយើងម៉េចៗ។ បើសិនជាយើងមានការឆ្លងមែន អាណិតដល់កូននៅ​ផ្ទះ គាត់អត់ដឹងរឿង»។ 

បុគ្គលិកផ្នែកអ៊ុតនៅរោងចក្រ ហាយថេក លោក ទេព ចាន់គ្រឹះស្នា វ័យ៣៧ឆ្នាំ ឱ្យដឹងថា កម្មករមួយចំនួនបារម្ភខ្លាចឆ្លង ហើ​យ​​ស្នើច្បាប់ឈប់សម្រាកមួយរយៈ បន្ទាប់ពីពួកគេឮថាមានអ្នកនៅតំបន់ក្រហមចូលមកធ្វើការក្នុងរោងចក្រ ប៉ុន្តែខាងរោងចក្រមិនអនុញ្ញាត ដោយសារមិនមានចែង​ក្នុងច្បាប់។

លោកបន្ថែមថា៖ «ដល់ពេលអ៊ីចឹង តែក្នុងរោងចក្រនេះ គេដឹងក៏គេនាំ គេអត់ឱ្យធ្វើការទេ គេឱ្យទៅកន្លែងធ្វើចត្តាឡីស័ក។ គ្រាន់តែដឹងភ្លាម គេឱ្យ​ទៅ​ភ្លាម។ អ៊ីចឹងគ្នាចេះតែភ័យបារម្ភទៅ អ្នកធ្វើការដែលនៅតំបន់ខៀវ គ្នាចេះតែភ័យបា​រម្ភអ៊ីចឹងទៅណា ខ្លាចឆ្លង»។

ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ លោក សាន វុទ្ធី ចាត់ទុកការដែលមានអ្នកនៅតំបន់ក្រហមអាចចេញ-ចូលមកធ្វើការនៅរោងចក្រខាងក្រៅ គឺដោយភាពខ្វះចន្លោះក្នុងការអនុវត្តវិធានការបិទខ្ទប់របស់សមត្ថកិច្ច ដែ​លនាំឱ្យកម្មករក្នុ​ងរោងចក្រមា​​​​នការភ័យខ្លាច។

លោកនិយាយថា៖ «ខ្ញុំអត់យល់ពីការអនុវត្តច្បាប់របស់អាជ្ញាធរដែរ ធ្វើឱ្យបុគ្គ​លិកជាច្រើន ជាង៤ ០០០នាក់មានការព្រួយបារម្ភ ពា​ក់ព័ន្ធនឹងអ្នកដែលនៅតំបន់បិទខ្ទប់ក្រហមហ្នឹងដែលពួកគាត់អាចមកធ្វើការបាន។ យូរៗទៅ ពួកគាត់ខ្លាចតែគ្នាឯង វាធ្វើឱ្យច្របូកច្របល់»។  

ករណីនេះ​ លោកបានស្នើទៅភាគីរោងចក្រឱ្យផ្អាកដំណើរការចង្វាក់ផលិតកម្មបណ្តោះអា​សន្នតាមសំណើរបស់កម្មករ ប៉ុន្តែ​​ភាគីរោងចក្របដិសេធ ដោយថា ចង្វាក់ផលិតកម្មឋិតក្នុងដំណាក់កាលមមាញឹកតម្រូវតាមការ​​​​ប​ញ្ជាទិញ។

លោក សាន វុទ្ធី និយាយថា៖ «យើងពិបាកបង្ខំទៅកាន់ក្រុមហ៊ុនឱ្យគាត់ធ្វើតាមបុគ្គលិក ព្រោះយើងអត់មានសិទ្ធិអំ​ណាចណាទៅ​បង្គាប់ឱ្យក្រុមហ៊ុនបញ្ឈប់ផលិតភាពរបស់ខ្លួននោះទេ លុះត្រាតែមានលិខិតបទដ្ឋានណាមួយដែលណែនាំពីក្រ​សួងឬមន្ទីរការ​ងា​រ ទើបយើងមានសិទ្ធិជំរុញបន្ថែម»។ 

អធិការរងនគរបាលក្រុងប៉ោយប៉ែតមួយរូបដែលប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានច្រានចោលចំពោះការលើកឡើងថា មានអ្នកនៅក្នុងតំបន់ក្រហមអាចចេញទៅខាងក្រៅបាន។ លោកថា សមត្ថកិច្ច​បានដាក់​របាំង​ឃាំងនិង​យាម​​កាម២៤ម៉ោងនៅតាមផ្លូវនិងច្រកចេញចូលតំបន់ហាមឃាត់។

លោកបញ្ជាក់​ថា៖ «អាហ្នឹងតំបន់បិទខ្ទប់ យើងអត់បានបង។ តែនៅក្នុងហ្នឹងគឺនៅក្នុងហ្នឹង ចូលអត់ឱ្យចូល ចេញអត់ឱ្យចេញ»

ដោយឡែក លោក សុខ វឌ្ឍនា កម្មករបម្រើការផ្នែកផលិតនៅរោងចក្រ ML Intimate ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា អ្នកគ្រ​ប់គ្រងរោងចក្របានស្នើឱ្យ​បុគ្គលិកនិងកម្មករទាំងអស់ដែលមានចំនួនសរុបជាង៦០០​នាក់ ស្នាក់នៅបន្ទប់ជួលក្បែររោងចក្រ និងចៀសវាងចូលតំបន់ផ្ទុះជំ​ងឺ​​។

លោក​និយាយថា៖ «មុនហ្នឹង មានអ្នកជួលខាងក្រៅ ប៉ុន្តែទម្រាំមួយរយៈពេលដែលមានបញ្ហាហ្នឹងមក គឺខាងរោងចក្រស្នើ​ឱ្យមកនៅជិតរោងចក្រទាំងអស់ ដើម្បីការពារអាជំងឺហ្នឹង ព្រោះវាកើតនៅកណ្តាលក្រុង»។

យ៉ាងណា លោកថា លោកនៅតែមានការប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺឆ្លងជានិច្ច ដោយសារលោកមិនអាចមើលដឹងថា ន​រណាមានផ្ទុកឬមិនមានផ្ទុកនោះទេ។

លោក សុខ វឌ្ឍនា៖ «ព្រោះយើងមើលអត់ឃើញដូចគ្នាអាបញ្ហាហ្នឹង! យើងមិនដឹងអ្នកណាកើត អ្នកណាមិនកើត យើ​ង​អត់ដឹងទេណា! អ៊ីចឹងគ្រប់គ្នាត្រូវប្រយ័ត្ន គេប្រកាសឱ្យប្រយ័ត្នៗរាល់ថ្ងៃដែរហ្នឹង ព្រោះអាហ្នឹងវាឆ្លងលឿន»

ប្រធានសហជីពកម្មករនិយោជិតប្រចាំនៅរោងចក្រ កៅវ៉េ ក្រុងបាវិត ខេត្តស្វាយរៀង លោក ទៀត សំអាត លើកឡើងថា កម្មករនិយោជិតប​ម្រើ​​​​​ការនៅរោងចក្រនេះនៅតែបន្តការងារតាមធម្មតា ហើយពួកគាត់នៅតែធ្វើ​​ដំណើរទៅធ្វើការ​តាមរថយន្តឬរ៉ឺម៉ក។

លោកបន្ថែមថា លោកមានការបារម្ភចំពោះលទ្ធភាពនៃការឆ្លងរាលដាលនៃជំងឺ និងបានណែនាំដល់កម្មករទាំងអស់ឱ្យចេះប្រុងប្រ​យ័ត្ន និងការពារខ្លួននៅពេលធ្វើដំណើរតាមរថយន្ត និងនៅពេលឋិតនៅទីកន្លែងដែលមានមនុស្សច្រើនកកកុញ។

លោក សំអាត និយាយថា៖ «រោងចក្រគាត់គិតថាប្រហែលជាអត់អ៊ីចឹង ដូចថាដំណើរការធម្មតាអ៊ីចឹង ហើយពីស្ថានភាពពីក​ម្មករទូទៅនៅរោងចក្រដែលខ្ញុំគ្រប់គ្រងអ៊ីចឹង គឺគាត់សុទ្ធតែអ្នកការពារ ហើយម្នាក់ៗសុទ្ធតែមានអាល់កុល មានអីការពារជាប់ហោ​ប៉ៅអ៊ីចឹង»

កម្មការិនីផ្នែកបើកអីវ៉ាន់នៅរោងចក្រ កៅ វ៉េ ក្នុងក្រុងបាវិត ឈ្មោះ យ៉ុន ចាន់ស៊ី ប្រាប់ថា គាត់បារម្ភខ្លាចជំងឺឆ្លងពីតំបន់​ផ្ទុះ ដោ​យសារមានអ្នកប៉ះប្រយោលនឹងអ្នកជំងឺដែលធ្វើការនៅកាស៊ីណូ ខណៈគាត់នៅបន្តការងារដោយមិនអាចរក្សាគម្លាតសុវត្ថិភាពបាន។

កម្មការិនីរូបនេះបន្ថែមថា៖ «អ្នកដែលប្រយោលៗប៉ុន្មាន ប្រហែលជាច្រើនដែរ។ មានអ្នកខ្លះគាត់ចូលមកធ្វើការវិញ អត់មានអីទេ។ គ្រាន់តែយើងភ័យខ្លាចៗទៅ ស្រួលមិនស្រួលទៅ ចេះតែការពារៗ ពាក់ម៉ាស បាញ់អាល់កុល លាងដៃ»

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងភាគីតំណាងរោងចក្រ​ទាំងនោះបានទេ នៅថ្ងៃអង្គារនេះ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក គង់ អាទិត្យ លើកឡើងថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាល ថៅកែរោងច​ក្រ និងភាគីពាក់ព័ន្ធ អាចនឹងយឺតពេលក្នុងការរួមគ្នាដោះស្រាយបញ្ហាគម្លាតសុវត្ថិភាពនិងគ្រោះថ្នាក់ក្នុងពេលធ្វើដំណើររ​បស់កម្មកររោងចក្រ ដោយសារបញ្ហានេះត្រូវការប្រើរយៈពេលយូរ។

យ៉ាងណា​ លោកស្នើ​ដល់​ក្រសួងការងារ និងខាង​រោងចក្រ គួរតែពង្រឹងវិធានការដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល​ឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា នៅពេ​លមានករណីឆ្លងកើតឡើងនៅក្នុងរោងចក្រ។

លោក គង់ អាទិត្យ បន្ថែមថា៖ «តាមដានកុំឱ្យបណ្តោយ! ឧទាហរណ៍ចៃដន្យអីឃើញអ្នកណាម្នាក់ក្តៅខ្លួនអី ក្តៅអ៊ីចឹង យើងកុំទុកប្រហែសដូចរោងចក្រដែលមានបទពិសោធន៍​កន្លងមក អាហ្នឹងអ៊ីចឹងហើយ។ បើថាទៅកែប្រព័ន្ធឡាន ទៅកែប្រព័ន្ធអី ឥលូវហ្នឹ​ងទៅកែម៉េចចេញ មានអីត្រូវកែ ឱ្យគាត់ជិះអីគេ?»

កាលពីសប្តាហ៍មុន សហជីពមួយចំនួនបានអំពាវនាវដល់​​រដ្ឋាភិបាលពិចារណាផ្អាកដំណើរការរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ​ទាំងអស់ជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់រលកចម្លងជំងឺកូវីដ-១៩ ដែលបានឆ្លង​រាល​ដាលដល់រោងចក្រជាង២០០នៅ​ក្នុងរាជធានី-ខេត្តចំនួន៧ ប៉ុន្តែករណីនេះ ​ត្រូវបានអ្នកនាំពាក្យក្រសួងការងារ ច្រានចោល ដោយថា ការបិទទ្វាររោងចក្រជាបណ្តោះអាសន្ន​ គឺអាស្រ័យលើ​ករណី​ឆ្លង​ក្នុងរោងចក្រនីមួយៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ