មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​ក្រប​ខណ្ឌដោយ​សារ​ល្មើស​បម្រាម​បិទ​ខ្ទប់​

បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថបានឱ្យដឹងថា ថ្នាក់ដឹកនាំបានសម្រេចបណ្តេញមន្ត្រីកងរាជ​អាវុធហត្ថម្នាក់ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារល្មើសបម្រាមរដ្ឋាភិបាលបិទខ្ទប់ ព្រោះបានចេញចូលទៅតំបន់ក្រហមឬតំបន់ដែលមានការផ្ទុះកូវីដ-១៩ខ្លាំង ហើយការលុបឈ្មោះចេញពីក្របខណ្ឌនេះគឺជាការព្រមានដល់មន្ត្រីផ្សេងទៀតកុំឱ្យយកគំរូតាម។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក អេង ហ៊ី មានប្រសាសន៍ថា កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីយោធិនឬកងរាជអាវុធហត្ថម្នាក់ឈ្មោះ ហម វុទ្ធី មិនបានទៅយាមប្រចាំការគោលដៅ​ ហើយមិនបានរាយការណ៍សុំច្បាប់ត្រឹមត្រូវទៅថ្នាក់លើរបស់ខ្លួនឡើយ និងបានចេញចូលទៅតំបន់ក្រហមដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង ដោយមិនមានការអនុញ្ញាតទៅវិញ។

លោកបន្តថា ដើមចមដែលនាំឱ្យថ្នាក់លើបណ្តេញយោធិនម្នាក់នេះចេញពីក្របខណ្ឌកងទ័ព ដោយសារខ្លាចបុគ្គលនោះ នាំជំងឺឆ្លងកូវីដ-១៩ ចូលមកក្នុងបន្ទាយ ធ្វើឱ្យ​ឆ្លងដល់កងកម្លាំងផ្សេងទៀត ប្រសិនបើ​រកឃើញវិជ្ជមានកូវីដ-១៩​ និងជាសារព្រមានដល់មន្ត្រីផ្សេងទៀតកុំឱ្យ​យកគំរូតាម​។

លោកមានប្រសាសន៍ថា៖ «​ត្រូវបណ្តេញគាត់ចេញទាំងយប់ហើយ ចាំយើងបន្តនីតិវិធីបន្ត ព្រោះអីកាលណាបុគ្គលនោះ ឧបមាថាបុគ្គលហ្នឹងពិនិត្យទៅឃើញថាមានកូវីដ-១៩ អញ្ចឹងអ្នកដែលនៅក្នុងបន្ទាយទាំងអស់ ហើយដេកជាមួយគាត់ ត្រូវធ្វើចត្តាឡីសក័អស់ហើយ។ កាលណាធ្វើចត្តាឡីស័កអស់ កម្លាំងរបស់យើងកាន់តែអត់មាន ខើចហើយ យើងត្រូវរក្សាកម្លាំង យើងត្រូវធ្វើម៉ឺងម៉ាត់ ពាក់ព័ន្ធជាមួយនឹងវិន័យ ត្រូវតែអនុវត្ត ដើម្បីកុំឱ្យបុគ្គលផ្សេងទៀតអនុវត្តតាម»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាស៍គាំទ្រនឹងវិធានការបណ្តេញមន្ត្រីក្រោមឱវាទដែលមិនគោរពបម្រាមរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដោយលោកចាត់ទុកការបណ្តេញចេញនេះជាសារមួយព្រមានដល់មន្ត្រីផ្សេងទៀត ត្រូវគោរពតាមវិន័យកងទ័ពនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាដើម។

ទោះជាយ៉ាងនេះក្តី លោក អំ សំអាត អំពាវនាវទៅរដ្ឋាភិបាលអនុវត្តច្បាប់លើមន្ត្រីក្រោមឱវាទនោះឱ្យមានតម្លាភាពរវាងមន្ត្រីយោធិនតូចតាច និងមន្ត្រីដែលមានឋានន្តរសក្តិខ្ពស់ជាដើម ទើបរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទទួលបានប្រសិទ្ធភាពខ្ពស់។

លោកអំពាវនាវថា៖ «ទាក់ទងនឹងកងកម្លាំងអ្នកដែលអនុវត្ត អ្នកដែលបង្កើនកិច្ចការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវតែគោរពតាមគោលការណ៍ គោរពតាមតួនាទីរបស់ខ្លួន ហើយបើអ្នកណាប្រព្រឹត្តនូវបម្រាម ធ្វើខុសនឹងវិន័យរបស់កងកម្លាំងនៅពេលនេះ ត្រូវតែអនុវត្តឱ្យបានស្មើភាពគ្នា ជាគំរូល្អសម្រាប់ការអនុវត្តនោះ»។

កាលពីថ្ងៃទី៣ ខែឧសភានេះ ប្រមុខរដ្ឋាភិបាលបាន​ចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ក្រោយតំបន់ទាំងពីរនេះបានបិទខ្ទប់អស់រយៈពេលប្រមាណ២០ថ្ងៃមកហើយ ដោយជំនួសមកនូវវិធានការថ្មីៗ និងបង្រួមតំបន់បិទខ្ទប់ឱ្យតូចជាងមុន​ ធ្វើយ៉ាងណាសំដៅ​ទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩។ ​

កាលពីថ្ងៃទី២២ ខែមេសា អតីតមន្ត្រីយោធា​ផ្កាយពីរ លោក ស៊ុំ ពៅ និងបក្ខពួក៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងក្រោយមក រដ្ឋាភិបាលលុបឈ្មោះមន្ត្រីជាន់ខ្ពស់យោធារូបនេះចេញពីក្របខណ្ឌផងដែរ។ ​សំណុំរឿងអតីតមន្ត្រីយោធាផ្កាយពីរ និងបក្ខពួក ត្រូវបាន​បញ្ជូនទៅតុលាការខេត្តស្វាយរៀង ដោយ​ចោទពីបទជួញដូរមនុស្ស។ ការចោទប្រកាន់នេះ បន្ទាប់ពីរកឃើញថា ពួកគេទាំងនោះបានប្រើប្រាស់រថយន្ត៤គ្រឿងដឹក​ជនជាតិ​ចិន​២​៨​នាក់​ចេញពីតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ប្រឆាំងនឹងបម្រាមរដ្ឋាភិបាល ដើម្បីឆ្ពោះ​ទៅកាន់ខេត្តស្វាយរៀង។

បន្ទាប់មកទៀត កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តកណ្តាលដែលកំពុង​​យាម​ប្រចាំការនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងអំឡុងបិទខ្ទប់​ក្រុងតាខ្មៅ បានឃាត់ខ្លួន​មនុស្ស​៣នាក់ ក្នុងនោះមាន​លោក គឹម ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ខណៈដែលជនទាំង៣នាក់បាននាំគ្នា​បើករថយន្តបម្រុងឆ្លងកាត់គោលដៅហាមឃាត់ក្នុងស្ថានភាពស្រវឹងស្រា និងល្មើសបម្រាម​បិទខ្ទប់ទៀតផង​។​

ក្រោយមក នៅថ្ងៃទី២៦ ខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានសម្រេចដក​ឋានន្តរសក្តិ និងលុប​ឈ្មោះវរសេនីយ៍ត្រី គឹម ពិសិដ្ឋ ​ចេញពីក្រប​ខណ្ឌនៃកង​យោធពលខេមរភូមិន្ទផងដែរ។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ឱ្យដឹងថា គិតត្រឹមចុងខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន២៣៦នាក់ដែល​បាន​ល្មើស​ទៅ​នឹង​បម្រាម​បិទ​ខ្ទប់​រាជ​ធានីភ្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងចំណោមនោះ មាន៦នាក់ត្រូវបានតុលាការចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ