តុលាការ​​ផ្តន្ទា​ទោស​​ស្ថាបនិក​និង​សកម្ម​ជន​មាតា​ធម្មជាតិ​៤​នាក់​ពី​១៨​ទៅ​២០​ខែ​ ពាក់ព័ន្ធ​បទ​ញុះញង់​និង​សម​គំនិត​

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

​សកម្មជនបរិស្ថាននៃ​ចលនាមាតាធម្មជាតិ ចំនួន៣នាក់​ ត្រូវបានតុលាការ​ក្រុងភ្នំពេញសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី១៨ទៅ២០ខែ ក្រោមបទ«ញុះញង់»លើសកម្មភាពរបស់ពួកគេ ខណៈដែលពីរនាក់ទៀត រួមទាំងស្ថាបនិកនៃចលនាមាតាធម្មជាតិ ក៏ត្រូវបានតុលាការកាត់ទោសកំបាំងមុខផងដែរ។ ​

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនាព្រឹកថ្ងៃពុធនេះ នៅក្នុងបន្ទប់សវនាការដែលបំពាក់ដោយកញ្ចក់អេក្រង់ប្លាស្ទិក ស្របតាមវិធានការ​បង្ការការពារកូវីដ-១៩។ លោកចៅក្រមជំនុំជម្រះ លិ សុខា ពាក់របាំងមុខ បានអានសាលក្រមនៅពេលដែលជនជាប់ចោទទាំង៣នាក់ គឺកញ្ញា ភួន កែវរស្មី, កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា បានក្រោកឈរ ហើយលើកដៃ។

លោក លិ សុខា បានបញ្ជាក់ថា ផ្អែកលើភស្តុតាង សាក្សី និងចម្លើយរបស់ជនជាប់ចោទ សាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា អ្នកទាំង៣មានពិរុទ្ធភាពពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

លោក ថុន រដ្ឋា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់៤លានរៀល ឬប្រហែល១០០០ដុល្លារ ពីបទញុះញង់រំខានដល់សន្តិសុខសង្គម។ ចំណែកស្ថាននិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ​ដែលត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា​កាលពីឆ្នាំ២០១៥ ត្រូវបានផ្តន្ទាទោសដូចគ្នាទៅនឹងលោក រដ្ឋា ដែរ ពីបទល្មើសសមគំនិត។

ដោយឡែក កញ្ញា ភួន កែវរស្មី ​និង កញ្ញា ឡុង គន្ធា ដែលមានវត្តមាននៅក្នុងសវនាការ ព្រមទាំងកញ្ញា គន្ធីន ដែលមិនមានវត្តមានក្នុងសវនាការនោះ ត្រូវបានតុលាការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យប្រាក់ជា៤លានរៀលដូចគ្នា។

តុលាការក៏បានចេញដីកាចាប់ខ្លួន​ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច និងកញ្ញា ជា គន្ធីន ព្រមទាំងបានបញ្ជាឱ្យរឹបអូសសម្ភាររបស់ពួកគេថែមទៀតផង។

លោក ថុន រដ្ឋា បាននិយាយខ្លាំងៗទៅកាន់អ្នកសារព័ត៌មាននៅពេលគាត់ចាកចេញពីបន្ទប់សវនាការថា ការសម្រេចនេះជារឿងអយុត្តិធម៌ណាស់ ដោយសារ​ការកាត់ទោសមនុស្សដែលគ្រាន់តែយកចិត្តទុកដាក់លើបញ្ហាធនធានធម្មជាតិ។

លោកថា៖ «តុលាការខ្មែរ គឺបែបនេះហើយ! សូមប្រាប់ប្រជាជនខ្មែរ ថាយើងនៅតែរឹងមាំ។»

អ្នកស្រី ប៉ាត់​ រស្មី ដែលអះអាងថាជាភរិយារបស់លោក ថុន រដ្ឋា និយាយថា ស្វាមីគាត់មិនបានប្រព្រឹត្តខុសដូចតុលាការចោទប្រកាន់នោះទេ ពីព្រោះគាត់ធ្វើការងារដើម្បីការពារផលប្រយោជន៍បរិស្ថាននិងសង្គមជាតិតែប៉ុណ្ណោះ។

អ្នកស្រីនិយាយថា៖ «តុលាការផ្តន្ទាទោសប្តីខ្ញុំរយៈពេល២០ខែ វាជារឿងអយុត្តិធម៌មែនទែន! ដោយអ្នកការពារធនធានធម្មជាតិត្រូវបានជាប់ទោស ហើយអ្នកបំផ្លាញត្រូវបានរស់នៅសុខស្រួល»។

ទោះជាបែបនេះក្តី អ្នកស្រីអះអាងថានឹងពិភាក្សាជាមួយមេធាវី ដើម្បីដាក់ពាក្យប្តឹងជំទាស់សាលក្រមរបស់សាលាដំបូងនាពេលឆាប់ៗខាងមុខនេះ។

មេធាវីការពារក្តីឱ្យជនជាប់ចោទ លោក សំ ចំរើន មានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយកូនក្តី ថាតើត្រូវប្តឹងជំទាស់នឹងសាលក្រមនេះទៅឧទ្ធរណ៍ឬយ៉ាងណា។

មន្ត្រីផ្នែកតស៊ូមតិគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា សង្កេតឃើញថា អ្នកដែលចេញមុខឈឺឆ្អាលរឿងអយុត្តិធម៌ក្នុងសង្គម តែងតែរងការចោទប្រកាន់ពីអាជ្ញាធរ និងផ្តន្ទាទោសដាក់ពន្ធនាគារជាដើម ជាពិសេស រួមទាំងករណីសកម្មជនបរិស្ថាន៣រូបនោះផងដែរ។

លោក ម៉ាឡា បន្តថា រដ្ឋាភិបាលនិងស្ថាប័នឯករាជ្យ ជាពិសេសតុលាការ គួរតែលើកតម្កើងដល់សកម្មជនដែលតែងតែឈឺឆ្អាលរឿងអយុត្តិធម៌និងការពារធនធានធម្មជាតិនៅក្នុងសង្គម ដោយកុំចាត់ទុកពួកគេជាឆ្អឹងទទឹងកបែបនេះ។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលក្តី ក៏ដូចជាស្ថាប័នរដ្ឋពាក់ព័ន្ធដទៃទៀត មិនគួរចាត់ទុកអ្នកការពារបរិស្ថានជាគូបដិបក្ខ ឬក៏ជាក្រុមដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ឬអំណាចរបស់ខ្លួនទេ។ ប៉ុន្តែចាត់ទុកពួកគាត់ថា ជាភ្នែកច្រមុះ ជាអ្នកដែលមានចូលរួមចំណែកដោះស្រាយ ដើម្បីផ្សព្វផ្សាយពីការយល់ដឹងទាក់ទងនឹងបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល»។

សកម្មជនបរិស្ថានទាំងបីរូប រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ បន្ទាប់ពីពួកគេបានប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីវត្តភ្នំទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ឱ្យបញ្ឈប់ការលុប«បឹងតាមោក»ជាបន្ទាន់ ដោយថា នោះជាបឹងធម្មជាតិធំជាងគេនិងសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ