អ្នក​នាំ​ពាក្យ​៖​ ភ្លៀង​លាយ​ទឹក​កក​យប់​មិញ​ជា​ «កំណួច​ម៉ាស់​ខ្យល់​ពីរ​ប៉ះ​គ្នា» ដែល​កម្រ​​ជួប​

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក នៅស្រុកមួយនៃកោះកុង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)

ភ្លៀងលាយទឹកកកដែលគេកម្រឃើញមាននៅកម្ពុជា កាលពីយប់ថ្ងៃទី៥ ឧសភា គឺជាបាតុភូតម៉ាស់ខ្យល់ពីរប៉ះគ្នា (Convergent) ដែលគេកម្រឃើញកើតមាននៅលើតំបន់អាងទន្លេមេគង្គ ជាពិសេសគឺនៅក្នុងប្រទេសកម្ពុជា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានពន្យល់ថា កំណួចម៉ាស់ខ្យល់ពីរនេះបានធ្វើដំណើរយ៉ាងលឿនចេញពីប្រទេសវៀតណាម ឆ្ពោះមកកាន់ប្រទេសកម្ពុជា កាត់តាមខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង នឹងធ្លាក់ទៅសមុទ្រនៃខេត្តកោះកុងវិញ។

បើតាមលោក ចាន់ យុត្ថា បាតុភូតបែបនេះ គេកម្រឃើញកើតមានខ្លាំងណាស់ ហើយ​វាមិនមែនជាខ្យល់ព្យុះ ហើយក៏មិនមែនជាបាតុភូតខ្យល់កន្ត្រាក់ដែរ ពីព្រោះឥទ្ធិពលរបស់កំណួចម៉ាស់ខ្យល់ពីរប៉ះគ្នានេះ វាមានកម្លាំងខ្លាំង និងល្បឿនលឿនជាងព្យុះឬខ្យល់កន្ត្រាក់ធម្មតា។

លោក ចាន់ យុត្ថា បានពន្យល់យ៉ាងដូច្នេះថា៖ «ជា Convergent កំណួចខ្យល់ ហើយកំណួចខ្យល់ហ្នឹងកើតពីម៉ាស់ខ្យល់ពីរប៉ះគ្នា កម្រណាស់មាន Convergent តូចៗទេ នៅក្នុងតំបន់ណាមួយ នៅពេលកើតប្រព័ន្ធសម្ពាធទាបនៅតំបន់ណាមួយដែលអាចកើតមាន តែនេះវាមានលក្ខណៈទ្រង់ទ្រាយធំ ហើយដូចខ្ញុំបញ្ជាក់ជូន គឺវាធ្វើដំណើរតាំងពីប្រទេសវៀតណាម ហើយកាត់ប្រទេសយើង»។

បើតាមរបាយការណ៍ជាបឋម យ៉ាងហោចណាស់មានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់សិបខ្នងបានរងការខូចខាត និងដើមឈើរាប់សិបដើមបានបាក់ ក្នុងនោះ ខេត្តកំពង់ស្ពឺ ប៉ះពាល់ធ្ងន់ធ្ងរជាងគេ ទៅលើផ្ទះប្រជាពលរដ្ឋ១១៤ខ្នង នៅក្នុងស្រុកចំនួន៤ គឺស្រុកសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧដុង្គ។ នេះបើតាមការបញ្ជាក់ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យាយមួយគាត់អាយុ៧១ឆ្នាំ ព្រឹកមិញហ្នឹង គាត់ថា កាលពីគាត់នៅក្មេង គាត់ធ្លាប់ជួបម្តងដែរអាខ្យល់ហ្នឹងដែលធ្លាក់ទឹកកកហ្នឹង ប៉ុន្តែវាមិនធ្ងន់អ៊ីចឹងទេ ដល់ពេលអាយប់មិញនេះគឺធ្ងន់ធ្ងរមែនទែន អ៊ីចឹងអានេះវាជាការប្រែប្រួលអាកាសធាតុមួយដែលយើងមើលឃើញជាសកល»។

ដោយឡែក មេឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល លោក ហ៊ុន សុន បានថ្លែងថា ភ្លៀងលាយទឹកកនិងខ្យល់កន្ត្រាក់នេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋជាង៣០ខ្នង និងរោងចិញ្ចឹមមាន់ជិត២០រោង ស្ថិតនៅក្នុងភូមិចំនួន១០។

លោក ហ៊ុន សុន បានថ្លែងថា តាំងពីកើតមក លោកមិនដែលជួបប្រទះបាតុភូតបែបនេះឡើយ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អត់ដែលឃើញមានទេ ពូតាំងពីកើតមក ពូអត់ដែលជួបប្រទះដែរ ទើបលើកទីមួយហើយ មិនបានឃើញផ្ទាល់ភ្នែក តែប្រជាពលរដ្ឋបានបង្ហោះឱ្យមើលឃើញថា ដូចយើងទឹកកកអនាម័យដាក់កាហ្វេអ៊ីចឹង។ យើងរាយការណ៍ទៅ [ស្ថាប័នដែលគ្រប់គ្រងផ្នែក]គ្រោះមហន្តរាយខេត្តហើយអូន»។

គិតត្រឹមល្ងាចថ្ងៃទី៦ ខែឧសភានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថានៅមិនទាន់ទទួលបានរបាយការណ៍បូកសរុបលើការខូចខាតដោយសារបាតុភូតនេះនៅឡើយទេ។​

យ៉ាងណាក្តី លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់និងរន្ទះបាញ់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ បានធ្វើឱ្យប៉ះពាល់ដល់ខេត្តចំនួន៩។ ក្នុងនោះ លោកថា ខ្យល់កន្ត្រាក់បានធ្វើឱ្យរលំផ្ទះចំនួន១៦ខ្នង របើកដំបូលផ្ទះចំនួន៤៤៦ខ្នង និងសាលារៀនចំនួន២ខ្នង ស្ថិតនៅក្នុងខេត្តបាត់ដំបង។ ចំណែកគ្រោះថ្នាក់រន្ទះបាញ់ នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ បានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងគោ៦ក្បាលងាប់ នៅក្នុងខេត្តបាត់ដំបង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ