ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងរបស់អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វ៉េង ហៀង បន្ទាប់ពីមានសំណើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សំណើដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំឱ្យព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងរបស់លោក វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺក្រោយពីលោក វ៉េង ហៀង បានរងការចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតតាមប្រព័ន្ធតេឡេក្រាមថា នៅនាយកដ្ឋានពេទ្យការងារមានវេជ្ជបណ្ឌិតពីរនាក់ឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី (ពីប្រទេសឥណ្ឌា) នៅពេលដែលវេជ្ជបណ្ឌិតទាំងពីររូបនោះបានចាក់វ៉ាក់សាំងឱ្យកម្មករ។
ប៉ុន្តែតាមរយៈសារសំឡេងដែលផ្សព្វផ្សាយតាមបណ្ដាញសង្គម អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានបដិសេធចំពោះការលើកឡើងរបស់លោក វ៉េង ហៀង ថាជាព័ត៌មានមិនពិតនិងមិនជាក់លាក់ដូចការលើកឡើងរបស់លោក វ៉េង ហៀង នោះទេ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ពិតជាមានវេជ្ជបណ្ឌិត២រូបឆ្លងកូវីដ-១៩ មែន តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើវេជ្ជបណ្ឌិតដែលវិជ្ជមានកូវីដ-១៩នោះ ឆ្លងពីប្រភពណានៅឡើយទេ។
បើតាមលោក ហេង សួរ វេជ្ជបណ្ឌិតដែលឆ្លងជំងឺកូវីដ-១៩នេះ មិនមែនជាគ្រូពេទ្យទទួលបន្ទុកការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យកម្មករនោះឡើយ។
លោក ហេង សួរ បានចាត់ទុកការលើឡើងរបស់លោក វ៉េង ហៀង ថាបានប្រាសចាកពីការពិតទាំងស្រុង ហើយថា ការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញស្ថានភាពជំងឺនិងរូបថតរបស់គ្រូពេទ្យទាំង២រូបនេះ ថាជាការរំលោភលើកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គល។
លោក ហេង សួរ បញ្ជាក់ថា៖ «អ្វីដែលឯកឧត្តម វ៉េង ហៀង និយាយនេះ គឺជាការមួលបង្កាច់ការពិតផង បង្កការយល់ច្រឡំទៅដល់សាធារណជនផង ហើយក៏មិនបានលើកទឹកចិត្តទៅដល់មន្ត្រីនៅក្រោមឱវាទឱ្យទទួលបានភាពកក់ក្តៅពីគាត់ផង»។
វីអូឌី នៅមិនទាន់អាចទាក់ទងសុំការឆ្លើយតបពីលោក វ៉េង ហៀង ដែលត្រូវបានរងការចោទប្រកាន់នេះបាននៅឡើយទេ គិតត្រឹមថ្ងៃសៅរ៍នេះ៕