លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានអំពាវនាវទៅម្ចាស់ផ្ទះជួលទាំងអស់កុំឱ្យទារថ្លៃឈ្នួលផ្ទះពីកម្មករ-កម្មការិនីដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
នៅក្នុងសារសំឡេងដែលត្រូវបានគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គមនៅថ្ងៃសៅរ៍ ទី៨ ខែឧសភានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវទៅអាជ្ញាធរអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកភ្នំពេញ អនុគ្រោះការបង់ថ្លៃទឹកនិងថ្លៃភ្លើងពីកម្មករនៅក្នុងតំបន់បិទខ្ទប់ផងដែរ។
ការអំពាវនាវនេះបានធ្វើឡើងក្រោយពីកម្មករ-កម្មការិនី ស្ថិតនៅក្នុងតំបន់បិទខ្ទប់ បានផ្ទុះការតវ៉ា ក្រោយពីម្ចាស់ផ្ទះជួលនិងបន្ទប់ជួលបានទារថ្លៃឈ្នួលផ្ទះនិងបន្ទប់ពីពួកគេ ខណៈដែលរោងចក្រនៅមិនទាន់បើកប្រាក់ឈ្នួលឱ្យពួកគេនៅឡើយនោះ។
តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកបានដឹងពីការលំបាករបស់ភាគីម្ចាស់ផ្ទះនិងម្ចាស់បន្ទប់ជួលខ្លះដែលជាប់បំណុលធនាគារ ហើយត្រូវការបង់ប្រាក់រម្លស់ទៅធនាគារ ប៉ុន្តែក្នុងករណីនេះ លោកស្នើទៅម្ចាស់ផ្ទះនិងបន្ទប់ជួលយោគយល់ដល់កម្មករនៅក្នុងតំបន់បិទខ្ទប់ទូទាំងប្រទេស កុំឱ្យទារប្រាក់ថ្លៃឈ្នួលផ្ទះនិងបន្ទប់ជួល។
លោកថា៖ «ខ្ញុំអង្វរករម្ចាស់ផ្ទះនិងបន្ទប់ជួលទាំងឡាយ សូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករ-កម្មការិនី ក្នុងពេលកម្មករ-កម្មការិនីមិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ហើយបើសិនម្ចាស់ផ្ទះឈ្នួលទាំងឡាយអាចនឹងធ្វើទៅបាន រួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ-កម្មការិនីរបស់យើង ឧទាហរណ៍ ការបញ្ចុះថ្លៃប្រាក់ថ្លៃឈ្នួលផ្ទះដែលកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិចឬចំនួនច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបាន ក្នុង១ខែ ២ខែ ឬ៣ខែ ក៏សូមធ្វើការលើកលែង»។
ក្រៅពីអំពាវនាវឱ្យម្ចាស់ផ្ទះនិងបន្ទប់ជួលផ្អាក និងកុំឱ្យទារថ្លៃផ្ទះ រួមទាំងបន្ទប់ជួលពីកម្មករនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើទៅអាជ្ញាធរអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកភ្នំពេញ ពិនិត្យមើលលទ្ធភាពអនុគ្រោះថ្លៃទឹកភ្លើងសម្រាប់កម្មករ-កម្មការិនីនៅក្នុងតំបន់បិទខ្ទប់ផងដែរ។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានចេញសេចក្ដីជូនដំណឹងមួយ ដោយជំរុញឱ្យប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ព្យាយាមបង់ថ្លៃភ្លើងឱ្យបានទាន់ពេលវេលា តាមរយៈធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូសហការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដោយគ្មានការលើកលែងឬពន្យារពេលឡើយ។
កម្មករម្នាក់ធ្វើការនៅរោងចក្រ ឌីន ហាន់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ លោក ស្ដើង ស៊ាង គាំទ្រចំពោះការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះ។
កម្មករផ្នែកជាងភ្លើងរូបនេះបន្តថា កន្លងមក ម្ចាស់ផ្ទះជួលរបស់លោកធ្លាប់បានបញ្ចុះថ្លៃបន្ទប់ជួលចំនួន១០ដុល្លារក្នុងមួយបន្ទប់ ប៉ុន្តែចំនួននេះនៅតិចតួចនៅឡើយ។
លោកបន្តថា ពួកគាត់ចង់ឱ្យម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ៥០ភាគរយ ដោយសារតែចាប់តាំងពីអាជ្ញាធរបិទខ្ទប់កាលពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភានេះ ពួកគាត់មិនទាន់បានចូលធ្វើការងារវិញឡើយទេ។ ប៉ុន្តែម្ចាស់ផ្ទះជួលមិនព្រម ដោយលើកហេតុផលថា គាត់ត្រូវយកលុយនេះទៅបង់ធនាគារដែរ។ ករណីនេះ លោកក៏ស្នើទៅរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ដោយសម្របសម្រួលជាមួយម្ចាស់ជួល ព្រមទាំងថ្លៃទឹក-ភ្លើង ដោយសារបច្ចុប្បន្នពួកគាត់គ្មានប្រាក់សម្រាប់បង់ឡើយ។
លោកថា៖ «ខ្ញុំសួរគាត់ដែរ មានចុះថ្លៃបន្ទប់ទេ? គាត់លើកហេតុផលថា ធនាគារមិនបានចុះឱ្យគាត់ដែរ តែគាត់យោគយល់ចុះឱ្យ១០ដុល្លារ ដោយសារយើងមានផលលំបាកអ៊ីចឹង តែកន្លែងគេផ្សេងចុះ៥០ភាគរយ តែចំពោះកន្លែងខ្ញុំចុះ១០ដុល្លារ។ ខ្ញុំចង់ស្នើទៅរដ្ឋាភិបាលឱ្យជួយចុះថ្លៃបន្ទប់បានត្រឹម៥០ភាគរយ ឬជួយសម្រួលថាចាំកម្មករបានចូលធ្វើការសិន ចាំបង់ក៏ល្អដែរ ព្រោះស្ថានភាពក្នុងមួយខែពេញនេះ យើងអត់បានធ្វើការទេ ហើយយើងក៏អត់មានលុយដែរ»។
ម្ចាស់ផ្ទះជួលមួយកន្លែងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ លោក គ្រួច ដារ៉ាក់ លើកឡើងថា លោកបានដឹងពីទុក្ខលំបាករបស់កម្មករ-កម្មការិនី ប៉ុន្តែលោកមិនអាចចុះថ្លៃផ្ទះជួលឱ្យកម្មករដល់ទៅ៥០ភាគរយបាននោះទេ ដោយសារលោកក៏ត្រូវសងប្រាក់ទៅធនាគារដែរ។
ម្ចាស់ផ្ទះជួលរូបនេះបន្តថា ប្រសិនបើធនាគារមិនទាមទារឱ្យគាត់បង់ឬពន្យារពេលឱ្យគាត់សងត្រឡប់ទេនោះ លោកនឹងមានលទ្ធភាពអាចបញ្ចុះថ្លៃផ្ទះជួលឱ្យកម្មករបានច្រើនជាងនេះ។ ម្ចាស់ផ្ទះជួលរូបនេះស្នើទៅរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ទៅខាងធនាគារឱ្យបន្ធូរបន្ថយដល់ពួកគាត់ជាម្ចាស់ផ្ទះផងដែរ។
លោកថា៖ «និយាយទៅ ធនាគារដឹងតើ! ថាយើងនៅតំបន់ក្រហម! តែខាងធនាគារវានិយាយថា វាអត់មានគោលការណ៍ហ្នឹងទេ។ ខ្ញុំបានស្នើសុំតាំងពី២ទៅ៣ខែមុន បើធនាគារយោគយល់ខ្ញុំ ដូចជាយកតែការទៅ ខ្ញុំអាចចុះបន្ថែមទៀត[ថ្លៃឈ្នួលផ្ទះឬបន្ទប់] រាល់ថ្ងៃខ្ញុំចុះឱ្យគាត់បានតែ១០ដុល្លារទេ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលមានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ។
លោកថា៖ «តាមពិតទៅ អារឿងចុះនោះ ខ្ញុំគិតថា មិនងាយទេ អ្វីដែលខ្ញុំមើលឃើញ! ប៉ុន្តែរឿងរក្សាដដែល និងយោគយល់ក្នុងអំឡុងកូវីដ ខ្ញុំគិតថា វាមានច្រើនណាស់ ប៉ុន្តែរឿងការបញ្ចុះតម្លៃ ខ្ញុំគិតថាពិបាកបន្តិច»។
ក្រោយពីមានការផ្ទុះជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កាលពីខែកុម្ភៈ ក៏មានម្ចាស់ផ្ទះនិងបន្ទប់ជួលមួយចំនួនបានប្រកាសមិនយកថ្លៃផ្ទះនិងបន្ទប់ជួលពីកម្មករ រយៈពេល៣ខែផងដែរ ខណៈម្ចាស់ជួលខ្លះបានចុះថ្លៃ៥ទៅ១០ដុល្លារ និងខ្លះទៀត ចុះ៥០ភាគរយនៃឈ្នួលផ្ទះក្នុង១ខែ ទៅតាមទីតាំងផ្សេងៗគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមេសា បានប្រកាសថា គ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ-១៩ រដ្ឋនឹងបង់ជំនួសថ្លៃទឹកនិងថ្លៃអគ្គិសនីក្នុងរយៈពេល៥ខែ ហើយគ្រួសារដែលមានសមាជិកកើតជំងឺកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹកនិងអគ្គិសនី ៣ខែ ចាប់ពីថ្ងៃឆ្លងជំងឺកូវីដ-១៩ ខណៈគ្រួសារដែលត្រូវធ្វើចត្តាឡីស័កក្នុងតំបន់ត្រូវបិទខ្ទប់នោះ រដ្ឋនឹងបង់ជំនួសថ្លៃទឹកនិងអគ្គិសនីរយៈពេល២ខែ៕