នៅទីបំផុត អង្គការសុខភាពពិភពលោកបានសម្រេចទទួលស្គាល់វ៉ាក់សាំងចិន ស៊ីណូហ្វាម (Sinopharm) សម្រាប់ការប្រើប្រាស់បន្ទាន់ឬក្នុងគ្រាអាសន្នហើយ។
កាលពីថ្ងៃម្សិលមិញ អង្គការសុខភាពពិភពលោកបានសម្រេចបើកភ្លើងខៀវដាក់បញ្ចូលវ៉ាក់សាំងចិន Sinopharm ទៅក្នុងបញ្ជីវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ការប្រើប្រាស់បន្ទាន់ឬក្នុងភាពអាសន្ន (EUL)។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា លោកវេជ្ជបណ្ឌិត Mariângela Simão ជំនួយការនាយកអង្គការសុខភាពពិភពលោកសម្រាប់ការទទួលស្គាល់ផលិតផល បានលើកឡើងថា ការដាក់បញ្ចូលបន្ថែមនូវវ៉ាក់សាំង (Sinopharm) នេះ គឺជាសក្តានុពលមួយទៀតសម្រាប់ពន្លឿនការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសនានាដែលកំពុងត្រូវការចាក់វ៉ាក់សាំងការពារសុខភាពរបស់កម្មករនិងប្រជាជនរបស់ពួកគេ។
លោកវេជ្ជបណ្ឌិតក៏បានជំរុញឱ្យមានការដាក់បញ្ចូលវ៉ាក់សាំងនេះទៅក្នុងមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ដើម្បីរួមចំណែកក្នុងគោលដៅការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ផងដែរ។
វ៉ាក់សាំង Sinopharm គឺជាផលិតផលរបស់វិទ្យាស្ថានក្រុងប៉េកាំង Bio ដែលជាផ្នែកមួយនៃក្រុមហ៊ុនជាតិចិន Biotec (CNBG)។
រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោកបានទទួលស្គាល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន៤ប្រភេទរួចហើយ រួមមាន វ៉ាក់សាំង Pfizer & BioNTech របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់, វ៉ាក់សាំងអង់គ្លេស AstraZenec, វ៉ាក់សាំងអាមេរិក Johnson & Johnson និងវ៉ាក់សាំងរបស់អាមេរិកមួយទៀតគឺ Moderna។
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាង៧០ដែលបានទទួលជំនួយវ៉ាក់សាំងចិន Sinopharm សរុប១,៧លានដូស ចាក់ជូនដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋរបស់ខ្លួន៕