ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងនៅថ្ងៃសៅរ៍នេះថា ការបើកដំណើរការសកម្មភាពអាជីវកម្មឬផលិតកម្មឡើងវិញ នៅក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺមិនត្រូវមានភ្ជាប់ជាមួយលក្ខខណ្ឌចាក់វ៉ាក់សាំងនោះឡើយ។
លិខិតជូនដំណឹងនេះបានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសទៅលើថៅកែរោងចក្រមួយចំនួន ថាបានយកលក្ខខណ្ឌនៃការចាក់វ៉ាក់សាំងនេះធ្វើជាលក្ខខណ្ឌមួយដើម្បីកំណត់ឱ្យកម្មករចូលបំពេញការងារឡើងវិញ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាពេលនេះ នៅមិនទាន់អាចយកបញ្ហាការចាក់វ៉ាក់សាំងធ្វើជាលក្ខខណ្ឌឬជាមូលដ្ឋាន ដើម្បីទទួលបានការងារធ្វើ ឬដើម្បីរក្សាការងារធ្វើបាននៅឡើយទេ។
តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី៨ ខែឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការមិនទាន់អាចអនុវត្តនូវលក្ខខណ្ឌនេះបាន គឺដោយសារតែកម្ពុជាពេលនេះទើបតែចាក់វ៉ាក់សាំងបានជាង១ ៦៦០ ០០០នាក់ ដែលគិតជាភាគរយបានត្រឹមតែជាង១៦% នៃប្រជាជនសរុប១៦លាននាក់តែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀត ការប្រើប្រាស់វ៉ាក់សាំងដើម្បីកំណត់ការធ្វើការងារ គឺវាអយុត្តិធម៌ចំពោះអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង»។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃនេះ ក៏បានបញ្ជាក់ដែរថា ក្រសួងនឹងចាត់មន្ត្រីឱ្យចុះធ្វើអធិការកិច្ចភ្លាម ប្រសិនបើទទួលបានព័ត៌មានថា ថៅកែរោងចក្របានយកលក្ខខណ្ឌនៃការចាក់វ៉ាក់សាំងនេះ ដើម្បីបានចូលធ្វើការងារឡើងវិញ។ កម្មករ-កម្មការិនីអាចជូនដំណឹងដល់ក្រសួងឬមន្ត្រីនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាបន្ទាន់ តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនេះ https://t.me/KhmerWorkerChat។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែឧសភានេះ ក្រសួងក៏បានរំឭកឱ្យម្ចាស់ឬនាយករោងចក្រសហគ្រាសនៅក្នុង«តំបន់លឿង» នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន៥០% និងប្រាក់ឧបត្ថម្ភនានាដែលបានពន្យារពេលនៅក្នុងអំឡុងពេលនៃការបិទខ្ទប់កន្លងទៅ មិនឱ្យហួសពីថ្ងៃទី១៤ ខែឧសភានោះឡើយ។ រីឯកម្មករនិយោជិតដែលកំពុងស្ថិតនៅក្នុង«តំបន់ក្រហម» និង «តំបន់លឿងទុំ» វិញ ក៏ថៅកែឬនាយករោងចក្រសហគ្រាសត្រូវរិះរកវិធីបើកប្រាក់ឈ្នួលនិងប្រាក់ឧបត្ថម្ភនេះ តាមរយៈប្រព័ន្ធធនាគារផងដែរ៕