អាជ្ញាធរ​រាជ​ធានី​បន្ត​ហាម​លក់​ដូរ​គ្រឿង​ស្រវឹង​​២​សប្តាហ៍​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​កូវីដ-១៩​

ស្ដង់លក់គ្រឿងស្រវឹងគ្រប់ប្រភេទ ស្ថិតនៅទីតាំងផ្សារទំនើបអ៊ីអនសែនសុខ គ្របក្រណាត់កៅស៊ូបញ្ជាក់ពីការផ្អាកដំណើរការលក់ដូរបណ្ដោះអាសន្ន អនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលអំឡុងពេលកូវីដ-១៩ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។ (ហង់ សុខហុង)

រដ្ឋបាលរាជធានីភ្នំពេញ ឱ្យអាជីវករផ្អាកលក់ដូរគ្រឿងស្រវឹង២សប្តាហ៍បន្ថែមទៀត និងព្រមានចាត់វិធានការច្បាប់លើអ្នកលក់អំឡុងពេលហាមឃាត់នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ បានឱ្យដឹងកាលពីម្សិលមិញថា គ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្ថែមទៀត ជាបណ្តោះអាសន្ន។ វិធានការនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈឱ្យមានប្រសិទ្ធភាពខ្ពស់។

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញទៅរដ្ឋបាលខណ្ឌទាំង១៤​ និងមន្ទីរពាណិជ្ជកម្ម ត្រូវសហការចុះត្រួតពិនិត្យតាមគោលដៅទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ បើបុគ្គលណាមិនគោរពតាមការណែនាំនេះទេ នឹងត្រូវចាត់វិធានការច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដោយគ្មានការលើកលែងឡើយ។

ខ្លឹមសារសេចក្តីជូនដំណឹង៖ «បើបុគ្គលណាបន្តលក់ដូរ ចែកចាយ និងចរាចរគ្រឿងស្រវឹងគ្រប់ប្រភេទអំឡុងពេលហាមឃាត់នេះ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន»។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហាមមិនឱ្យមានការលក់ដូរគ្រឿងស្រវឹងរយៈពេល១៤ថ្ងៃ​ ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ហើយវិធានការនេះក៏ត្រូវបានអាជ្ញាធររាជធានីនិងខេត្តជាច្រើន​​បានបន្ត​អនុវត្តបម្រាមនេះបន្ថែមទៀតទៅតាមភាពជាក់ស្តែងក្នុងខេត្តនីមួយៗ ក្នុងគោលបំណងកាត់បន្ថយការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងក្រោយពេលបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មានចេញសេចក្ដីប្រកាស​មួយដោយណែនាំទៅម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍​ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ ត្រូវផ្អាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃ១៩ ខែមេសា ​រហូតដល់ថ្ងៃទី៣០ ខែមេ​សា។

ក្រសួងព័ត៌មានបន្តថា ការណែនាំនេះ​ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងថែរក្សាឱ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ហើយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ​និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍នេះនាពេលឆាប់ៗខាងមុខ។

យ៉ាងណា កាលពីថ្ងៃទី៤ ខែឧសភា​នេះ ​សមាគម ​អង្គការ ​សង្គម​ស៊ីវិលជិត៤០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយ​ស្នើ​​រាជរដ្ឋាភិបាល​​ឱ្យបញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​រូប​ភាព​នៅទូទាំងប្រទេសជា​អចិន្ត្រៃយ៍ឬជារៀងរហូតតែម្តង។  ​

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះលើកឡើងថា ការ​បញ្ឈប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជា​អចិន្ត្រៃយ៍​នឹង​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក្នុងស្ថានភាពបច្ចុប្បន្នផង និង​ជួយ​ដល់​ប្រជាពលរដ្ឋ​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩​ត្រូវបញ្ចប់ទៅ​ផង។ ពួកគេថា ការជួយដល់ពលរដ្ឋ ដូចជា​​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បី​លើក​កម្ពស់​សុខភាពនិង​សុខុមាលភាព​សង្គម កាត់បន្ថយជម្លោះផ្សេងៗ​ សន្សំ​ថវិកា​ដោះស្រាយ​វិបត្តិ​បំណុល និង​កាត់​បន្ថយ​កំណើន​នៃ​ភាព​ក្រីក្រនៅក្នុងសង្គម ជាដើម៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ