រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតចំនួន៣ខែ ដល់កម្មករ សិស្ស-និស្សិត ដែលជួលផ្ទះជាង៨០០កន្លែង ស្ថិតនៅតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ខណៈពលរដ្ឋនៅតំបន់នេះមួយចំនួនចង់ឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ឱ្យបានច្រើនជាងនេះ។
ការសម្រួលនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្ដល់ការអនុគ្រោះថ្លៃទឹកដល់កម្មករ-កម្មការិនី សិស្ស-និស្សិត ដែលកំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់។
សេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី៨ ខែឧសភា បានឱ្យដឹងថា ស្ថាប័ននេះនឹងចូលរួមជួយសម្រាលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល៣ខែ គឺខែមីនា ខែមេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋានផ្ទះជួលដែលកម្មករ-កម្មការិនី សិស្ស-និសិ្សត កំពុងស្នាក់នៅចំនួន៨៧០កន្លែង និងបានចុះបញ្ជីជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់។
លោក ស៊ីម សឿន ដែលអះអាងថាជាអតីតកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថា គិតត្រឹមថ្ងៃទី៩ ខែឧសភានេះ គាត់រស់នៅក្នុងតំបន់ក្រហម២៩ថ្ងៃហើយ ដោយបាត់បង់ទាំងការងារ និងខ្វះខាតស្បៀងអាហារទៀតផង។
លោកបន្តថា គាត់ត្រូវចំណាយថ្លៃទឹក ភ្លើង និងផ្ទះជួលជាង៥០ដុល្លារក្នុងមួយខែ។ លោកសម្តែងការរីករាយនៅពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចជួយអនុគ្រោះមិនឱ្យពលរដ្ឋនៅតំបន់ក្រហមបង់ទឹករយៈពេល៣ខែនេះ ព្រោះជាផ្នែកមួយជួយដល់គាត់ក្នុងការចំណាយដែរ។
លោកសម្តែងការរីករាយថា៖ «ត្រេកអរនិងសប្បាយចិត្តនៅពេលដែលរដ្ឋាករស្វយ័ត និងរដ្ឋាភិបាលជួយបន្ធូរបន្ថយឱ្យ។ រាល់ថ្ងៃ ខ្ញុំជួបបញ្ហាខ្វះខាតស្បៀង ថវិកា បាត់បង់ការងារ ដោយសារគេបិទខ្ទប់មិនឱ្យចេញ ខ្ញុំនៅតំបន់ក្រហម គេបន្តបិទទៀត»។
អ្នកស្រី ដុល រ៉ា ដែលអះអាងថាជាកម្មការិនី និងស្នាក់នៅភូមិត្រពាំងឈូក ផ្សារតូច ខណ្ឌកំបូល រាជធានីភ្នំពេញ និយាយថា គាត់នៅក្នុងតំបន់ក្រហមរយៈពេលជិត១ខែហើយ បាត់បង់ការងារ ខ្វះខាតស្បៀង មិនមានលុយបង់បន្ទប់ជួល ថ្លៃទឹកនិងភ្លើង ជាដើម។
អ្នកស្រីបន្តថា ការដែលរដ្ឋមិនយកថ្លៃទឹករយៈពេល៣ខែនេះជារឿងល្អដែរ ប៉ុន្តែអ្នកស្រីអំពាវនាវទៅរដ្ឋាភិបាលគួរតែជួយរកដំណោះស្រាយបញ្ហាស្បៀង និងថ្លៃផ្ទះជួល ថ្លៃភ្លើងនិងទឹកនេះ រហូតដល់បើកតំបន់ក្រហមឡើងវិញ ដើម្បីឱ្យពលរដ្ឋបានចេញទៅធ្វើការរកប្រាក់ទ្រទ្រង់ជីវភាពបាន។
អ្នកស្រីអំពាវនាវដូច្នេះថា៖ «ខ្ញុំសុំឱ្យរដ្ឋាភិបាលជួយពន្យារពេលកុំយកទឹក ភ្លើង ថ្លៃបន្ទប់ជួល រហូតដល់បើកឱ្យតំបន់លឿងវិញ ក៏ពួកខ្ញុំបានធូរមួយកម្រិតដែរ ព្រោះខ្ញុំអត់មានការងារធ្វើ។ បើសិនជាអាច ចាំខ្ញុំបានធ្វើការងារវិញ ចាំគិតថ្លៃពេញក៏បាន ព្រោះរោងចក្រគេមិនទាន់បើកឱ្យធ្វើការងារវិញទេ»។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គាំទ្រវិធានការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជួយសម្រួលមិនឱ្យសិស្ស-និងស្សិត កម្មករ និងអ្នកជួលផ្ទះនៅតំបន់បិទខ្ទប់ បង់ថ្លៃទឹករយៈពេល៣ខែនេះ។
ប៉ុន្តែលោក យង់ គិមអេង ផ្តល់ជាអនុសាសន៍ថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលត្រូវជួយសម្រួលកុំយកថ្លៃបង់ទឹកនិងភ្លើង ទាំងតំបន់លឿងទុំ និងតំបន់ក្រហម រហូតដល់ស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ ដើម្បីជួយដល់ពលរដ្ឋដែលបាត់បង់ការងារនិងមិនមានចំណូល។
លោកអំពាវនាវដូច្នេះថា៖ «ដាក់រនាំងបាំង គ្មានរណាចេញរកស៊ីកើត ខ្ញុំគិតថា គួរតែអនុគ្រោះ [មិនឱ្យបង់ថ្លៃទឹកនិងភ្លើង] ទាំងតំបន់ក្រហម ទាំងតំបន់លឿងទុំ ព្រោះដោយសារតែការបិទខ្ទប់ដូចគ្នា។ អនុគ្រោះនេះតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ឧទាហរណ៍ថា ក្នុងរយៈពេលបិទខ្ទប់រយៈពេល១ខែឬ១៤ថ្ងៃ ផលប៉ះពាល់ទៅដល់ជីវភាពប្រជាពលរដ្ឋ បើប៉ះពាល់ដល់រយៈពេល៣ខែ យើងអាចគិតគូរផ្តល់ឱ្យគាត់បីខែ ឬបើប៉ះពាល់ច្រើន អាចផ្តល់ឱ្យគាត់៥ទៅ៦ខែជាដើម»។
ចំណែករឿងថ្លៃផ្ទះឬបន្ទប់ជួល លោកសង្កេតឃើញថា មានអ្នកខ្លះខ្ចីលុយធនាគារដើម្បីសង់ផ្ទះនិងធ្វើបន្ទប់ជួល រកប្រាក់បង់ទៅធនាគារវិញដែរ។
ករណីនេះ លោកលើកទឹកចិត្តទៅរដ្ឋាភិបាលគួរចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ និងជួបជាមួយម្ចាស់ផ្ទះឬម្ចាស់បន្ទប់ជួល នៅតំបន់លឿងទុំ និងតំបន់ក្រហម ជជែកគ្នារកដំណោះស្រាយរួមមួយ ដើម្បីបន្ធូរបន្ថយដល់អ្នកជួលឱ្យនៅតម្លៃសមរម្យ ឬមិនយកថ្លៃឈ្នួលពីពួកគេកាន់តែល្អ។
នៅក្នុងសារសំឡេងដែលត្រូវបានគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គមកាលពីថ្ងៃទី៨ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅម្ចាស់ផ្ទះជួលទាំងអស់កុំឱ្យទារថ្លៃឈ្នួលផ្ទះពីកម្មករ-កម្មការិនីដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
លើសពីនេះ លោកក៏បានអំពាវនាវទៅអាជ្ញាធរអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកភ្នំពេញ អនុគ្រោះការបង់ថ្លៃទឹកនិងថ្លៃភ្លើងពីកម្មករនៅក្នុងតំបន់បិទខ្ទប់ផងដែរ៕









