មនុស្ស​២​នាក់​មាន​​វិជ្ជ​មាន​កូវីដ-១៩​ ក្នុង​ចំណោម​អ្នក​​លួច​ចេញ​ពី​តំបន់​ក្រហម​ជាង​១០០​នាក់​

ប្រជា​ពលរដ្ឋនិង​អ្នក​រត់​រថយន្ត​ឈ្នួលជាច្រើននាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនិងធ្វើតេស្តរកកូវីដ-១៩ ដោយសារពួកគេបាន​ល្មើសទៅនឹង​វិធានការហាមឃាត់ការធ្វើដំណើរចេញចូលនិង​ឆ្លងកាត់​តំបន់ក្រហម នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ)

អាជ្ញាធររាជធានីភ្នំពេញ រកឃើញមនុស្ស​​២​នាក់មាន​វិជ្ជមានកូវីដ-១៩ និងជាង​១០០នាក់ទៀតដាក់ឱ្យធ្វើចត្តាឡីស័ក​១៤ថ្ងៃ ខណៈពួកគេមានបំណងលួចចេញពីតំបន់ក្រហមបម្រុងធ្វើដំណើរទៅតាម​បណ្តាខេត្តនានា។

អធិការខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី ប្រាប់ វីអូឌី នៅថ្ងៃនេះថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ប្រជា​ពលរដ្ឋចំនួន៤៩នាក់ និង​អ្នក​រត់​រថយន្ត​ឈ្នួលចំនួន៥៥នាក់ បាន​ល្មើសទៅនឹង​វិធានការហាមឃាត់ការធ្វើដំណើរចេញចូលនិង​ឆ្លងកាត់​តំបន់ក្រហម នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងនោះ សមត្ថកិច្ច​ក៏បាន​ឃាត់ទុកនូវរថយន្ត​ចំនួន៤២គ្រឿង​ផង​ដែរ។

អធិការនគរបាលរូបនោះអះអាងថា ក្រោយពីទទួលបញ្ជាពីថ្នាក់លើ ក្រុមការងារជំនាញបានចុះស្រាវជ្រាវនិងឃាត់ខ្លួនអ្នកទាំង​១០៤នាក់នោះ បញ្ជូនទៅធ្វើតេស្តនៅវត្តគោកបញ្ជាន់ ​​ក្នុងនោះ ក្រុមគ្រូពេទ្យបានធ្វើតេស្តបឋមរកឃើញមានវិជ្ជមានកូវីដ-១៩ ទៅលើ​មនុស្ស​​ចំនួន២នាក់។

លោកមានប្រសាសន៍ថា៖ «យើងឃាត់បានប្រជាជន៤៥នាក់ តៃកុងឡាននិងព្រូឡាន៥៥នាក់ ពេលនេះនៅ​វត្តគោក​បញ្ជាន់​ដដែល ធ្វើចត្តាឡីស័ក! ហើយ២នាក់មានវិជ្ជមានកូវីដ-១៩ ជាកម្មករ»។

តែយ៉ាងណា លោកនៅពុំទាន់អាចដឹងថា តើថ្នាក់ដឹកនាំ​នឹងមានចំណាត់ការវិធានការរដ្ឋបាលឬវិធានការផ្លូវច្បាប់ទៅលើ​ពលរដ្ឋទាំងនោះយ៉ាងណានៅឡើយ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា​ កន្លងមក រដ្ឋាភិបាលនិងរដ្ឋបាល​រាជធានីភ្នំពេញ​ បានផ្សព្វផ្សាយពីវិធានការនៃការទប់ស្កាត់មិនឱ្យពលរដ្ឋចេញចូលតំបន់ក្រហមនោះទេ ហើយ​​បើចេញនឹងទទួលរងពិន័យ​ផ្នែករដ្ឋបាល និងផ្លូវច្បាប់ ជាដើម។ ប៉ុន្តែលោកស្រីបង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីបានជាពលរដ្ឋ​នៅតែចង់ចេញពីតំបន់ក្រហម ដោយសារតែ​គាត់មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ឬបញ្ហាជីវភាព ឬយ៉ាងណា?

ករណីនេះ លោកស្រីស្នើទៅរដ្ឋាភិបាលពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ហើយពលរដ្ឋទាំងអស់ ជាពិសេសនៅតំបន់ក្រហម ត្រូវចូលរួមសហការទាំងអស់គ្នា ទើបអាច​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍បាន។

លោកស្រីស្នើដូច្នេះថា៖ «យើងដឹងហើយឥលូវនេះមានការបើកចំហឱ្យមានការធ្វើដំណើរនៅក្នុងខេត្តនីមួយៗ បើសិនជាមានការឆ្លងករណីណាមួយនោះ វានឹងបង្កហានិភ័យដល់ពលរដ្ឋផ្សេងៗទៀតនៅក្នុងបណ្តាខេត្តហ្នឹង។ អ៊ីចឹងខ្ញុំយល់ថា ការប្រកាន់ខ្ជាប់នូវស្មារតីចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរ ទាំងពលរដ្ឋ គឺចាំបាច់ណាស់! ខ្ញុំយល់ថា មានតែចូលរួមទាំងអស់គ្នាទេទើបទប់ស្កាត់បាន»។

កាលពីថ្ងៃទី៥ ​ខែឧសភា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹង​ថា បើទោះជារដ្ឋាភិបាល​ ​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ​ពី​ខេត្ត​មួយ​​ទៅ​ខេត្ត​មួយ ​នៅ​ថ្ងៃទី៦ ខែ​ឧសភាក៏ដោយ​ ប៉ុន្តែ​នៅរាជធានី​ភ្នំពេញ ​នៅតែ​​រក្សា​តំបន់​៣​ដដែល គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហម ហើយ​​ត្រូវ​ពង្រឹងឱ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ទីតាំង​ដែល​បាន​កំណត់ ចៀស​វាងការបន្ត​​ឆ្លង​រីក​រាលដាល​​ជំងឺ​កូវីដ-១៩ទៅ​តំបន់​ផ្សេង​ទៀត ក្នុងនោះ​ ​តំបន់​ក្រហម នៅ​ជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុតដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ