រដ្ឋបាលខេត្តរតនគិរី បានរកឃើញបុរស២នាក់ឆ្លងជំងឺកូវីដ-១៩ជាលើកដំបូងនៅក្នុងខេត្តនេះ ខណៈក្រុមការងារជំនាញកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលបន្តទៀត។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងនៅថ្ងៃនេះថា កាលពីថ្ងៃទី៩ ខែឧសភា ម្សិលមិញ ក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាលខេត្ត បានប្រើឧបករណ៍តេស្តរហ័សលើបុរសជនជាតិខ្មែរ២នាក់ នៅទីតាំងត្រួតពិនិត្យ (ចំណុចស្ពានស្រែពក) ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានរកឃើញវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាលើកដំបូងនៅក្នុងខេត្តនេះ។
រដ្ឋបាលខេត្តបន្តថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំងពីរនាក់នោះ រួមមាន ឈ្មោះ នឹម អេង មានអាសយដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រីដៃ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ មុខរបរជាអ្នកដឹកជញ្ជូនទំនិញ និងម្នាក់ទៀតឈ្មោះ គង់ វីន មានអាសយដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រែសង្គម ឃុំត្រពាំងក្រេស ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរជាកម្មករលើកអីវ៉ាន់ឱ្យក្រុមហ៊ុនដឹកជញ្ជូន J&T ទីតាំងទំនប់កប់ស្រូវ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា បច្ចុប្បន្ន ក្រុមគ្រូពេទ្យជំនាញនិងអាជ្ញាធរមូលដ្ឋានបានយកអ្នកជំងឺទាំង២នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាល ស្ថិតនៅសាលាវិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ ហើយក្រុមការងារបាននិងកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធអ្នកជំងឺបន្ថែមទៀត។
បន្ថែមពីនេះ រដ្ឋបាលខេត្តក៏បានអំពាវនាវទៅប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយអ្នកជំងឺ ត្រូវដាក់ខ្លួនដាច់ដោយឡែក កុំប៉ះពាល់ជាមួយអ្នកដទៃ ហើយត្រូវទៅជួបជាមួយក្រុមគ្រូពេទ្យឬមន្ត្រីសុខាភិបាលខេត្ត ដើម្បីពិនិត្យឬយកវត្ថុសំណាកវិភាគរកវីរុសកូវីដ-១៩។
អភិបាលខេត្តរតនគិរី លោក ថង សាវុន មានប្រសាសន៍បន្ថែមថា អ្នកជំងឺទាំង២នាក់នោះជាករណីនាំចូលមកពីរាជធានីភ្នំពេញ ដោយសារពួកគេជាកម្មករដឹកអីវ៉ាន់ឱ្យក្រុមហ៊ុនដឹកជញ្ជូន J&T ដែលមានទីតាំងនៅទំនប់កប់ស្រូវ ខេត្តរតនគិរី។
លោកមានប្រសាសន៍ថា៖ «គាត់ធ្លាប់ដឹកជញ្ជូនពីភ្នំពេញមកខេត្តម្តងហើយ កាលណោះយើងពិនិត្យមើលអត់ទាន់មាន [វិជ្ជមានកូវីដ-១៩] ទេ! ប៉ុន្តែកាលពីម្សិលមិញនេះ គឺយើងពិនិត្យឃើញ [វិជ្ជមានកូវីដ-១៩] គាត់ឆ្លងកាត់ប៉ុន្មានខេត្តមកហើយ ពីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ហើយបានមកដល់រតនគិរី ហើយបាន[ខាងមន្ត្រីខេត្ត]រតនគិរី ធ្វើការចាប់បាន»។
ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក អ៊ុង រតនា បានបដិសេធអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ដោយប្រាប់ថាជាប់ប្រជុំ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានស្នើទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តវិធានការសុខាភិបាល និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរនិងជនជាតិដើមភាគតិចក្នុងខេត្តនេះ បានយល់ពីរបៀបការពារនិងថែរក្សាសុខភាព ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បាន។
លោកស្នើដូច្នេះថា៖ «បញ្ហាទាំងអស់នេះ ទាល់តែអាជ្ញាធរខេត្តពង្រឹងនូវវិធានការ ដើម្បីធ្វើយ៉ាងណាជួយទប់ស្កាត់ ដើម្បីកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រហ្នឹងបន្តទៀត។ ហើយជាពិសេសការអប់រំ សម្រាប់បងប្អូនជនជាតិដើមភាគតិចរបស់យើង ដើម្បីឱ្យមានវិធានការនៃកិច្ចការពារខ្លួនតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យគាត់ចូលរួមទាំងអស់គ្នា ដើម្បីកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី មានចំនួន៦នាក់។ ដោយឡែក អ្នកឆ្លងថ្មីមានចំនួន៥០៦នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេស១១នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន១៧៩នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃនេះដែរ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៩ ៧៤៣នាក់ សម្រាប់អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៧ ៨២០នាក់ និងអ្នកស្លាប់សរុប១២៦នាក់៕