ពលរដ្ឋ​នៅ​កំពង់​ឆ្នាំង​បិទ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៥​ ក្រោយ​មិន​មាន​ដំណោះ​​ស្រាយ​​រឿង​ដី​ធ្លី​

ប្រជាពលរដ្ឋជិត២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជិតកន្លះម៉ោង ក្រោយមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋជិត២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជិតកន្លះម៉ោង ក្រោយមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគាត់។

ក្រុមពលរដ្ឋដែល​តវ៉ា អះអាងថា ការឈានទៅបិទកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំណុចភូមិក្បាលដំរី ព្រំប្រទល់ខេត្តទាំងពីរ នៅរសៀលថ្ងៃទី១១ ខែឧសភានេះ ធ្វើឡើង​ដោយសារតែ​អាជ្ញាធរមិនព្រមដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ និងថែមទាំងចោទពលរដ្ឋថាបានទៅកាន់កាប់ដីនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដោយខុសច្បាប់ទៀតផង។

យ៉ាងណា នៅម៉ោងជាង២រសៀលនេះ​ អភិបាលស្រុកបរិបូណ៌ បានចុះទៅ​​សម្របសម្រួលជាមួយពលរដ្ឋ ដើម្បីបើកឱ្យ​មានការ​ចរាចណ៍​ឡើងវិញ ដោយសន្យាថា នឹង​ជួយ​​យកបញ្ហានេះទៅ​រកដំណោះស្រាយជាមួយអាជ្ញាធរខេត្តពោធិ៍សាត់នៅថ្ងៃស្អែក។

ពលរដ្ឋម្នាក់នៅខេត្តកំពង់ឆ្នាំង ដែលសុំមិនបញ្ចេញឈ្មោះដោយសារបារម្ភពីសុវត្ថិ​ភាព បានប្រាប់ វីអូឌី នៅ​កន្លែងប្រមូល​ផ្តុំ​តវ៉ាថា ប្រជាពលរដ្ឋមិនចង់តវ៉ាបិទកំណាត់​បិទផ្លូវជាតិនោះទេ ប៉ុន្តែដោយសារគ្មានជម្រើសនិងគ្មានដំណោះស្រាយដីធ្លីសមស្របណាមួយពីអាជ្ញាធរ។ លោកថា ដីទំហំ១ ៦៦១ហិកតារបស់ប្រជាពលរដ្ឋចំនួន៥៧២គ្រួសារ នៅឃុំចំនួន៥ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ បានរងផលប៉ះពាល់ដោយអាជ្ញាធរខេត្តមួយនេះដកហូតយកទៅបែងចែកឱ្យ​ពលរដ្ឋផ្សេងទៀតនៅខេត្តពោធិ៍សាត់។

កសិកររូបនេះបន្តថា គ្រួសាររបស់លោកបានកាន់កាប់ដីធ្លី៥ហិកតាបន្តពីឪពុកម្តាយនៅតំបន់ចាន់ជ្វា ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាំងពីឆ្នាំ១៩៩៨ រហូតមក ដោយពុំធ្លាប់មានបញ្ហាអ្វីនោះទេ។

លោកបន្តថា ទើបតែនៅឆ្នាំ២០២០ អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងអាស្រ័យផល និងបានដកហូតដីនោះយកទៅចែកឱ្យប្រជាពលរដ្ឋនៅខេត្តរបស់ខ្លួនវិញ ដោយចោទប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងថាបានចូលកាន់កាប់ដីក្នុងខេត្តពោធិ៍សាត់​ដោយខុសច្បាប់ទៅវិញ។

លោកបន្ថែមថា៖ «គាត់ [អាជ្ញាធរ] និយាយមកថា យើងរំលោភយកដីរបស់រដ្ឋ ចុះអ្នកណាមួយដែលរស់នៅក្រៅដីរបស់រដ្ឋ។ ការកាន់កាប់៥យ៉ាង យើងមានគ្រប់គ្រាន់។ ​អាជ្ញាធរនៅខេត្តកំពង់ឆ្នាំងនៅឃុំយើងនេះ គាត់បានដឹង​ឮតើ! ថាយើងកាន់កាប់នៅតំបន់ហ្នឹងយូរឆ្នាំដែរតើ! មិនមែនពួកគាត់អត់ដឹងអីណា! គ្រួសារខ្ញុំ បើគេដកយកដីហ្នឹងអស់ គឺអស់ហើយ អត់ស្រែឯណាធ្វើទៀតទេ»

ពលរដ្ឋនៅកំពង់ឆ្នាំងម្នាក់ទៀត អ្នកស្រី គន រ័ត្ន ចាត់ទុក​ករណីអាជ្ញាធរខេត្តពោធិ៍សាត់ដកហូតយកដីពីប្រជាពលរដ្ឋ ទៅបែងចែកឱ្យ​ពលរដ្ឋ​ផ្សេងទៀតនេះ ថាជារឿង​អយុត្តិធម៌ និងជាការ​រើសអើងលើប្រជាពលរដ្ឋនៅខេត្តជាប់គ្នា។

អ្នកស្រីបន្តថា បងប្អូនរបស់អ្នកស្រីរស់នៅខេត្តកំពង់ឆ្នាំងជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ជាង១០នាក់ មានដី​ស្រែនៅក្នុង​ខេត្តពោធិ៍សាត់​ទាំងអស់គ្នា ដោយម្នាក់ៗមានដីទំហំ២ឬ៣ហិកតាដែល​​រងផលប៉ះពាល់ ហើយ​ពួកគាត់ក៏ពុំមានដីសម្រាប់បង្កបង្កើនផលនៅកន្លែងផ្សេងទៀតដែរ។

អ្នកស្រីបន្ថែមថា៖ «គាត់ [អាជ្ញាធរខេត្តពោធិ៍សាត់] មិនដែលគិតថាពួកខ្ញុំជាប្រជាពលរដ្ឋផង។ គាត់និយាយប្រកាន់បក្សពួកថា ពលរដ្ឋខេត្តកំពង់ឆ្នាំង ពលរដ្ឋខេត្តពោធិ៍សាត់ ដោយគាត់បានរើសអើងប្រជាពលរដ្ឋយើងនៅខេត្តកំពង់ឆ្នាំងយ៉ាងខ្លាំង។ គាត់និយាយមួយមាត់ណាក៏ថាពួកយើងជាចោរ​លួចដីគេ។ តាមការពិត យើងខំថែរក្សាតាំងពីដូនតាមកពីរបីជំនាន់ រហូតឪពុកម្តាយស្លាប់អស់ហើយ។ ខ្ញុំសូមអំពាវនាវដល់សម្តេច ហ៊ុន សែន ឱ្យគាត់ចុះជួយដល់ពលរដ្ឋកំពង់ឆ្នាំងដែលមានដីនៅខេត្តពោធិ៍សាត់ ដែលកំពុង​រងគ្រោះនេះផង»

អ្នកស្រី គន រ័ត្ន បន្ថែមថា ពាក់ព័ន្ធបញ្ហាដីធ្លីនេះ ក៏ធ្លាប់មានការ​ចាប់ខ្លួន​ពលរដ្ឋចំនួន២នាក់បញ្ជូនទៅដាក់ពន្ធនាគារកាលពីឆ្នាំ២០២០ និងបានគំរាមចាប់ពលរដ្ឋបន្ថែមទៀត ប្រសិនបើពួកគេហ៊ានចេញមុខតវ៉ាប្រឆាំង។

អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ មានប្រសាសន៍ថា ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបានទៅឈូសឆាយដីព្រៃរបស់រដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្តពោធិ៍សាត់។

យ៉ាងណា លោក ចេង ឡៃ ឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងដែលបានចូលទៅអាស្រ័យផលនិងរស់នៅជាក់ស្តែង គឺអាជ្ញាធរខេត្តមិនដកហូតយកនោះទេ ហើយពួកគេអាចទទួលបានដីសម្បទានសង្គមកិច្ចកន្លះហិកតាពីអាជ្ញាធរខេត្តនេះផងដែរ។

លោកបន្ថែមថា៖ «យើង រូបថតលើអាកាសដែលយើងបានថតកាលពីឆ្នាំ២០១៧ រួចហើយ ថាតំបន់ណាខ្លះជាតំបន់ព្រៃ ហើយតំបន់ណាខ្លះជាតំបន់វាលដែលបានកាប់​ទន្ទ្រានរួច។ សកម្មភាពកាប់ឬឈូសឆាយក្រោយឆ្នាំ២០១៧ គឺជាសកម្មភាពខុសច្បាប់»

លោក ចេង ឡៃ បញ្ជាក់​ថា អាជ្ញាធរ​ខេត្តបាន​ដក​ហូតដី​ពី​ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង និង​ដី​ក្រុមហ៊ុន​ ភា​ពី​ម៉ិច ទំហំ​ជាង៥ ០០​០​ហិ​កតា ដើម្បី​ទុក​បែងចែក​ដី​សង្គមកិច្ច​ទៅ​ឱ្យ​ពលរដ្ឋ​ខេត្តពោធិ៍សាត់ ​នៅ​ឃុំ​អន្សាចំបក់​ ជាង៣ ០០០​គ្រួសារ ទៅតាម សជណ របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​កាលពី​ឆ្នាំ២០១០​។

ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ស្នើឱ្យអាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវរកដំណោះ​ស្រាយឱ្យបានសមរម្យនិងមានតម្លាភាពជូនប្រជាពលរដ្ឋ ដើម្បីចៀសវាងការធ្វើឱ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយធ្វើឱ្យពួកគេផ្ទុះការតវ៉ា។

លោកបន្ថែមថា៖ «យើងសុំឱ្យភាគីទាំង​ខាងប្រជាពលរដ្ឋនិងអាជ្ញាធរ គប្បីចុះធ្វើការងារស្រាវជ្រាវនៅក្នុងវិវាទដីធ្លីហ្នឹង ឱ្យមានភាពច្បាស់លាស់ ដើម្បីរកដំណោះស្រាយ កុំឱ្យមានបញ្ហាការទាមទារតវ៉ាបន្តទៅទៀត។ អ៊ីចឹង​ធ្វើយ៉ាងណាពន្លឿនក្នុងការធ្វើកិច្ចការងារហ្នឹង ពីព្រោះតាមដឹងគឺប្រជាពលរដ្ឋត្រូវការដីដើម្បីបង្កបង្កើន​​ផល ដែលរដូវវស្សាដែលកំពុងមកដល់ហ្នឹង។ អ៊ីចឹង​គប្បី​ធ្វើយ៉ាងណាដោះស្រាយរឿងហ្នឹងជូនពួកគាត់។ ខ្ញុំគិត​ថា ប្រសិនជាការដោះស្រាយហ្នឹង ពួកគាត់អាចទទួលយកបាន ប្រហែលជាមិនមានការតវ៉ាអ្វីទៀតទេ»។

កាលឆ្នាំ២០២០ លោក សឹង សា​រិត ហៅ តេវ អាយុ៦០ឆ្នាំ ​រស់នៅ​ភូមិ​សន្លង់ និង​លោក ពឹម ចិ​ត្រា រស់នៅ​ភូមិ​ក្បាលដំរី ដែល​ភូមិ​ទាំងពីរ​ស្ថិតនៅ​ក្នុង​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ជាបន្តបន្ទាប់ ក្រោយពួកគេចេញមុខតវ៉ាដីធ្លីជាមួយអាជ្ញាធរខេត្តមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ