ពលរដ្ឋមានជម្លោះដីធ្លី២នាក់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្នើសុំពន្យារពេលចូលបំភ្លឺចំពោះមុខតុលាការ ពាក់ព័ន្ធការចោទប្រកាន់ថា បានកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋ។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ លោក គង់ រតនា បានចេញដីកាកោះហៅពលរដ្ឋ២នាក់ រួមមាន លោក ប្រម រី និងលោក ឡា ភួត ឱ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែឧសភានេះ ពាក់ព័ន្ធការចោទប្រកាន់ថា បានកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋ ក្រោយពលរដ្ឋ២នាក់នេះនាំគ្នាតវ៉ាដីធ្លី។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋទាំង២នាក់ លោក ប្រម រី និងលោក ឡាត ភួត បានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ ដោយសារពុំទាន់រកមេធាវីការពារក្តីឱ្យបាននៅឡើយ។
លោក ឡាត ភួត មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ពួគគាត់មិនគេចវេះក្នុងការចូលទៅឆ្លើយបំភ្លឺនោះទេ ពីព្រោះពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ លោកថា ពួកគាត់សុំពន្យារពេលចូលបំភ្លឺនេះ ដោយសារពួកគាត់ពុំសូវយល់អំពីផ្លូវច្បាប់ ហើយកំពុងស្វែងរកមេធាវីដើម្បីជួយការពារក្នុងសំណុំរឿងនេះ។
វីអូឌី ពុំអាចសុំការអត្ថាធិប្បាយពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ លោក គង់ រតនា បានទេនៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃម្សិលមិញ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រមូលផ្តុំគ្នាកន្លែងដីមានជម្លោះ ដោយបានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ និងសុំទៅតុលាការកុំចាត់ការលើបណ្តឹងប្រឆាំងពលរដ្ឋ២នាក់ពាក់ព័ន្ធនឹងជម្លោះដីធ្លីនេះ ខណៈអាជ្ញាធរបានហាមមិនឱ្យប្រជាពលរដ្ឋចូលទៅបង្កបង្កើនផលនៅតំបន់នោះទេ ដោយថា តំបន់នោះជាដីព្រៃរបស់រដ្ឋ៕