សួនឧស្សាហកម្មកាណាឌីយ៉ាស៊ីធីវិនិយោគ ប្រកាសមិនយកថ្លៃតូបនិងបន្ទប់ជួលរយៈពេល២ខែ ដោយថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងជួយសម្រួលដល់អតិថិជនតំបន់ក្រហមផងដែរ។
សេចក្ដីប្រកាសរបស់សួនឧស្សាហកម្មកាណាឌីយ៉ាស៊ីធីវិនិយោគ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា គណៈគ្រប់គ្រងបានសម្រេចចិត្តមិនគិតថ្លៃឈ្នួលតូបផ្សារនិងបន្ទប់ជួលរយៈពេល២ខែ សម្រាប់ខែមេសានិងខែឧសភា។
ប្រភពដដែលបញ្ជាក់ថា ចំពោះអ្នកដែលបង់ថ្លៃតូបនិងបន្ទប់ជួលក្នុងខែមេសារួចហើយនោះ ខាងម្ចាស់សួនឧស្សាហកម្មកាណាឌីយ៉ា នឹងលើកទៅទូទាត់នៅខែមិថុនា ឆ្នាំ២០២១ ជំនួសវិញ។
សួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វីអូឌី មិនអាចរកការឆ្លើយតបបន្ថែមពីខាងក្រុមហ៊ុនសួនឧស្សាហកម្មកាណាឌីយ៉ាបានទេនៅថ្ងៃពុធនេះ ខណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ សុំមិនធ្វើអត្ថាធិប្បាយបន្ថែមលើរឿងនេះឡើយ ដោយរុញឱ្យទៅសួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញ។ ដោយឡែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ក៏មិនទទួលបានការឆ្លើយតបដែរ។
អ្នកលក់គ្រឿងក្រអូបម្នាក់ ដែលជួលតូបនៅក្នុងតំបន់សួនកាណាឌីយ៉ា អ្នកស្រី សុជាតិ លើកឡើងថា ចាប់តាំងពីខែមេសា ឆ្នាំ២០២១មក ពួកគាត់មិនបានលក់ដូរនោះទេ។ អ្នកស្រីបន្តថា តូបដែលគាត់ជួលលក់គ្រឿងក្រអូបនេះមានតម្លៃឈ្នួល១៥០ដុល្លារក្នុង១ខែ។
លោកថា៖ «វាជួបផលលំបាកច្រើន ព្រោះអីយើងអត់បានរកផង ហើយយើងនៅតែផ្ទះ ហើយត្រូវការចំណាយលុយទៀត។ អ៊ីចឹងហើយបានម្ចាស់ផ្សារគាត់ជួយសម្រួល អ៊ីចឹងអរគុណគាត់ ហើយក៏សប្បាយចិត្តខ្លាំង។ និយាយទៅ ចាប់តាំងពីខែមេសា ផ្ទុះកូវីដខ្លាំង គឺអត់បានលក់តែម្ដង»។
កម្មការិនីរោងចក្រដែលជួលបន្ទប់ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា អ្នកស្រី រិន អ៊ាម បង្ហាញក្ដីរីករាយ ដោយថា ចាប់តាំងពីខែមេសាមកដល់ថ្ងៃនេះ ពួកគាត់មិនបានធ្វើការទេ ហើយប្រាក់ខែក៏នៅមិនទាន់បើកនោះដែរ។
អ្នកស្រីថា៖ «ទោះឱ្យបង់ ក៏គ្មានលុយបង់ដែរ! ព្រោះកម្មករច្រើន តែអត់មានលុយ ២ខែហើយមិនទាន់បើកប្រាក់ខែ។ ឥលូវកំពុងរកមធ្យោបាយបើកប្រាក់ខែ ឬមួយបើកតាមមួយក្រុមៗម៉េច! ព្រោះពិបាក ដោយរដ្ឋបាលអត់ទំនាក់ទំនងមកសហជីពអ៊ីចឹង»។
អ្នកជួលបន្ទប់នៅតំបន់សួនឧស្សាហកម្មនេះមួយរូបទៀត លោក សឿន វុត្ថា លើកឡើងថា ពួកគាត់ជាកម្មករសប្បាយចិត្ត នៅពេលម្ចាស់សួនមិនយកថ្លៃបន្ទប់ជួលពីពួកគាត់រយៈពេល២ខែដូច្នេះ។
លោកថា៖ «ខ្ញុំនិងអ្នករស់នៅជិតបន្ទប់សប្បាយចិត្ត នៅពេលដែលក្រុមហ៊ុនសួនគាត់អនុគ្រោះអត់យកថ្លៃបន្ទប់ជួល២ខែ។ ក្នុងកាលៈទេសៈនេះ បានជួយកាត់បន្ថយការចំណាយដែលយើងកំពុងជួបផលលំបាកពីកូវីដហ្នឹង។ មែនទែនទៅ យើងបានធូរស្រាលប្រាក់ចំណាយមួយផ្នែក មួយបន្ទប់៤៥ដុល្លារ ហើយនៅថ្លៃទឹកនិងភ្លើងផ្សេងទៀត»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បង្ហាញការសាទរ ដោយថា ការមិនយកថ្លៃតូបនិងបន្ទប់ជួលអំឡុងពេលនេះ បានជួយកាត់បន្ថយទុក្ខលំបាករបស់កម្មករនិងអាជីវករមួយកម្រិត។ លោកបន្តថា នៅតាមតំបន់ផ្សេងៗ គួរតែពិចារណាបែបនេះដែរ។
លោកថា៖ «នៅតាមតំបន់ផ្ទះជួលដូចវឌ្ឍនៈ២ ដូចវេសវ័ន្តសាក់អី! គួរតែជួយកម្មករ មិនយកលុយដូចកាណាឌីយ៉ាដែរទៅ ម្ចាស់ផ្ទះជួលខ្លះមានរាប់រយបន្ទប់ យើងមិនសំដៅអ្នកដែលគ្នាជំពាក់ធនាគារទេ តែអ្នកផ្ទះជួលខ្លះគាត់ក្លាយជាឧកញ៉ា គួរជួយកម្មករជាងយកលុយទៅជួយនេះជួយនោះ»។
ចាប់តាំងពីយប់ថ្ងៃទី១៥ ខែមេសាមក រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ (Lockdown) ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់នេះ បានហាមប្រាមការធ្វើដំណើរចេញពីផ្ទះឬទីសំណាក់បច្ចុប្បន្នរបស់ពលរដ្ឋ ត្រូវបានហាមឃាត់ទាំងស្រុង លើកលែងតែមានការចាំបាច់។ ប៉ុន្តែវិធានការនេះ ក៏ត្រូវបានបញ្ចប់ចាប់ពីថ្ងៃទី៦ ខែឧសភា ដោយរដ្ឋាភិបាលសម្រេចបង្រួមតំបន់បិទខ្ទប់មកនៅតូចជាងមុន ហើយកំណត់ជាតំបន់ក្រហម លឿងទុំ និងលឿង ដើម្បីសម្រួលដល់ការរស់នៅនិងប្រកបមុខរបររបស់ពលរដ្ឋដែលមិនស្ថិតនៅក្នុងតំបន់ហានិភ័យខ្ពស់ឱ្យបានប្រសើរជាងមុន៕