អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ត្រូវ​ជន​មិន​ស្គាល់​មុខ​៤​នាក់​ព្រួត​វាយ​ឱ្យ​របួស​ធ្ងន់​

គ្រូពេទ្យគ្លីនិកឯកជនមួយកន្លែង កំពុងដេរមុខរបួសឱ្យជនរងគ្រោះឈ្មោះ ស៊ិន ខុន ក្រោយលោករងរបួសដោយត្រូវជនមិនស្គាល់មុខមានគ្នា៤នាក់ព្រួតវាយបណ្ដាលឱ្យរងរបួស ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

អតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ត្រូវបានជនមិនស្គាល់មុខចំនួន៤នាក់ព្រួតគ្នាវាយដោយដំបងដែកបណ្តាល​ឱ្យរងរបួសច្រើនកន្លែង ខណៈសំណុំរឿងហិង្សាទៅលើអតីតសកម្មជននិងមន្ត្រីបក្សប្រឆាំងមុនៗ មិនទាន់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានរកឃើញជនល្មើសមកផ្តន្ទាទោសតាមច្បាប់នៅឡើយ។

ជនរងគ្រោះឈ្មោះ​ ស៊ិន ខុន អាយុ៣១ឆ្នាំ ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានរៀបរាប់ប្រាប់ វីអូឌី ថា មុនពេល​កើតហេតុ រូបលោក​បាន​​ទៅផ្សារដើមស្រល់ ក្នុងសង្កាត់ជ្រោ​យចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ដើម្បីទិញបន្លែធ្វើម្ហូបប្រគេនព្រះសង្ឃ ប៉ុន្តែនៅពេលទៅដល់ ​​មិនទាន់ទាំងដាក់ចន្ទល់ម៉ូតូផង ស្រាប់តែមានជនមួយក្រុមដែលមានគ្នា៤នាក់ បាន​ចូលមក​វា​យ​គា​ត់​​ក្នុងចំណោមមនុស្សម្នាជាច្រើន។ លោកថា ហេតុការណ៍ហិង្សា​នេះបានកើតឡើងនៅម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ​ឆ្នាំ២០២១នេះ។

លោកថា​៖ «ដំបូងវាយតែ២នាក់ទេ ទាល់តែវាយខ្ញុំអត់បាន វារួមទាំងអស់គ្នាតែម្តង»

លោកបន្ថែមថា ជនដៃដល់មានមាឌធំ កម្ពស់ពី១,៧៥ម៉ែត្រ ទៅ១,៨០ម៉ែត្រ ពាក់មួកសុវត្ថិភាព ប្រដាប់ដោយដំបងដែករលាស់ និងដែកបំពង់ទីប ចូលទៅ​​វាយ​​សន្ធប់លើរូប​លោក បណ្តាលឱ្យរងរបួសត្រង់ក្បាល លើចិញ្ចើមខាងឆ្វេង និងដៃខាងឆ្វេង ហូរឈាម​ស្រោ​ចខ្លួន ហើយពួកគេក៏ជិះម៉ូតូ២គ្រឿងម៉ាក PCX ពណ៌ស និង Honda C100 ដោយមិនស្គាល់ស្លាកលេខ ចេញទៅបាត់។

លោកបន្តថា លោកត្រូវបានអ្នកផ្សារដែលធ្លាប់ស្គាល់ជូនទៅដេរភ្ជិតមុខរបួសចំនួន១២ថ្នេរនៅពេទ្យឯកជន​មួយកន្លែង បន្ទាប់ពីមណ្ឌលសុខភាពក្នុងសង្កាត់ជ្រោយចង្វារ មិនព្រមទទួលព្យាបាល។

លោក ស៊ិន ខុន និយាយថា៖ «ខ្ញុំគិតថាការប្រើអំពើហិង្សាចំពោះខ្ញុំ​ ដូចជាព្រៃផ្សៃពេកហើយ។ ព្រៃផ្សៃខ្លាំងណាស់ ព្រៃផ្សៃមែនទែន ដោយសារអី? គេវាយយើងអត់មានមូលហេតុ។ បើអារម្មណ៍វិញ មើលមកខ្ញុំជាមនុស្សហ្នឹងអត់ប្រៀបបានជាសត្វផង អាការវាយរបស់ពួកគេ។ អត់ស្មើនឹងសត្វ អត់ចាត់ទុកខ្ញុំជាមនុស្សសោះ»

អតីតយុវជនបក្សប្រឆាំងរូបនេះ ​យល់ឃើញថា ករណីហិង្សាទៅលើរូបលោកនេះ គឺពាក់ព័ន្ធនឹងការគំរាមកំហែងផ្នែកន​យោបា​យ ដោយសារលោកគ្មានជម្លោះឬជំពាក់បំណុលជាមួយអ្នកណាទេពីមុនមក​ ប៉ុន្តែលោកឧស្សាហ៍បង្ហោះរឿងនយោបាយលើបណ្តាញ​ស​ង្គម និងបានចុះចែកអំណោយដល់ពលរដ្ឋខ្វះខាត​ដោយសារវិធានបិទខ្ទប់កាលពីសប្តាហ៍មុន។

លោកបន្តថា លោកបានដាក់ពាក្យប្តឹងទៅកាន់អធិការដ្ឋានខណ្ឌជ្រោយចង្វាររួចហើយនៅ​ថ្ងៃត្រង់នេះ ប៉ុន្តែលោកមិនមានជំនឿថា អាជ្ញាធរនឹងអាចស្រាវជ្រាវវែកមុខជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ដល់រូបលោកនោះទេ ត្បិតសំណុំរឿងហិង្សាលើអតីត​​សកម្មជនបក្សប្រឆាំងមុនៗ ជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

លោកនិយាយថា៖ «មានសកម្មជនជាច្រើនដែលរងការវាយធ្វើបាប និងចាប់ដាក់ពន្ធនាគារ​ហ្នឹងអ៊ីចឹង។ ឥលូវមានខ្ញុំមួយដែរ ខ្ញុំគ្មានសង្ឃឹមទេ»។

កាលពីសប្តាហ៍មុន ក្រុមគ្រួសារ​និងអតីត​មន្រ្តីបក្ស​ប្រឆាំងមួយចំនួនបានបង្ហាញពីការបាត់បង់ជំនឿចិត្តលើសមត្ថកិច្ចក្នុងការវែកមុខជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ខណៈករណីហិង្សាក្នុងទម្រង់ស្រដៀងគ្នានេះបន្តកើតឡើង ហើយ​សមត្ថ​កិច្ច​មិន​ទាន់​រក​ឃើញ​ជន​សង្ស័យណាម្នាក់។​

ព្រះតេជគុណ ណុប វណ្នី គង់នៅ«វត្តពោធិយារាម» ហៅ«វត្តចាស់» មានសង្ឃដីកា​ថា ជនរងគ្រោះស្នាក់នៅក្នុងវត្តជាមួយព្រះអង្គ និងធ្វើការនៅហាងលក់​សម្ភារសំណង់មួយកន្លែង។ ព្រះតេជគុណមានសង្ឃដីកា​បន្ត​​ថា មុនថ្ងៃកើតហេតុ២ទៅ៣ថ្ងៃ ព្រះអង្គបានកត់សម្គាល់ឃើញជនប្លែកមុខចូលមកវត្តច្រើន។

ព្រះអង្គ វណ្នី មានសង្ឃដីកាថា៖ «ប្លែក! ដូចមនុស្សដែលយើងមិនធ្លាប់ស្គាល់ វាដូចជាលក្ខណៈមួយដូចជាមកតាមដានឬមកមើលអ៊ីចឹង។ យើងមិនហ៊ានថាដែរ ប៉ុន្តែវាមានប្លែក ខុសប្លែកពីអ្នកដែលចូលមកសម្រាកធម្មតា»។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអធិការខណ្ឌជ្រោយចង្វារ លោក សៀម សុត្ថាវុធ ដើម្បីសាកសួរជុំវិញករណីហិង្សានេះបានទេ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

អ្នកនាំពាក្យស្នងការដ្ឋាន​ន​គរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា លើកឡើងថា​ ពលរដ្ឋគ្រប់រូបមុននឹងដាក់ពាក្យបណ្តឹង ត្រូវមានជំនឿចិត្តលើសមត្ថកិច្ច ហើយលោកថា ការឆាប់សន្និដ្ឋានពីមូលហេតុនៃករណីហិង្សាថាពាក់ព័ន្ធរឿងនយោបាយ គឺជាសិទ្ធិរបស់បុគ្គលនិងធ្វើឡើងដោយផ្អែកលើនិន្នាការរបស់ពួកគេ។

លោកបន្ថែមថា សម្រាប់សមត្ថកិច្ច មុននឹងឈានដល់ការ​សន្និដ្ឋានមូលហេតុនៃបទល្មើសណាមួយ គឺត្រូវផ្អែកលើលទ្ធផលនៃការស្រា​វជ្រាវនិងភស្តុតាងជាក់ស្តែង។

លោក សាន សុខសីហា មានប្រសាសន៍ថា៖ «បញ្ហាសំខាន់គឺមកពីគោលគំនិតគាត់ផ្ទាល់ គាត់មាននិន្នាការប្រឆាំង។ អ្វីបន្តិចគឺគា​ត់ចោទទៅលើខាងហ្នឹង អ្វីបន្តិចគឺគាត់ចោទទៅលើសមត្ថកិច្ច អ្វីបន្តិចគឺគាត់ចោទទៅលើរដ្ឋាភិបាល លើបញ្ហាអស់ហ្នឹង។ អាហ្នឹងហើយគឺជាចំណុចមួយដែលថាគ្មានជំនឿចិត្ត គ្មានជំនឿចិត្តទៅលើសមត្ថកិច្ចគឺត្រង់ចំណុចហ្នឹង»។

នាយិកា​ប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​ស្រី ចក់ សុភាព បង្ហាញពីក្តីបារម្ភចំពោះករណីហិង្សាពលរដ្ឋដែលជាអតីតសកម្មជន ឬមន្រ្តីគណបក្សប្រឆាំង ដែលនៅ​បន្តកើតមានក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។  លោក​​ស្រីបន្តថា ករណីនេះ ទោះតិចឬច្រើនក្តីអាចនឹងប៉ះពាល់ដល់​សិទ្ធិបញ្ចេញមតិផ្នែកនយោបាយរបស់ប្រជាពលរដ្ឋទូទៅនៅកម្ពុជា។

លោក​​ស្រី ចក់ សុភាព មានប្រសាសន៍ថា៖ «ខ្ញុំអំពាវនាវដល់អាជ្ញាធរក្នុងការធ្វើយ៉ាងម៉េចស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ហើយធ្វើយ៉ាងម៉េចធានាសុវត្ថិភាពដល់ពលរដ្ឋទាំងអស់នៅក្នុងសង្គមហ្នឹង ដើម្បីឱ្យយើងមានអារម្មណ៍កក់ក្តៅថា ​យើងមានសុវត្ថិភាពដូចដែលរដ្ឋាភិបាលព្យាយាមប្រឹងប្រែងក្នុងការងារធ្វើយ៉ាងម៉េចធានាដល់សុវត្ថិភាពភូមិឃុំ»

នេះជាករណីហិង្សាលើកទី២ហើយដែលកើតឡើងទៅអតីតសកម្មជនគណបក្សសង្រ្គោះជាតិ អំឡុងពេលរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល​ ដោយគិតត្រឹមចុងខែមេសា​ ឆ្នាំ២០២១មក។

កាលពីថ្ងៃទី២៧ ខែមេសា កុមារាម្នាក់ឈ្មោះ កាក់ សុវណ្ណច្ឆ័យ វ័យ១៥ឆ្នាំ ដែលជាកូនប្រុសបង្កើតរបស់អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ លោក កាក់ កុម្ភារៈ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូយកដុំឥដ្ឋគប់លើបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ ពេលកំពុងជិះម៉ូតូដឹកម្តាយត្រឡប់ពីទិញដំឡូងក្បែរផ្ទះ ក្នុងសង្កាត់​បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយករណីនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ