ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកស្ទួយផ្នែកសិទ្ធិមនុស្ស យល់ឃើញថា រដ្ឋាភិបាលគួររៀបចំឱ្យមានការលើកលែងទោសនិងបន្ធូរបន្ថយទោសដល់អ្នកជាប់ឃុំ នៅចំថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ បន្ថែមលើថ្ងៃបុណ្យជាតិចំនួន៥ ដែលមានកន្លងមក។
ព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ព្រះករុណា ដែលឡាយព្រហស្តលេខាដោយព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកំណត់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងការលើកលែងទោសនោះ ត្រូវកំណត់៥ដងក្នុងមួយឆ្នាំ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។
ព្រះរាជក្រឹត្យដដែលបន្តថា ការបន្ធូរបន្ថយទោសនិងលើកលែងទោសនេះ ក៏អាចធ្វើបានដែរក្នុងពិធីបុណ្យឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។
អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ យល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញអំពីលទ្ធភាពក្នុងការដាក់បញ្ចូលថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅថ្ងៃទី១៤ ខែឧសភានេះ បន្ថែមទៅក្នុងកម្មវិធីបន្ធូរបន្ថយឬលើកលែងទោសដល់ទណ្ឌិត។
លោកបន្តថា ការអនុវត្តដូច្នេះក៏អាចជួយដោះបន្ទុកភាពចង្អៀតណែននៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ និងសម្រួលដល់បញ្ហាប្រឈមនានា ដូចជា ការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ឬជំងឺដទៃទៀត នៅក្នុងពន្ធនាគារផងដែរ។
លោក ហ៊ុន ស៊ាងហាក់ បានថ្លែងថា៖ «រដ្ឋាភិបាលលោកត្រូវតែពិចារណាធ្វើម៉េចក្នុងការដោះស្រាយភាពចង្អៀតណែនតាន់តាប់នៅក្នុងពន្ធនាគារហ្នឹង ឱ្យបានកាន់តែឆាប់កាន់តែល្អ។ ជាងនេះទៀត យើងគិតថា នៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដនេះដែរ វាក៏អាចនឹងប៉ះពាល់ដែរចំពោះជនជាប់ឃុំ»។
ជាមួយគ្នានេះដែរ លោក អំ សំអាត នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា តាមពិតទៅ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រនេះ ក៏ជាពេលវេលាមួយអំណោយផលដែលរដ្ឋាភិបាលគួរពិចារណាឡើងវិញ ក្នុងការរៀបចំឱ្យមានការលើកលែងទោសចំពោះអ្នកអនុវត្តទោសនៅក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀនណែនផង និងជួយសម្រួលដល់បរិយាកាសនៅក្នុងពន្ធនាគារផង។
លោកបន្តថា៖ «តាមពិតទៅ ក្នុងព្រះរាជក្រឹត្យអត់បានយកថ្ងៃចម្រើនព្រះជន្មដែរ ប៉ុន្តែគ្រាន់តែថា បើសិនជាមានការបន្ធូរបន្ថយនូវការលើកលែងបន្ថែមទៀត ក៏វាកាន់តែល្អប្រសើរដែរ ដោយហេតុថា ថ្ងៃនេះជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះករុណា [ព្រះមហាក្សត្រ]»។
ឆ្លើយតបរឿងនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ទាំងព្រះរាជក្រឹត្យនិងច្បាប់បានកំណត់រួចហើយ គឺអ្នកទោសមិនត្រូវបានកំណត់ថា នឹងត្រូវផ្តល់សេរីភាពឱ្យនៅចំថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រទេ។
លោកបន្តថា អ្នកទោសដែលត្រូវបានគេដាក់បញ្ចូលទៅក្នុងកម្មវិធីបន្ធូរបន្ថយឬលើកលែងទោស លុះត្រាតែត្រូវស្ថិតនៅក្រោមពិធីបុណ្យជាតិសំខាន់ៗប៉ុណ្ណោះ។
លោកបន្តថា៖ «ទេ! ដូចអត់មានកម្មវិធីហ្នឹងផង យើងមានតែ៥ដងតើ! មានបុណ្យចូលឆ្នាំ បុណ្យវិសាខបូជា បុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងបុណ្យ៧មករា មានតែ៥ដងប៉ុណ្ណោះ អត់មានឱកាសនៅក្នុងថ្ងៃចម្រើនព្រះជន្មទេ»។
វីអូឌី ពុំអាចសុំការបញ្ជាក់បន្ថែមពីលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានទេ នៅថ្ងៃនេះ។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីចុងឆ្នាំ២០២០ ថាគិតត្រឹមខែឧសភា ឆ្នាំ២០២០ មានអ្នកជាប់ឃុំនៅក្នុងពន្ធនាគារសរុបនៅទូទាំងប្រទេសមានប្រមាណ៤០ ០០០នាក់។
ដោយឡែក មន្រ្តីខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ ដារាវុធ មានប្រសាសន៍ថា សម្រាប់ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រនៅឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗឡើយ ពោលគឺនៅក្នុងព្រះបរមរាជវាំងពុំមានព្រះរាជពិធីអ្វីពិសេស សម្រាប់ថ្វាយព្រះអង្គនោះទេ ស្របពេលដែលកម្ពុជាកំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោកបញ្ជាក់ថា៖ «អត់មានទេ! បាទ! ធម្មតាអ៊ីចឹង អត់មានអីទេ»។
បើតាមព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា ក៏បានកំណត់វិសាលភាពដោយគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយនិងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយសាលក្រមឬសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិតដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយអំណាចតុលាការនៃរដ្ឋបរទេសដែលត្រូវបញ្ជូនឱ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋបរទេសនោះ។
ព្រះរាជក្រឹត្យបានបញ្ជាក់ទៀតថា ការបន្ធូរបន្ថយទោសនិងការលើកលែងទោសនេះ អាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រមឬសាលដីកាស្ថាពរតែប៉ុណ្ណោះ និងបានភ្ញាក់រឭកហើយបានកែប្រែគំនិតមាយាទឱ្យក្លាយជាពលរដ្ឋល្អ គោរពបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងមានគំរូល្អដល់ទណ្ឌិតនិងអ្នកជាប់ឃុំផ្សេងទៀត ជាដើម។
កម្មវិធីបន្ធូរបន្ថយទោសនិងការលើកលែងទោសនេះ អនុវត្តផងដែរចំពោះទណ្ឌិតមានវ័យចាស់ជរា ស្ត្រីមានផ្ទៃពោះ ឬមានជំងឺរ៉ាំរ៉ៃ មានវិបល្លាសស្មារតី ពិការភាព ដែលមានលិខិតបញ្ជាក់ពីគ្រូពេទ្យ។ ព្រះរាជក្រឹត្យនេះបានលើកឡើងដែរថា ចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌតាមបញ្ញត្តិក្នុងព្រះរាជ្យក្រឹត្យ ដែលអាចទទួលបានការបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុបដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស១០ឆ្នាំជាមុនសិន៕