វ៉ាក់សាំង​ចិន​ចំនួន​៥០​ម៉ឺន​ដូស​បន្ថែម​ទៀត​បាន​មក​ដល់​កម្ពុជា​

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត បានមកដល់កម្ពុជានៅថ្ងៃទី១៦ ខែឧសភានេះ ខណៈចំនួននេះបានធ្វើឱ្យ​​វ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសមហាមិត្តចិនទាំងការបញ្ជាទិញនិងជំនួយ កើនឡើងដល់ទៅជាង៤លានដូស។

រដ្ឋលេខាធិ​ការ​ក្រសួងសុខាភិបាល លោស្រី យក់ សម្បត្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីទទួល​វ៉ាក់សាំងចំនួន៥០ម៉ឺនដូស នៅព្រឹកថ្ងៃអាទិត្យនេះថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩កន្លះលានដូសដែលមកដល់ព្រលានយន្តហោះក្រុងភ្នំពេញនេះ ធ្វើឡើងតាមការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនស៊ីណូវ៉ាក់ ​ប្រទេសចិន។

អ្នកស្រីបន្តថា បច្ចុប្បន្ននេះ គណៈកម្មការចំពោះកិច្ច ក៏ដូចជាគណៈកម្ម​ការលទ្ធកម្ម ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងជំរុញការចាក់​វ៉ាក់​សាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងបណ្ដាខេត្ត​ដែលប្រឈមមួយចំនួន ជូនប្រជា​ពល​រដ្ឋគ្រប់ៗគ្នាចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។

ករណីនេះ អ្នកស្រីថា រដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងចំនួន៥០ម៉ឺនដូសបន្ថែមទៀតពីក្រុមហ៊ុនស៊ីណូវ៉ាក់ នៃប្រទេសចិន ដោយក្រុមហ៊ុនបានបញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។

លោកស្រី យក់ សម្បត្តិ បញ្ជាក់ទៀតថា រដ្ឋាភិបាលកំពុងតែបញ្ជា​ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាបន្តបន្ទាប់បន្ថែមទៀត ពីក្រុមហ៊ុនស៊ីណូហ្វាម ក្រុមហ៊ុនស៊ីណូវ៉ាក់ និងវ៉ាក់សាំងជំនួយផ្សេងៗទៀត។

ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ នៅថ្ងៃអាទិត្យនេះ ​អះអាងថា កម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនចំនួន៤លើក រួមមាន លើក​ទី១ មានចំនួន១លាន៥សែនដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២១។ លើកទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។ ដោយឡែក ​លើក​ទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ នៅថ្ងៃទី១៦​​ ខែឧសភានេះ ដោយកម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ប្រទេសចិន ចំនួន៥០ម៉ឺនដូសបន្ថែមទៀត។

កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាង៤លាន៥សែនដូសរួចមកហើយ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន ចំនួន១លាន៧សែនដូស។ វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ចំនួន២លាន៥សែ​នដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនិកា ជាង៣២ម៉ឺនដូស (៣២៤ ០០០) ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់ប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ ប្រមុខរាជរដ្ឋាភិបាល​បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ​

នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ ឱ្យដឹងទៀតថា កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង២លាននាក់ហើយបានចាក់វ៉ាក់សាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ