បារាំង​ផ្តល់​ជំនួយ​១,៥​លាន​អឺរ៉ូ​ដល់​ MRC ​ដើម្បី​តាម​ដាន​និង​គ្រប់គ្រង​រចនា​សម្ព័ន្ធ​ទន្លេ​មេគង្គ​

ប្រជានេសាទម្នាក់នៅឃុំកំពង់ភ្លុក បង់សំណាញ់នេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

រដ្ឋាភិបាលបារាំងផ្តល់ជំនួយជាថវិកាចំនួន១,៥លានអឺរ៉ូ សម្រាប់គម្រោង៤ឆ្នាំ ដល់គណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) ដើម្បីពង្រីកនិងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេ និងគ្រប់ដំណើរប្រតិបត្តិការគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមដងទន្លេមេនិងដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ ឱ្យមានកាន់តែមានភាពល្អប្រសើរ។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ (MRC) និងទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង (AFD) បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភានេះ​ថា ទន្លេមេគង្គជាអាយុជីវិតប្រជាជនរាប់លាននាក់ដែលពឹងអាស្រ័យសម្រាប់ការចិញ្ចឹមជីវិត។ ប៉ុន្តែដោយ​សារតែការអភិវឌ្ឍកើនឡើងយ៉ាងលឿន និងអាកាសធាតុប្រែប្រួលខ្លាំង កង្វះទិន្នន័យ និងព័ត៌មានពីហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងអាងទន្លេ និងវិធីប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ផ្តល់ការលំបាកក្នុងការព្យាករពីផលប៉ះពាល់នានាជាដើម។

ករណីនេះ រដ្ឋាភិបាលបារាំងបានផ្តល់ថវិកាចំនួន១,៥លានអឺរ៉ូ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដោយមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ហើយជំនួយនេះមានគោលបំណងបង្កើនសមត្ថភាពរបស់គណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិក រួមមាន ប្រទេសកម្ពុជា ថៃ ឡាវ  និងវៀតណាម ដើម្បីតាមដានលំហូរទន្លេ និងផលប៉ះពាល់ដែលអាចកើតមានពីគម្រោង និងការប្រែប្រួលអាកាសធាតុទៅលើ​សហគមន៍តាមដងទន្លេ រួមទាំងលើកកម្ពស់ការយល់ដឹងពីបម្រែបម្រួលអាកាសធាតុនិងផលប៉ះពាល់បរិស្ថាន ជាដើម។

សេចក្តីប្រកាសព័ត៌មាន​នោះមានខ្លឹមសារថា៖ «លើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរពីបម្រែបម្រួល​លំហូរ និងផលប៉ះពាល់ដែលអាចកើតមានពីគម្រោងអភិវឌ្ឍន៍ និងការប្រែប្រួលអាកាសធាតុទៅលើសហគមន៍តាមអាងទន្លេ​និងបរិស្ថាន ជាពិសេសលើគុណភាពទឹក កំណកកករ និងជលផល»។

សេចក្តីប្រកាស​ព័ត៌មានដដែលបញ្ជាក់ថា មូលនិធិថ្មីនេះជាជំនួយបន្តពីជំនួយ២ផ្សេងទៀតដែលមានទឹកប្រាក់ចំនួន៤លានអឺរ៉ូ ​ពីប្រទេសបារាំង សម្រាប់ដំណាក់កាលដំបូងនៃគម្រោងបណ្តាញតាមដានលំហូរទន្លេនិងបរិមាណទឹកភ្លៀង។

ដំណាក់កាលទី១ (ឆ្នាំ២០០៧ ដល់ឆ្នាំ២០១២) គណៈកម្មការទន្លេមេគង្គបានបង្កើតបណ្តាញមួយដែលមានស្ថានីយតាមដានលំហូរទន្លេនិងបរិមាណទឹកភ្លៀង ចំនួន៤៩ តាមដងទន្លេមេគង្គនិងដៃទន្លេនានា ដើម្បីប្រមូលទិន្នន័យតាមពេលវេលាជាក់ស្តែងនៃកម្រិតទឹកនិងបរិមាណទឹកភ្លៀង​រៀងរាល់៥នាទីម្តង សម្រាប់ការព្យាករកម្ពស់ទឹកជំនន់និងតាមដានស្ថានភាពទន្លេ។

ចំណែកដំណាក់កាលទី២ (ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២) គណៈកម្មការទន្លេមេគង្គបានពង្រីកបណ្តាញនេះ ដោយបង្កើតស្ថានីយចំនួន១១បន្ថែមទៀតនៅតាមដងទន្លេមេ និងធ្វើឱ្យប្រសើរនូវការយល់ដឹងពីថាមវន្តទន្លេនេះ និងការប្រើប្រាស់ទិន្នន័យសម្រាប់វិស័យផ្សេងទៀតនៃការគ្រប់គ្រងធនធានទឹក។

លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «យើងនឹងពង្រឹងប្រព័ន្ធតាមដានទន្លេបច្ចុប្បន្ននេះឱ្យ​កាន់តែមានសមត្ថភាព ប្រសិទ្ធភាព និងភាពជឿជាក់​ក្នុងការប្រមូល​និង​បញ្ជូនទិន្នន័យទឹក​ភ្លៀង កម្រិតទឹក​តាមពេលវេលាជាក់ស្តែង និងទិន្នន័យ​ពាក់ព័ន្ធនឹង​បរិស្ថានផ្សេងៗ ដើម្បីជំរុញដល់​ការគ្រប់គ្រង​និងអភិវឌ្ឍន៍​ទន្លេ​ប្រកប​ដោយ​ទំនួលខុសត្រូវ»។

ចាប់ពីឆ្នាំ២០០៦មក ប្រទេសបារាំងបានផ្តល់ជំនួយថវិកាជាង១០លានអឺរ៉ូ (ត្រូវជា១២លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់កិច្ចការតាមដានទន្លេ ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន។

គួរបញ្ជាក់ថា ប្រទេសបារាំងជាដៃគូមួយក្នុងចំណោមដៃគូអភិវឌ្ឍន៍ជាច្រើនដែលគាំពារដល់ការអនុវត្តនៃផែនការយុទ្ធសាស្ត្រថ្មីរបស់គណៈកម្មការទន្លេមេគង្គ។ ក្នុងនាមជាឧបករណ៍ចម្បងមួយក្នុងការអនុវត្តយុទ្ធសាស្ត្រថ្មីសម្រាប់អភិវឌ្ឍន៍អាងទាំងមូល (ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០) ផែនការរយៈពេល៥ឆ្នាំនេះ នឹងផ្តល់លទ្ធភាពដល់ប្រទេសសមាជិកទាំង៤ ក្នុងការថែរក្សាមុខងារអេកូឡូស៊ីនៃទន្លេ ជំរុញឱ្យមានវិនិយោគចាំបាច់តាមរយៈការរៀបចំផែនការថ្នាក់តំបន់បែបបរិសកម្ម និងពង្រឹងភាពធន់ទប់ទល់នឹងគ្រោះអន្តរាយនានា ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ