សង្គម​ស៊ីវិល​បារម្ភ​ការ​កើន​ឡើង​អ្នក​ត្រូវ​ចាប់​ខ្លួន​ ក្រោយ​រដ្ឋា​ភិបាលចោទ​ក្រុម​ប្រឆាំង​ថា​«ប៉ុនប៉ង​វាយ​ប្រហារ​ការបោះឆ្នោត»​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

​​ក្រុមអ្ន​ក​ឃ្លាំមើល​សង្គមនិងអង្គការសង្គមស៊ីវិលបង្ហា​ញកា​រព្រួយបារ​ម្ភថា​ លំហសេរី​ភាពមូ​លដ្ឋា​ននឹង​បន្តធ្លាក់ចុះ ​ជំរុញឱ្យ​មានការចាប់ខ្លួនមនុស្សកើនឡើ​ង​ បន្ទាប់ពីរដ្ឋាភិបាលលើកឡើងថា អតីតបក្សប្រឆាំងមាន«ផែនការបំផ្លាញការបោះឆ្នោតនាពេល​ខាងមុខ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារលិខិតមួយក្នុងថ្ងៃរំឭកខួបអនុស្សាវរីយ៍នគរបាលជាតិ កាលពីម្សិលមិញ បានក្រើនរំឭកកងកម្លាំងថា៖ «ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍នយោ​បាយ​ដ៏សំខាន់នេះ»។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​បែបនេះ ដោយ​​យោងទៅលើឥទ្ធិពល​ចម្បងពីរដែលរដ្ឋាភិបាលមិនទាន់មានលទ្ធភាពទប់ស្កាត់បាននៅឡើយ នោះគឺ «សង្គ្រាមប្រឆាំងនឹងជំងឺ​កូវីដ-១៩ និងសភាពការ​សន្តិសុខសកល» ដែលលោកប្រមើលឃើញថា ពោរពេញទៅ​ដោយគ្រោះថ្នាក់និងជះឥទ្ធិពលជា​អវិជ្ជមានដល់កម្ពុជា។

លោកបានគូសបញ្ជាក់ថា បញ្ហាទាំងអស់នេះតម្រូវឱ្យកងកម្លាំងនគរបាលជាតិ បន្តពង្រឹងស្មារតីប្តេជ្ញាចិត្តខ្ពស់ ដើម្បី​បំពេញកាតព្វកិច្ចក្នុងនាមជាកម្លាំងស្នូល រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ ទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់ឧបាយកលសកម្មភាពរបស់ក្រុមអតីតគណបក្សប្រឆាំង ដោយមិនត្រូវឱ្យពួកគេសម្រេចផែនការទាំងនោះជា​ដាច់ខាត។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម​ សុវណ្ណរ៉ា មើលឃើញថា អតីតបក្សប្រឆាំងទំនងជាគ្មានលទ្ធភាពវាយប្រហារការបោះឆ្នោតដូចការព្យាករនេះទេ ដោយថា បក្សកាន់អំណាចពេលនេះកំពុងគ្រប់គ្រងអំណាចយ៉ាងណែនដៃ។

មួយវិញទៀត លោកថា ឥទ្ធិពលសន្តិសុខសកលវិញក៏មិន​បង្ក​គ្រោះថ្នាក់ដល់សន្តិសុខជាតិ​របស់កម្ពុជាដែរ ដោយថា អន្តរជាតិពេលនេះមិនចាត់ទុកអ្នកនយោបាយប្រឆាំងរបស់កម្ពុជាជាក្រុមឧទ្ទាមទេ នោះក៏ដោយសារពួកគេបានផ្តល់សិទ្ធិឱ្យជ្រកកោនផ្នែកនយោបាយនៅឡើយ។

ប៉ុន្តែលោកយល់ថា សារនេះជាការវាយបកដើម្បីការពារមុខមាត់និងប្រជា​​ប្រិយភាពទៅនឹងការលើកឡើងថា រដ្ឋាភិបាល ខ្វះលទ្ធភាព​ដោះស្រាយបញ្ហាជីវភាពជូនប្រជាពលរដ្ឋអំឡុងពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ-១៩ ។

លោកថា៖ «យន្តការនេះ នៅពេលមានបទបញ្ជានៅពេលមានការណែនាំពីមេដឹកនាំ អ៊ីចឹងលំហសេរីភាពនៅកម្ពុជាយើង ក៏កាន់តែរួមតូចដែរ នេះជាទស្សនៈខ្ញុំ »។

លោក ឯម​ សុវណ្ណរ៉ា បន្តថា ឥទ្ធិពលបែបនេះ វានឹងប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ធ្វើឱ្យកម្ពុជាបន្តខាតប្រយោជន៍ទាំងសេដ្ឋកិច្ចនិងការ​ទូត។

អតីតមន្ត្រីបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា និយាយថា អតីត​​គណបក្សសង្គ្រោះជាតិចង់ឃើញការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ យុ​ត្តិធម៌ និង​មិនយក​ខ្មែរណាធ្វើជាសត្រូវទេ ដែលករណីនេះ លោកថា អតីតបក្សប្រឆាំងមួយ​នេះ​គ្មានហេតុផលណាចង់បំផ្លាញការបោះឆ្នោតនោះទេ។ ប៉ុន្តែលោកចោទជាសំណួរថា តើសារនេះជាចេតនាក្តោបក្តាប់​អំណាចឬមិនចង់បើកផ្លូវឱ្យមានការចរចានយោបាយដើម្បីបុព្វហេតុជាតិ។

លោកថា៖ «អ្នកដែលវេទនា គឺជាតិហើយនិងពលរដ្ឋខ្មែរ ហើយអ្នកដែលចំណេញគឺបរទេសជិតខាង គេចង់ឱ្យតែខ្មែរឈ្លោះគ្នា ដើ​ម្បីគេ​បានចំណេញផលប្រយោជន៍នយោបាយការទូតនិងនយោបាយសេដ្ឋកិច្ច ហើយគេខ្ចីកម្ពុជាជាទីផ្សារចំណេញរបស់គេ អាហ្នឹ​ងហើយដែលយើងអ្នកដឹកនាំត្រូវគិត»។

នាយករងអង្គការលីកាដូឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍​ថា សាររបស់រដ្ឋាភិបាលបង្កើតជាក្តីបារម្ភមួយនឹងអាចជំរុញឱ្យ​មានការចាប់ខ្លួនមនុស្សដែលអាជ្ញាធរដៅថាជា«ក្រុមប្រឆាំង»បន្ថែម​ទៀត​ ខណៈជនរងគ្រោះមួយចំ​នួ​ន​​មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

លោកថា៖ «បើយើងមើលទៅនេះ ក៏ជាសារនយោបាយមួយដែរ ដែលត្រូវតែរឹតបន្តឹងនិងត្រូវតែឃ្លាំមើលអតីតសកម្ម​ជន​បក្សប្រឆាំងហ្នឹង អាហ្នឹងវាមិនខុសពីព្រឹត្តិការណ៍មុនៗទេ។ អ៊ីចឹងយើងបារម្ភដែរ នៅឆ្នាំ២០២២ ឬ២០២៣អី វា​អាចនឹងមានស្ថានភាពតានតឹងឬក៏អាចចាប់ខ្លួនបន្ថែមទៀត»។

លោកយល់ថា ការធ្វើឱ្យធ្លាក់ចុះសិទ្ធិមូលដ្ឋាន​នេះ អាច​នឹងប៉ះ​ពាល់​ដល់សិទ្ធិបោះឆ្នោត​ដែលច្បាប់តម្រូវឱ្យរដ្ឋាភិបាល​ធានា​នូវបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ប្រាប់ វីអូឌី កាលពីសប្តាហ៍មុនថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានអតីតសកម្មជននិងមន្រ្តីគណបក្សសង្គ្រោះជាតិ​ ចំនួន៣នាក់បានស្លាប់ ដោ​យសារ​អំពើហិង្សាបង្កឡើងដោយជនមិនស្គាល់មុខ ក្នុងចំណោមជនរងគ្រោះសរុបនៅ​ទូទាំងប្រ​ទេសចំនួន៣១នាក់។

អ្នក​សម្របសម្រួលផ្នែកអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត ហៅថា ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍​ថា ការអំពាវនាវឱ្យមានវិធានការច្បាប់ទៅលើក្រុមណាមួយដែល​ព្យាយាមបំផ្លាញការបោះឆ្នោត ​មិន​មាន​អ្វីអាក្រក់ទេ តែលោកថា អ្វីជាការបារម្ភគឺការចោទប្រកាន់មិនច្បាស់លាស់ដែល​ធ្វើឱ្យការអនុវត្តច្បាប់ខ្វះតម្លាភាព។

លោកថា៖ «យើងត្រូវឱ្យនិយមន័យពួកឧទ្ទាម ពួកឧទ្ទាមស្អីគេ? តើបំផ្លាញហ្នឹងដោយរបៀបណា? ហើយបើយើងមិនបានកំ​ណត់​រកទោសពៃរ៍នៅត្រង់ចំណុចនេះទេ ហើយយើងចងភ្ជាប់ការបង្ក្រាបនេះតាមរបៀបនេះ តាមកិច្ចការនយោបាយ អាហ្នឹងវាមិនអាចធ្វើឱ្យការបោះឆ្នោតមួយវាប្រសើរទេ វារឹតតែបន្ថែមឱ្យការបោះឆ្នោតមួយប្រព្រឹត្តទៅមិន​សេរី»។

អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនអាចបញ្ជាក់បានទេ​ថា ក្រសួង​បានរកឃើញតម្រុយអ្វីខ្លះជុំវិញ​ផែនការ​ប៉ុនប៉ងវាយប្រហារការបោះឆ្នោតពីសំណាក់ក្រុមប្រឆាំងរដ្ឋាភិបាលដែលរដ្ឋាភិបាលចាត់ទុកថាជាក្រុម​ឧទ្ទាម​​នោះ។ ប៉ុន្តែលោកថា កម្ពុជាមិនអាចធ្វេសប្រហែសបានទេ ដោយសារ​ធ្លាប់មាន​បទពិសោធន៍នៅ​ប្រទេសជិតខាងមួយចំនួន និងបញ្ហារបស់កម្ពុជាពីអតីតកាល។

លោកថា៖ «ការងាររក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម យើងសន្តិភាពពេក​ក៏មិនកើតដែរ! យើងឧទាហរណ៍កន្លងមក ប្រវត្តិសាស្ត្រយើងបានប្រាប់ហើយ ធ្លាក់ចូលទៅក្នុងសង្គ្រាមអំឡុងឆ្នាំ១៩៧០ តែមួយពព្រិចភ្នែកទេ»។

តែយ៉ាងណា លោក ឯក សុវណ្ណរ៉ា ផ្តល់ជាអនុសាសន៍ថា ភាពរីកចម្រើនរបស់ជាតិមិនស្ថិតនៅលើតែជ្រុងមួយនៃការពង្រឹងអំណាចគណបក្សតែមួយ ហើយ​ផាត់ចោល​គណបក្ស​នយោបាយផ្សេងទៀតនោះទេ តែ​ក៏​​​​ត្រូវបង្កើនទំនាក់ទំនងលើឆាកអន្តរជាតិក្នុងនាមជា​​ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

លោកថា៖ «អ្វីដែលស្រុកទេសរីកចម្រើនហ្នឹង គឺចំណងទាក់ទងការទូតជាមួយលោកខាងលិចខ្លាំងណាស់ គឺត្រូវរក្សានយោបាយការបរទេសហ្នឹងឱ្យមានតុល្យភាពរវាងលោកខាងកើតនិងលោកខាងលិច បើក​លំហប្រជាធិប​តេយ្យ​តាម​ការដែលកម្ពុជាចុះក្នុងកិច្ចព្រមពៀងសន្តិភាពទីក្រុងប៉ារីស ដែលយើងយកមកដាក់ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ