អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ២រូបទៀត ក្នុងនោះមានលោក ប៉ុល ហំម ផងដែរ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីសិទ្ធិនេះត្រូវបានបិទខ្ទប់ជាង៣ឆ្នាំរួចមក គិតចាប់ពីថ្ងៃដែលតុលាការកំពូលរំលាយអតីតគណបក្សប្រឆាំងនេះកាលពីចុងឆ្នាំ២០១៧មក។
មេធាវី និងជាអតីតមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ លោក ផាន់ ច័ន្ទសាក់ ឱ្យដឹងថា រូបលោករួមទាំងអតីតអនុប្រធានគណបក្សប្រឆាំង លោក ប៉ុល ហំម បានដាក់លិខិតទៅក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយពីសិទ្ធិនេះត្រូវបានបិទខ្ទប់អស់ជាង៣ឆ្នាំមកហើយ។
លោកបានគូសបញ្ជាក់ថា ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ ដើម្បីវិលត្រឡប់ទៅប្រកួតការបោះឆ្នោតនៅឆ្នាំ២០២២ខាងមុខ ក្នុងបំណងដណ្តើមយកអាសនៈឃុំ-សង្កាត់ពីបក្សកាន់អំណាចមកវិញ។ លោកថា រូបលោកនឹងទៅចូលរួមជាមួយគណបក្សកំណែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្ទរ័ត្ន ដែលទើបបង្កើតថ្មី។
លោកថា៖ «ដំណាក់កាលនេះជាពេលវេលាមួយសមរម្យដែលយើងចេញមករួមគ្នា ហើយបង្កើតជាប៉ូលនយោបាយថ្មីមួយ ដើម្បីយើងទៅថ្លឹងនឹងគណបក្សកាន់អំណាច សម្រាប់ចូលទៅប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដើម្បីយើងទៅបេះទាញនំមួយដុំ៥ ០០៧នាក់ហ្នឹង កុំឱ្យគណបក្សកាន់អំណាចគេយកទៅវិញទាំងអស់ ដូចដែលយើងបោះឆ្នោតជាតិឆ្នាំ២០១៨កន្លងមក ១២៥កៅអី គេយកទាំងអស់ អ៊ីចឹងអា៥ ០០៧នាក់ហ្នឹង កុំឱ្យគេយកទៅទាំងអស់ដូចមុន»។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញរួចហើយ និងបានបង្កើតគណបក្សកំណែទម្រង់កម្ពុជានោះ និយាយថា ពេលវេលានេះជាពេលវេលាដែលត្រូវរួមគ្នាស្តារកម្លាំងមូលដ្ឋានឡើងវិញ។
លោកថា៖ «ខ្ញុំយល់ថា ការរួបរួមគ្នាឡើងវិញ វាជារឿងចាំបាច់ ខ្ញុំស្វាគមន៍មិនមែនតែអ្នកនយោបាយទេ បងប្អូនប្រជាពលរដ្ឋហ្នឹងក៏គួរពិចារណាគាំទ្រគណបក្សណាមួយឱ្យមានប្រសិទ្ធភាព ហើយស្តារសំឡេងនៅតាមមូលដ្ឋានហ្នឹងឡើងវិញ»។
នៅពេលសួរថា មានយុទ្ធសាស្ត្រអ្វីថ្មីដើម្បីទប់ស្កាត់កុំឱ្យមានការរំលាយគណបក្សថ្មីរបស់លោក នៅពេលមានអ្នកគាំទ្រច្រើនដូចអតីតគណបក្សសង្គ្រោះជាតិ លោកបញ្ជាក់ថា គណបក្សថ្មីនេះនឹងប្រើប្រាស់យន្តការក្នុងស្រុក នៅពេលមានហេតុការណ៍ណាមួយកើតឡើង ដូចជា សុំព្រះរាជអន្តរាគមន៍ពីអង្គព្រះមហាក្សត្រ និងកិច្ចអន្តរាគមន៍ពីតុលាការ ដើម្បីបង្ហាញភាពស្អាតស្អំ ប្រើកម្លាំងមូលដ្ឋាន និងយន្តការអន្តរជាតិផងដែរ។
លោកថា៖ «យើងត្រូវតែតតាំងគ្រប់យន្តការទាំងអស់ហើយ រចនាសម្ព័ន្ធរបស់យើងនៅទូទាំងប្រទេស រហូតដល់ភូមិ យើងអត់បានប្រើប្រាស់ទាំងអស់ យើងនាំគ្នារត់ចោលអ្នកដែលគេបោះឆ្នោតឱ្យយើង យើងរត់ចោលសហការីរបស់យើង ហើយយើងមិនតតាំងអ្វីទាំងអស់ ហើយយើងនាំគ្នាបិទមាត់ អាហ្នឹងវាជាកំហុស។ ដូច្នេះ ខ្ញុំមើលទៅ វាងាយមែនទែន ដែលធ្វើឱ្យគណបក្សកាន់អំណាចលោកធ្វើអីបានតាមចិត្តនោះ»។
លោក ប៉ុល ហំម មិនអាចទាក់ទងសុំការបញ្ជាក់បានទេ នៅថ្ងៃអង្គារនេះ។
ប៉ុន្តែបើតាមលិខិតដែលវីអូឌីទទួលបាន លោក ប៉ុល ហំម កាលពីថ្ងៃទី១៧ ខែឧសភា បានស្នើសុំក្រសួងមហាផ្ទៃលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តល់នីតិសម្បទាឡើងវិញ ដោយយោងលើសាលដីកាតុលាការកំពូល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការស្នើសិទ្ធិនេះ ដោយយោងលើច្បាប់គណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទនិងនីតិវិធីនៃការស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃនេះថា ក្រសួងបានទទួលលិខិតនោះហើយ ប៉ុន្តែមិនទាន់សម្រេចយ៉ាងណានៅឡើយ ដោយសារកំពុងស្ថិតក្រោមការពិនិត្យរបស់ថ្នាក់ដឹកនាំរបស់ក្រសួង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ ថាជារឿងគួរឱ្យសាទរ ប៉ុន្តែលោកថា បក្សកាន់អំណាចមិនបារម្ភពីការបាត់បង់អាសនៈឃុំ-សង្កាត់ទៅលើគណបក្សថ្មីដែលមានសមាជិកមកពីអតីតគណបក្សប្រឆាំងនេះទេ។
លោកថា៖ «សរុបមកថា អត់មានការព្រួយបារម្ភទេ តែយើងត្រេកអរជាមួយគាត់ ដែលគាត់បានសម្រេចចិត្តត្រឹមត្រូវក្នុងការចាប់យកសិទ្ធិធ្វើនយោបាយឡើងវិញ»។
គិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយតុលាការកំពូលកម្ពុជាមក មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន២៤នាក់ហើយ ក្នុងចំណោម១១៨នាក់ដែលជាប់បម្រាមធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
អតីតមន្ត្រីទាំងនោះ រួមមាន លោក ប៉ុល ហំម, លោក ផាន់ ច័ន្ទសាក់, លោក គង់ គាំ, លោក គង់ បូរ៉ា, លោក ស៊ីម សុវណ្ណនី, លោក រៀល ខេមរិន្ទ្រ, លោក អ៊ូ ច័ន្ទរ័ត្ន, លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា, លោក ច័ន្ទ សិលា, លោក សុន ឆ័យ, លោក តាវ គឹមឈន, លោក វ៉ា សាម៉ុន, លោក ស៊ុន សុភ័ក្រ, លោកស្រី លី ស្រីវីណា, លោក ថាច់ សេដ្ឋា, លោក យ៉ែម បុញ្ញឬទ្ធិ, លោក មុត ចន្ថា, លោក ជុំ ច័ន្ទដារិន, លោក ទួត ឃឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និងអ្នកនាង យ៉ង់ ផាន់ណេត។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ហាក់មើលមិនឃើញពីលទ្ធភាពឈ្នះគណបក្សកាន់អំណាចទេ ប្រសិនបើគណបក្សថ្មីនេះគ្មានការប្រកាសគាំទ្រពីអតីតមេបក្សទាំងពីររបស់ខ្លួនដែលកំពុងជាប់បណ្តឹងនៅតុលាការនោះ។
លោកថា៖ «ការគាំទ្រនយោបាយហ្នឹងកន្លងមក ពលរដ្ឋគាំទ្រតែលើឥស្សរជនមេបក្ស មិនគាំទ្រអ្នកនៅមូលដ្ឋានទេ។ អ៊ីចឹងមិនទទួលបានតម្លៃគាំទ្រទេ»។
យ៉ាងណា លោកមើលឃើញថា រលកសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ មិនអាចជំរុញឱ្យមានការស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញនោះទេ បើសំណើរបស់សហគមន៍អន្តរជាតិដែលស្នើឱ្យមានការគោរពសិទ្ធិមនុស្ស បើកលំហសេរីភាពបញ្ចេញមតិ សេរីភាពនយោបាយពេញលេញ ពិសេសការស្នើឱ្យដោះលែងអតីតមេបក្សប្រឆាំង លោក កឹម សុខា នៅតែមិនត្រូវបានកែសម្រួលនោះ៕









