អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលនិងកែតម្រូវឡើងវិញទៅលើខ្លឹមសារមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងជនបរទេសនៅកម្ពុជា» ស្របពេលសង្គមស៊ីវិលបង្ហាញកង្វល់ថា លំហូរនៃជនអន្តោប្រវេសន៍បច្ចុប្បន្ន ហាក់មានភាពធូររលុងក្នុងការគ្រប់គ្រង។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន មានប្រសាសន៍នៅថ្ងៃទី១៨ ខែឧសភានេះថា ដោយសារច្បាប់ចាស់ដែលកំពុងដាក់ឱ្យអនុវត្តនេះឆ្លើយតបមិនទាន់តម្រូវការនៃការរីកចម្រើនសម្រាប់កម្ពុជាសព្វថ្ងៃបាន ជាពិសេសលំហូរនៃជនបរទេសមានការកើនឡើងនោះ ទើបក្រសួងមហាផ្ទៃសម្រេចធ្វើសេចក្តីព្រាងច្បាប់ថ្មីនេះឡើងវិញ។
លោកបន្តថា៖ «ច្បាប់អន្តោប្រវេសន៍ វាពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ហ្នឹងហើយ ដោយសារបច្ចុប្បន្នមានជនបរទេសចូលមកកម្ពុជា អ៊ីចឹងហើយដើម្បីគ្រប់គ្រងឱ្យម៉ត់ចត់ បានជាយើងធ្វើច្បាប់ថ្មីហ្នឹង»។
ការអះអាងរបស់លោក កែវ វណ្ណថន ធ្វើឡើងនៅបន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែឧសភា បានប្រជុំពិនិត្យនិងកែតម្រូវទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ថ្មីនេះ។
ច្បាប់ស្តីពីអន្តោប្រវេសន៍ឆ្នាំ១៩៩៤ មាន៧ជំពូក និង៤១មាត្រា ក្នុងនោះមាត្រា៥ នៃច្បាប់នេះ បានបើកផ្លូវឱ្យក្រសួងមហាផ្ទៃ ជាអ្នកគ្រប់គ្រងជនបរទេស ហើយក្រសួងនេះត្រូវមានស្ថាប័នមួយដើម្បីទទួលខុសត្រូវកិច្ចការអន្តោប្រវេសន៍។ ដោយឡែក សេចក្តីព្រាងច្បាប់ថ្មីដែលកំពុងស្ថិតនៅក្នុងដៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កំពុងពិនិត្យនិងកែសម្រួលនោះ មាន៨ជំពូក និង៥១មាត្រា។
លោក កែវ វណ្ណថន បញ្ជាក់ទៀតថា ក្រុមអ្នកជំនាញតាក់តែងច្បាប់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រជុំពិនិត្យនិងកែតម្រូវខ្លឹមសារពាក្យពេចន៍ជាច្រើនលើកច្រើនសារណាស់មកហើយ។
ជាលទ្ធផល ត្រូវបានលោក កែវ វណ្ណថន បញ្ជាក់ថា ដំណើរការលើសេចក្តីព្រាងច្បាប់ថ្មីនេះទទួលបានលទ្ធផលប្រមាណ៦០ភាគរយហើយ។ លោកអះអាងថា មុននឹងសេចក្តីព្រាងច្បាប់ថ្មីនេះត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តីដើម្បីដាក់ឱ្យពិនិត្យនិងសម្រេច គឺត្រូវឆ្លងកាត់ការប្រជុំធំនៅក្រសួងមហាផ្ទៃបន្ថែមទៀតសិន។
ទាក់ទិនរឿងនេះ លោក ប៉ា ចន្ទរឿន នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា លោកចង់ឃើញខ្លឹមសារនៃច្បាប់មួយដែលដាក់ចេញទៅហើយ ត្រូវបានបម្រើឱ្យសេចក្តីត្រូវការដោយពិតប្រាកដសម្រាប់ប្រយោជន៍សាធារណជន។
បើទោះជាបែបណា លោករំពឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះអាចនឹងផ្តល់ទំនុកចិត្តដល់វិនិយោគិនជាបរទេស និងបង្កលក្ខណៈងាយស្រួលក្នុងប្រតិបត្តិការរបស់ពួកគេផងដែរ។
បន្ថែមពីលើនេះ លោក ប៉ា ចន្ទរឿន សង្ឃឹមថា ខ្លឹមសារនៃច្បាប់គួរត្រូវបានបង្កប់ដោយភាពយុត្តិធម៌និងតម្លាភាព ជាពិសេសត្រូវតែជាច្បាប់ដែលការពារនិងថែរក្សាប្រយោជន៍ជាតិជាធំ។
លោកបន្តថា៖ «បើសិនជាយើងមានច្បាប់អន្តោប្រវេសន៍មួយដែលមានយុត្តិធម៌និងស្តង់ដារត្រឹមត្រូវ ដើម្បីជាប្រយោជន៍ជាតិ វាជាយន្តការដ៏មានសារៈសំខាន់មួយ ដើម្បីគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានជនអន្តោប្រវេសន៍ខុសច្បាប់ចូលមក ដែលបង្កឱ្យមានបញ្ហាជាច្រើនដល់សង្គមជាតិយើង»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០១៩ រកឃើញថា ជនបរទេសដែលស្នាក់នៅកម្ពុជាមានជិត២០០ ០០០នាក់ ដែលមាន១១សញ្ជាតិ ក្នុងនោះ មានអ្នកកាន់កាប់ឯកសារមិនត្រឹមត្រូវជិត៤០ ០០០នាក់៕