ផ្លូវ​ជាតិ​លេខ​៤​ នឹង​ចាប់​ផ្តើម​ពង្រីក​ទទឹង​ផ្លូវ​ពី​៧​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​នៅ​ឆ្នាំ​២០២២​

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ មជ្ឈមណ្ឌលជួសជុលនិងថែទាំផ្លូវ-ថ្នល់ បានធ្វើសកម្មភាព ជួសជុលថែទាំប្រចាំ​ដោយអ៊ុតស្រទាប់ A/C កម្រាស់៥ស.ម ពីលើផ្លូវជាតិលេខ៤ ចន្លោះ គ.ម១០៩ ដល់ គ.ម១១២ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំ​អូរបាក់​រទេះ​ ស្រុក​កំពង់សិលា​ ខេត្តព្រះសីហនុ​។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT)

មន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងស្តារនិងស្ថាបនា​ផ្លូវជាតិលេខ៤ឡើងវិញ​ នឹងត្រូវប្រើពេលប្រមាណ២ឆ្នាំ ក្នុងការ​ពង្រីក​ផ្លូវ​កៅស៊ូមួយនេះឱ្យក្លាយជា​ផ្លូវដែល​មាន​​ភាពងាយ​ស្រួលទាំងការដឹកជញ្ជូននិងការធ្វើដំណើររបស់​សាធារណ​ជន។

អ្នក​នាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ថ្លែងប្រាប់ វីអូឌី តាម​តេឡេក្រាម (Telegram) កាលពីថ្ងៃទី​១៧ ខែឧសភា ថាផ្លូវ​ជាតិ​លេខ៤ ដែល​ជា​ជំនួយ​​របស់​​សហរដ្ឋអាមេរិក​​ពីមុនមកនេះ នឹងត្រូវពង្រីកឱ្យធំជាង​​បច្ចុប្បន្ន ដោយគ្រោង​ចំណាយ​​​ថវិកា​​​​​​ប្រ​មាណ១០០​​លាន​ដុល្លារអាមេរិកដែលជា​កម្ចីហិរញ្ញប្បទានរបស់​ធនា​​គារ​​​​ពិភព​​លោក (WB)។

លោក​បន្តថា ផ្លូវជាតិលេខ៤នេះ គ្រោង​​​​ចាប់​​ផ្តើម​​​ពីឆ្នាំ២០២២ ដល់​​ឆ្នាំ​​២០២៣ ហើយ​​ក្រោយ​​ពីស្ថាបនារួចរាល់ នឹង​ត្រូវ​ការពេលដើម្បី​​​ថែ​​ទាំ​​ផ្លូវនេះប្រមាណ៤ឆ្នាំ (៥៤ខែ) ទៀត។

បើតាមលោក ហ៊ាង សុទ្ធា​​យុត្តិ ក្រសួង​​នឹងដាក់​​​​ឱ្យក្រុម​​ហ៊ុន​​ឯក​ជន​ទាំង​​អស់ចូលរួម​​ធ្វើ​​លទ្ធ​កម្មក្នុងការដេញថ្លៃ​​ធ្វើផ្លូវ​នេះ មុននឹងគម្រោង​​ត្រូវ​​ចាប់​​អនុវត្ត​ទៅ​​តាម​​ផែន​​ការ​​មេ​​​ដែល​បាន​គ្រោង​​​​​ទុក។

ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានចម្ងាយ​ប្រមាណ​ជាង២០០គីឡូម៉ែត្រ។ ស្ថានភាព​ជាក់​ស្តែងនៃផ្លូវជាតិ​នេះ បច្ចុប្បន្ន​ មានទំហំតូចនិង​មាន​ចំណុច​ខ្លះ​ត្រូវ​រង​ការ​ខូច​​​ខាតដោយការ​​ដឹក​លើស​​ចំណុះរបស់រថយន្តធុនធំនិងទឹកហូរ​កាត់ផ្លូវនៅរដូវ​វស្សា​។

លោក ហ៊ាង សុទ្ធាយុត្តិ ​ឱ្យដឹងទៀត​ថា ផ្លូវជាតិ​​លេខ៤ ដែល​គ្រោងនឹងពង្រីកទំហំពី៧ទៅ១០ម៉ែត្រ​បន្ថែមទៀតនេះ នឹងត្រូវពង្រីកទាំងស្រុង លើក​​លែង​តែកន្លែងខ្លះបានពង្រីករួចហើយ ដូចជា នៅម្តុំខេត្តកំពង់ស្ពឺ និងខណ្ឌ​ចោមចៅ រាជធានីភ្នំពេញ​ ជាដើម​។

លោក លឹម ឡៃ រស់នៅជាប់ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ យល់ឃើញថា ប្រសិន​​បើ​​គម្រោងផ្លូវជាតិនេះពិតជា​ត្រូវ​បានពង្រីកដូចការគ្រោងទុកមែន នោះជាការប្រសើរ ព្រោះអាច​​កាត់​​​បន្ថយការកក​ស្ទះនិង​​គ្រោះ​​ថ្នាក់ដែលកើតឡើងដោយរថយន្ត​ធុនធំនិងកុងទីន័រ ជាដើម​។​ ទន្ទឹមនឹង​​នេះ​ ​លោក​​ក៏បង្ហាញក្តីកង្វល់ដែរអំពីសំណងសម្រាប់ផលប៉ះពាល់អំឡុងពេលអនុវត្ត​​គម្រោងអភិវឌ្ឍន៍នេះ ថាតើពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិ​នេះ​នឹងទទួលបានការទូរ​ទាត់​សំណងបែបណា។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងសាធារណការ និង​ដឹក​ជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ មាន​ប្រសាសន៍ថា សំណងនឹងត្រូវផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ នៅអំឡុងពេល​គម្រោង​​ពង្រីក​ផ្លូវត្រូវចាប់អនុវត្ត​​។ លោកអះអាងថា នេះជាការអនុវត្តតាមបែបបទនិង​ស្តង់​ដារហើយ ទាំង​គម្រោង​ដែល​ប្រើ​ថវិកា​របស់​រដ្ឋ និងកម្ចីដែលបាន​ម​​កពីហិរញ្ញប្បទាន។

យ៉ាងណាក៏ដោយ លោក ប៊ុន ធឿន ជាពលរដ្ឋម្នាក់ទៀត​រស់នៅក្នុងខេត្តកំពង់ស្ពឺ និយាយ​ថា ពីមុនមក លោក​ពុំ​ធ្លាប់​ទទួលបាន​​ព័ត៌មាន​​ស្តីពី​​ការ​​ពង្រីក​ផ្លូវជាតិលេខ៤​នេះទេ។

លោកបន្តថា៖ «ដូចអត់មានឃើញ​​គេចេញគម្រោងអីផង អត់ដែល​បាន​ឃើញព័ត៌មានអីទេ ហើយក៏អត់មានគេផ្សព្វផ្សាយ​​អីដែរ»។

ផ្លូវជាតិលេខ៤នេះ ត្រូវបានក្រុមហ៊ុន AZ របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ កាន់កាប់​មួយ​រយៈ​ តាមរយៈការដាក់បញ្ជរបង់លុយពីអ្នកធ្វើដំណើរ តែមានការមើលថែទាំផ្លូវ​ជាប្រចាំ។ ​ក្រោយ​មក​​ លោក អ៊ឹង ប៊ុនហ៊ូវ សម្រេច​ប្រគល់​ជូន​រដ្ឋា​ភិ​បាលវិញកាលពីដើម​ឆ្នាំ២០១៦ ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​លុបកិច្ចសន្យាជួលរវាងរដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅ​ការ​ផ្លូវ​​មួយ​នេះ​។

ដោយឡែក លោក គង់ សុវណ្ណ អ្នកជំនាញសុខភាពសាធារណៈ និងសុវត្ថិភាពចរាចរណ៍ និង​ជា​​នាយ​កកម្មវិធីរបស់មូលនិធិសុវត្ថិភាពអន្តរជាតិ (ISF) ប្រចាំកម្ពុជា និងតំបន់​គោលដៅ​អាស៊ី មាន​​​​​ប្រសាសន៍ថា កន្លងមក ​ស្ថាប័នរបស់លោក ធ្លាប់​​បាន​ចូលរួម​​ផ្តល់​ការ​ប្រឹក្សា​យោបល់​​​​ជាហូរ​​ហែ​មក​ដែរនៅក្នុងកម្រិតបច្ចេកទេស សម្រាប់​​ការវិនិ​យោគ​​ផ្លូវ​​ជាតិ​លេខ៤ និង​ផ្លូវ​​ជាតិផ្សេងៗទៀតជា​​មួយ​ក្រសួង។

លោក​​មាន​​សុទិ​ដ្ឋិ​​និយមថា ប្រសិនបើផ្លូវជាតិនេះប្រសូតចេញមក ដោយអនុវត្ត​​តាមស្តង់ដារដូច​​​បាន​​គ្រោងទុក នោះ​នឹងនាំ​ផល​ចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់សម្រាប់កម្ពុជា។

លោកបន្ថែមថា ក្នុងមួយ​​ឆ្នាំ​​ៗ រដ្ឋាភិបាលត្រូវខាតបង់លុយប្រមាណជាង៤០០​លានដុល្លារ ព្រោះ​តែកែលម្អ​គុណភាពផ្លូវដែល​មិនល្អ និង​​ឈាន​​ទៅ​​ដល់​​ការបាត់បង់ជីវិតនិងពិការភាព​របស់​អ្នកដំណើរដែល​បណ្តាលមកគ្រោះថ្នាក់​ចរាចរណ៍ផងដែរ។

លោក​បន្ត​ថា៖ «បើយើងសន្សំលុយបានពីផ្លូវជាតិលេខ៤ហ្នឹងមួយ ត្រឹមតែ១០០លានដុល្លារ​ចុះ​ក្នុង​មួយឆ្នាំ ដូច្នេះមួយឆ្នាំយើងចំណេញលុយបាន១០០លានដុល្លារបាត់ហើយ។ អ៊ីចឹង​អ្វី​ដែល​រដ្ឋាភិបាលចំណាយថវិកា១០០លានដុល្លារអាមេរិកនេះ ត្រឹមតែរយៈពេល១ឆ្នាំទេ អ៊ីចឹង​ចំណេញ​មក​វិញបាត់​ហើយ។ ​អ៊ីចឹងទេ បើ២០ឆ្នាំទៀត​ យើងនឹង​ចំណេញ១៩០លានដុល្លារទៀត​រត់មុខបាត់​ហើយ​​ដែល​ចំណេញ​។ ការដែលពង្រីកថវិកាសម្រាប់កិច្ចការងារ​សុវត្ថិភាព​ចរា​ចរណ៍ មិនមែនជាការចំណាយឥតប្រយោជន៍ទេ ប៉ុន្តែជាការវិនិយោគ​ដែលទទួល​បានផល​ចំណេញ​ដ៏ច្រើនលើសលប់»។

បើតាម​មន្រ្តីអ្នកនាំពាក្យ​ក្រសួង​សាធារណការ ក្រៅពីការ​​ពង្រីក​​ផ្លូវ​​ជាតិ​​​​លេខ​​៤នេះ រដ្ឋាភិបាល​នៅ​មាន​​ផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីរាជធានី​ភ្នំពេញទៅខេត្ត​ព្រះសីហនុ​ ដែល​កំពុង​​​ដាក់​​ឱ្យ​សាងសង់។

របាយការណ៍សង្ខេបពីមន្ត្រីដដែលនេះឱ្យដឹងទៀតថា គិតត្រឹមសប្តាហ៍ទី២ ខែឧសភានេះ ផ្លូវល្បឿនលឿនសាងសង់បានប្រមាណ​៥០ភាគរយ (៤៩,៩១%) ហើយ ហើយ​គ្រោង​​នឹង​​បញ្ចប់​​ជាស្ថាពរ​​នៅខែ​មីនា ឆ្នាំ២០២៣៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered