ទូតខ្មែរ​​ប្រាប់​​ឱ្យ​​ពលរដ្ឋ​​ខ្មែរ​នៅ​វៀតណាម​​គោរព​ច្បាប់​និង​វិធាន​ចេញ​ចូល​ ចៀស​វាង​រង​ការ​បណ្តេញ​​ចេញ​

​ព្រំដែន​កម្ពុជា​-វៀតណាម ក្នុង​ភូមិសាស្ត្រ​ឃុំ​ប៉ក់​ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តរតនគិរី​-Provincial administration of Ratanakiri​)

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម អំពាវនាវដល់ពលរដ្ឋខ្មែរដែលស្នាក់នៅនិងធ្វើការ​នៅប្រទេសវៀតណាម ឱ្យគោរពច្បាប់និងវិធានស្តីពីការចេញ-ចូល​របស់​​អាជ្ញាធរ​​វៀតណាម ក្រោយពីរដ្ឋាភិបាលប្រទេសនេះប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើពលករ​បរទេស​ដែលខុសច្បាប់។

សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា​ប្រចាំប្រទេសវៀតណាម ចុះ​​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បាន​ឱ្យដឹងថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើ​អាជ្ញាធរខេត្តនិង​ក្រុងនានាពិចារណាលើ​ការបណ្តេញចេញចំពោះពលករបរទេសដែលគ្មានលិខិតអនុញ្ញាត​ធ្វើការងារ (work permit) ត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចេញនិងចូលរបស់អាជ្ញាធរវៀតណាម។

ករណីនេះ ស្ថានទូតបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ​ឬមានវត្តមាន​នៅប្រទេស​វៀតណាម ចូលរួមអនុវត្តច្បាប់ការងារនិងវិធានស្តីពីការចេញចូល​របស់អាជ្ញាធរវៀតណាម ដើម្បីចៀសវាង​ប្រឈមនឹងវិធានការ​ផ្លូវច្បាប់​របស់​ប្រទេសនេះ។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖ «សូមប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តា​បន្តថែរក្សា​សុខភាពឱ្យបានល្អ ដោយអនុវត្តវិធានការការពារ​ រក្សាគម្លាត​សុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្ត​​តាមការណែនាំ​របស់​អាជ្ញាធរ​ សំដៅការពារ​​កុំឱ្យ​កើតជំងឺកូវីដ-១៩»។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង មាន​ប្រសាសន៍​នៅថ្ងៃអង្គារនេះថា លោកនៅ​មិនទាន់មានទិន្នន័យច្បាស់លាល់នៅឡើយទេ ពាក់ព័ន្ធនឹង​ចំនួនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការ​នៅ​ប្រទេសវៀតណាម។

លោកបានបន្ថែមថា៖ «ខ្ញុំមិនទាន់មានព័ត៌មានទេ ខ្ញុំកំពុងតែឱ្យស្ថានតំណាងយើងនៅទីនោះកំពុងតែធ្វើការពិនិត្យចំនួននេះ»។

កញ្ញា ស្រីនាង ជាពលរដ្ឋខ្មែរ រស់នៅខេត្តដុងណៃ (Dinh quan) ​ភូមិភាគខាងត្បូងនៃ​​ប្រទេសវៀតណាម យល់ថា ចំណាត់ការរបស់អាជ្ញាធរវៀតណាមនេះ មានទាំងផលវិជ្ជមាន​និង​ផលអវិជ្ជមានសម្រាប់ជន​បរទេស​ដែលកំពុងរស់នៅក្នុង​ប្រទេសនេះ។

កញ្ញា​បន្តថា៖ «ផលពិបាកសម្រាប់ជនអន្តោប្រវេសន៍ ធ្វើឱ្យពួកគេមិនមានទិសដៅនិងឱកាសក្នុងការស្វែងរកកន្លែងថ្មី បាត់បង់ចំណូលសម្រាប់តម្រូវការរស់នៅ ប្រឈមមុខខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ផលល្អ ធ្វើឱ្យ​​​រដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់បង្កើនសុវត្ថិភាពដល់ប្រជាជនដែលរស់នៅស្របច្បាប់ និងកាត់បន្ថយហានិភ័យផ្សេងៗដែលបង្កឡើងដោយជន​អន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ