អាជ្ញាធរ​ជាតិ​​អប្សរា​គ្រោង​ព្រលែង​សត្វ​ស្លាប​​៣​ប្រភេទ​​បន្ថែម​ចូល​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​

ប្រភេទសត្វក្ងោកដែលអាជ្ញាធរជាតិ​អប្សរាគ្រោង​ព្រលែងចូលទៅក្នុង​ព្រៃ​ឧទ្យានអង្គរ ដើម្បីអភិរក្សនិងបង្កើនចំនួន​សត្វព្រៃធម្មជាតិនៃឧទ្យានមួយនេះ។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)

អាជ្ញាធរជាតិ​អប្សរា គ្រោង​ព្រលែងសត្វស្លាបចំនួន៣ប្រភេទដែលមានជាង១០ក្បាលចូលទៅក្នុង​ព្រៃ​ឧទ្យានអង្គរ ដើម្បីអភិរក្សនិងបង្កើនចំនួន​សត្វព្រៃធម្មជាតិនៃឧទ្យានមួយនេះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ​ចេញផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា សត្វស្លាបចំនួន៣ប្រភេទដែលគ្រោងព្រលែងនោះមាន​ដូចជា សត្វក្ងោកចំនួន៥ក្បាល សត្វកេងកងធំ៣ក្បាល និងសត្វព្វាំង៣ក្បាល។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់ វីអូឌី នៅថ្ងៃអង្គារ​ថា អាជ្ញាធរជាតិអប្សរាមិនទាន់អាចកំណត់ពេលវេលាឱ្យបានជាក់លាក់ក្នុងការលែងសត្វទាំងនេះ​នៅឡើយទេ ដោយសារសត្វទាំងនេះនៅមិនទាន់ស៊ាំនឹង​បរិយាកាសក្នុងព្រៃនេះនៅឡើយ​ ហើយពួកគេត្រូវការពេលវេលាបន្ថែមដើម្បីបន្សាំខ្លួន។

លោកបានបន្ថែមថា៖ «ទីពីរ ក៏យើងរៀប គេហៅថា ឱ្យវាស្គាល់ទីកន្លែងក្នុងការឱ្យចំណីឱ្យអីនោះ ក្រែងលោថាពេលដែលវាព្រលែងទៅ វាមិនអាច​រកកន្លែងរកចំណី​ចំណុកមិនបានអីមិនបាន​ នេះវាមានដឹងកន្លែង វាត្រូវមករកចំណី អាហ្នឹងជាចំណុចសំខាន់ដែលយើងមិនអាចកំណត់បានថាពេលណាទេ»។

បើតាមអាជ្ញាធរជាតិអប្សរា កន្លងមក តាមរយៈគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោយ​កិច្ចសហការ​រវាង​អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ​ភ្នំពេញ និងអង្គការ Wildlife Alliance ធ្លាប់បានទទួល​ជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានជាតិនេះ មានដូចជា សត្វទោចមកុដ១១ក្បាល (កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូស៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប៥ក្បាល សត្វភេខ្លួនរលោង៤ក្បាល (កើតកូនបានចំនួន២ក្បាល) សត្វឆ្មាដាវ២ក្បាល និងសត្វកេងកងតូច២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។ មកដល់សព្វថ្ងៃ សត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាននិងថែទាំជាប្រចាំពីក្រុមការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ