រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំណត់ «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់អនុវត្តវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមចំនួន៧ ទៅ១៤ថ្ងៃទៀត ខណៈ «តំបន់ក្រហម» ត្រូវបានបិទបញ្ចប់នៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះនៅថ្ងៃទី១៩ ខែឧសភានេះ បានសម្រេចកំណត់ «តំបន់លឿងទុំ» ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ កម្រិតមធ្យម និង «តំបន់លឿង» ដែលមានការឆ្លងកម្រិតស្រាល ហើយតំបន់ទាំងពីរនេះ ត្រូវអនុវត្តវិធានរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ រយៈពេល៧ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ខណៈ «តំបន់ក្រហម» ត្រូវបានបិទបញ្ចប់ទាំងអស់នៅត្រឹមថ្ងៃទី១៩ ខែឧសភានេះ។
សេចក្តីសម្រេចដដែលបានបង្ហាញទីតាំងមួយចំនួនដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» រួមមាន ផ្នែកខ្លះនៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយជឿត្រី) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ, ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ចំណែក «តំបន់លឿង» ត្រូវអនុវត្តវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ មិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់នោះទេ ប៉ុន្តែត្រូវអនុលោមតាមគោលការណ៍រដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អ្នកស្រី ស៊ីម អាត ជាអាជីវករផ្សារដើមគរ រស់នៅបន្ទប់ជួលក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ដែលពីមុនជាតំបន់ក្រហម ហើយបច្ចុប្បន្នស្ថិតក្នុងតំបន់លឿងទុំ និយាយថា ការបន្តបិទខ្ទប់នេះធ្វើឱ្យគ្រួសារគាត់កាន់តែជួបបញ្ហាធ្ងន់ធ្ងរទាំងផ្នែកជីវភាព និងបំណុលធនាគារ រួមទាំងឈ្នួលផ្ទះ។
អ្នកស្រីថា៖ «កំពុងថាស្អែកហ្នឹងទៅមើលបន្លែលក់បន្តិចបន្តួចដាក់តាមកង់ ប៉ុន្តែមិនដឹងយ៉ាងម៉េចទេ លុយក៏គ្មានដែរ ស្មុគស្មាញអារឿងលុយ ថ្លៃផ្ទះក៏គេអត់បន្ធូរបន្ថយដែរ នៅតែមកទារ! ចំណែកធនាគារមកដល់ផ្ទះពីម្សិលម៉្ងៃ គេទុកពេលឱ្យតែមួយថ្ងៃពីរទៀតទេ»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សាទរចំពោះការបិទបញ្ចប់តំបន់ក្រហម និងបង្រួមតូចនូវតំបន់លឿងទុំ និងលឿងនេះ។ ប៉ុន្តែលោកយល់ថា ស្របពេលអាជ្ញាធរនៅបន្តអនុវត្តវិធានការរដ្ឋបាលទៅលើតំបន់លឿងទុំ និងតំបន់លឿងនេះ រដ្ឋាភិបាលគួរពិនិត្យមើលឡើងវិញពីម្ចាស់បំណុលមួយចំនួនដែលនៅតែបន្តទារលុយពីកូនបំណុលនៅតំបន់បិទខ្ទប់នេះ បើទោះបីរដ្ឋាភិបាលធ្លាប់អំពាវនាវឱ្យមានការពន្យារក៏ដោយ។
លោកថា៖ «បំណុលធនាគារនៅតែទារ ទោះបីបិទខ្ទប់ម៉េចក៏ដោយ គេខលមកទារឱ្យវេរទៅតាមវីងតាមអី វាជាស្ថានភាពមួយដែលយើងព្រួយបារម្ភ បើវានៅតែបន្តអូសបន្លាយនៃការបិទខ្ទប់បន្ថែមទៀតអ៊ីចឹង។ ខ្ញុំសុំឱ្យរដ្ឋអន្តរាគមន៍ឱ្យជាក់លាក់រឿងបំណុលធនាគារហ្នឹង ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនហ្នឹងត្រូវពន្យារពេលសមរម្យណាមួយ ហើយទី២ ត្រូវធ្វើយ៉ាងណាឧបត្ថម្ភពលរដ្ឋឱ្យរស់នៅបានសមរម្យ»។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីបិទអស់រយៈពេល៤សប្តាហ៍។
ក្រោយមក អាជ្ញាធរបានអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរនិងប្រកបរបរមួយចំនួនជាប្រក្រតីឡើងវិញនៅតំបន់លឿង ប៉ុន្តែលើកលែងតែតំបន់ក្រហម និងតំបន់លឿងទុំ រួមទាំងផ្សាររដ្ឋនិងផ្សារឯកជនមិនរៀបរយ ដែលនៅបន្តបិទខ្ទប់មួយសប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕