អាជ្ញាធរ​ក្រុង​សៀមរាប​កំពុង​ស៊ើប​រក​មូល​ហេតុ​ភ្លើង​ឆេះ​ព្រៃ​អភិរក្ស​បឹង​ពារាំង

ក្រុមពន្លត់អគ្គិភ័យនិងក្រុមសមត្ថកិច្ច ប្រតិបត្តិការពន្លត់អគ្គិភ័យភ្លើងឆេះព្រៃ ស្ថិតនៅភូមិសាស្ត្រភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធរក្រុងសៀមរាប កំពុងស៊ើបអង្កេតរកមើលដើមហេតុដែលបណ្តាលឱ្យកើតមានភ្លើងឆេះព្រៃតំបន់អភិរក្សធនធានជីវចម្រុះ «បឹងពា​​រាំង» លើផ្ទៃដីជាង១០ហិកតា រយៈពេលជិត១សប្តាហ៍ ខណៈប្រធានសហគមន៍មើលឃើញពីតម្រុយបង្កឡើងដោយស្នា​ដៃមនុស្ស។

អភិបាលក្រុងសៀមរាប លោក​ នួន ពុទ្ធារ៉ា លើកឡើងនៅថ្ងៃពុធនេះ​ថា ភ្លើងបានឆេះរាលដាលជាដុំៗលើផ្ទៃដីព្រៃលិចទឹក​ជាង១០ហិកតា ក្នុងភូ​មិសាស្រ្តមួយផ្នែកធំនៃ​សង្កាត់ជ្រាវ ហើយរាលដល់ផ្នែកខ្លះនៃសង្កាត់សៀមរាប និងចុងឃ្នៀស។ លោកថា​ ស្ថានភាពអ​គ្គិភ័​យបានផុតរលត់ហើយ បន្ទាប់ពីអាជ្ញាធរបានប្រើរថយន្តព​ន្ល​ត់អគ្គិភ័យ​ជាង១០គ្រឿង និងមានភ្លៀងធ្លាក់មួយមេកាលពីយប់ថ្ងៃម្សិល​មិញ។

ប្រភពដដែលបន្ថែមថា មន្រ្តីជំនាញកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះ ដោយមិនទាន់អាច​សន្និដ្ឋានបានថាកើតឡើងដោយសារពលរដ្ឋដុតយកឃ្មុំដូចឆ្នាំកន្លងទៅ ឬបង្កាត់ភ្លើងដាំបាយ ឬដោយសារការដុតរានដើម្បីយកដីធ្វើជាកម្មសិទ្ធិនៅឡើយទេ។

លោក នួន ពុទ្ធារ៉ា មានប្រសាសន៍ថា៖ «[មន្ត្រី]ជំនាញគេកំពុងធ្វើការ អ៊ីចឹងខ្ញុំមិនទាន់អាចនិយាយថាម៉េចទេ ក៏ប៉ុន្តែយើងព្យាយាមទប់ស្កាត់ការឆេះនេះ ហើយឯកឧត្តមអភិបាល[ខេត្ត] លោកប្រយ័ត្នប្រយែងរឿងនេះណាស់ ដាច់ខាតហើយមិនឱ្យអ្នកណាទៅបំពានឈូសព្រៃឈូសអីយកដីអ៊ីចឹងទេ»

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ទា គឹមសុទ្ធ ថ្លែងបន្ថែមថា ភ្លើងបានចាប់ផ្តើមឆេះព្រៃឈើជាច្រើនក្នុងតំបន់ទេសច​រណ៍ធម្មជាតិ និងព្រៃលិចទឹកជ្រាវ តាំងពីថ្ងៃទី១៣ ខែឧសភា។ លោកថា កម្លាំងចម្រុះនិងពលរដ្ឋបានព្យាយាមពន្លត់ តែមិនមានប្រ​សិទ្ធភាព ដោយសារនៅទីនោះមានព្រៃដុះក្រាស់ គ្មានផ្លូវសម្រាប់រថយន្តពន្លត់អគ្គិភ័យចូល ដែ​ល​ត្រូវការគ្រឿងច​ក្រ​កាយបើកផ្លូវជាមុន។

លោក ទា គឹមសុទ្ធ មានប្រសាសន៍ថា៖ «ឥលូវហ្នឹងវារលត់ហើយ ប៉ុន្តែវានៅសល់ផ្សែងៗ យើងកំពុងដើរពន្លត់កន្លែងគល់ៗ ដោ​យសារវាពិបាកនឹងចូល អ៊ីចឹងយើងត្រូវប្រើអេស្កា៤[ទៅ]៥គ្រឿងដើម្បីកាយចូលទៅ»។

ប្រធានសហគមន៍នៃសមាគមទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោក គង់ មង្គល សន្និដ្ឋានជាបឋមថា ការឆេះព្រៃអភិរក្សនេះ គឺផ្តើមចេញពីកា​រដុតព្រៃរានយកដីធ្វើចម្ការ ខុសពីការឆេះកាលឆ្នាំមុនៗដែ​លផ្តើមចេញពីការដុតព្រៃយកឃ្មុំនិងការដុតជញ្ច្រាំងស្រូវ ដោ​យសារ​លោ​កឃើ​​ញមានដីឈូសឆាយនៅបរិវេណឆាបឆេះខាងក្នុង។

លោក គង់ មង្គល ប្រាប់ថា៖ «ដល់ពេលយើងស្រាវជ្រាវ និងយើងបានយកអេស្កាវ៉ាទ័រចូលវាយព្រៃ ដើម្បីយើងចូលទៅមើលក​ន្លែងឆេះ បែរជាខាងក្នុងនោះគឺមានមនុស្សលួចឈូស»

លោកបន្ថែមថា ការឆេះលើកនេះគឺមានទំហំធំជាងឆ្នាំកន្លងមក ប្រមាណ៣ទៅ៤ដង និងធ្វើឱ្យខូចខាតតំបន់ដែ​លប្រជាសហគមន៍បានប្រឹងប្រែងថែរក្សានិងអភិរក្សតាំងពីឆ្នាំ១៩៩៣មក ដូចជា សំបុ​ក​សត្វស្លាបប្រភេទកុក ខ្វែក ក្រសារ និងទ្រូ​ង ជាដើម ហើយបានសម្លាប់ជីវិតសត្វល្មូនដូចជាពស់ អណ្តើក និងភេ ​រាប់រយក្បាលទៀត។

លោកនិយាយថា៖ «ការឆេះនេះគឺប្រឈមនឹងការប៉ះពាល់និងបាត់បង់ជីវចម្រុះ ក៏ដូចជាព្រៃលិចទឹកជាច្រើន ហើយដែលយើងសោកស្តាយបំផុត ព្រោះនេះគឺជាជម្រកនៃជីវចម្រុះ​ ជាពិសេសគឺសត្វស្លាបទឹកតំបន់របស់ខ្ញុំដែលជាកន្លែងជ្រកពងកូន ត្រូវឆេះអស់»

លោក​បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធដទៃទៀត រួមគ្នាចាត់វិធានការបង្ការនិងទប់ស្កាត់ករ​ណីភ្លើងឆេះព្រៃនាពេលខាងមុខ ដោយការធ្វើផ្លូវបើកឱ្យរថយន្តពន្លត់អគ្គិភ័យអាចចូលមកដល់ និងជីកស្រះស្តុកទឹកសម្រាប់បូមបាញ់ពន្លត់ ដើម្បីចៀសវាងការខូចខាតជីវចម្រុះបន្ថែមទៀត។

ផ្អែកតាមរូបភាពផ្កាយរណបរបស់អង្គការអភិរក្ស​ព្រៃឈើ​ ដែលមានឈ្មោះថា Global Forest Watch កាលពីឆ្នាំមុន បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើជាង២លានហិកតា (២,១៧) ចាប់ពីចន្លោះឆ្នាំ​២០០១ ដល់ឆ្នាំ២០១៨ គឺស្មើនឹង ១ភាគ៤​ នៃការបាត់បង់គម្រប​ព្រៃឈើចាប់តាំងពីឆ្នាំ២០០០ ហើយបានបញ្ចេញសារធាតុកាបោនប្រមាណ៩១៤​ម៉េហ្គាតោន (megaton) ឬ​ស្មើ​នឹង៩១៤​លាន​តោនទៅក្នុងបរិយាកាស។

ប្រភពដដែលបន្តថា ដោយឡែក តំបន់ការពារបឹងទន្លេសាប ត្រូវបានកត់ត្រាថាបាត់បង់ព្រៃឈើប្រមាណ១៦ ៨​០០ហិកតា ចាប់ពីចន្លោះឆ្នាំ​២០០១ និងឆ្នាំ​២០០៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ