សហ​ចៅក្រម​ស៊ើប​អង្កេត​បដិសេធ​បញ្ជូន​សំណុំ​រឿង​លោក មាស​ មុត​ ទៅ​ជំនុំ​ជម្រះ​

អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត។ (សាលាក្ដីខ្មែរក្រហម – ECCC)

សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញ​​ក្នុងតុលាការ​កម្ពុជា បាន​បដិសេធសំណើ​​បញ្ជូនសំណុំរឿង០០៣ របស់​លោក មាស​ មុត ទៅជំនុំជម្រះ ខណៈមេធាវីដើមបណ្តឹង​រដ្ឋប្បវេណី​បានចាត់ទុកថាជារឿងអយុត្តិធម៌។

នៅក្នុងសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែ​ឧសភានេះ សហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិបានចេញសេចក្តីសម្រេចរួមគ្នា បដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលស្នើសុំឱ្យសហចៅក្រមស៊ើបអង្កេតបញ្ជូន​សំណុំ​រឿងទៅអង្គជំនុំជម្រះ​សាលាដំបូង បន្ទាប់ពីអង្គបុរេជំនុំជម្រះបានចេញសេចក្តីពិចារណាមិនដាច់ស្រេចមួយកាលពីថ្ងៃទី៧ ​ខែ​មេសា ​ឆ្នាំ​២០២១ កន្លងទៅ។

ជាមួយគ្នានោះដែរ សហចៅក្រមស៊ើបអង្កេតបានបដិសេធអំណះអំណាងរបស់សហព្រះរាជអាជ្ញាអន្តរជាតិ​ ដែល​​ថា ចៅក្រមអង្គបុរេជំនុំជម្រះទាំង៥​រូបបានឯកភាពថា ដីកាបញ្ជូនទៅ​ជំនុំជម្រះ​របស់សហចៅ​ក្រមស៊ើប​អង្កេត​អន្តរជាតិ មានសុពលភាព ដូច្នេះជាឯកច្ឆន្ទ សំណុំរឿងអាចត្រូវបានបញ្ជូនទៅជំនុំជម្រះបាន។

ប៉ុន្តែជាការពិត ចៅក្រមជាតិនៃអង្គបុរេជំនុំ​ជម្រះបានបង្ហាញជំហរផ្ទុយគ្នាយ៉ាងជាក់លាក់ ដោយបញ្ជាឱ្យ​តម្កល់សំណុំរឿង០០៣ របស់លោកក្នុងបណ្ណ​ាសារ ដែលមានន័យថា «ឥតចាត់ការ»។ ដូច្នេះ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាត់ទុកថា ការគ្រាន់តែយោងលើពាក្យពេចន៍ដែលត្រូវបានប្រើប្រាស់របស់ចៅក្រមជាតិ មិនត្រូវនឹងខ្លឹម​សារ​នោះទេ។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា នៅមិនទាន់អត្ថាធិប្បាយយ៉ាងណានៅឡើយទេក្នុងសំណុំរឿង០០៣នេះ ខណៈសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់សហព្រះរាជអាជ្ញាអន្តរជាតិ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរិះរកមធ្យោបាយដើម្បីបញ្ជូនសំណុំរឿងរបស់លោក មាស មុត នេះទៅជំនុំជម្រះ។

លោកពន្យល់យ៉ាងខ្លីថា៖ «ខ្ញុំនៅមិនទាន់អាចបញ្ជាក់បានទេ [បិទបញ្ចប់សំណុំរឿង] ព្រោះ​ដោយសារតែនៅមានការតតាំងផ្នែកច្បាប់បន្តទៅទៀត។ អ៊ីចឹងនៅដំណាក់កាលនេះ សហ​ព្រះរាជអាជ្ញាអន្តរជាតិ បានស្នើសុំឱ្យសហចៅក្រមស៊ើបអង្កេតបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ប៉ុន្តែឥលូវសហចៅក្រមស៊ើបអង្កេតទាំងជាតិទាំងអន្តរជាតិ គឺបានបដិសេធនូវសំណើហ្នឹងហើយ។ អ៊ីចឹងមានន័យថា សំណុំរឿងហ្នឹងមិនបញ្ជូនទៅជំនុំជម្រះទេ ហើយត្រង់ថាតើ​ត្រូវបិទបញ្ចប់នៅពេលណាសំណុំរឿងហ្នឹង! គឺមិនទាន់ដឹងច្បាស់ទេ! ដោយសារតែ សហចៅក្រមស៊ើបអង្កេតបានស្នើឱ្យសហព្រះរាជអាជ្ញាអន្តរជាតិហ្នឹង បើចង់ដឹងច្បាស់បន្ថែម​ទៀត សុំឱ្យប្តឹងឧទ្ធរណ៍ទៅអង្គបុរេអង្គជំនុំជម្រះ ដើម្បីឱ្យមានការពន្យល់ឱ្យច្បាស់​លាស់​ទៅ»។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ចៅក្រមអង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមជាតិនិងអន្តរជាតិ​ទាំង៥រូប មិនអាចស្វែងរកសំឡេង​ (កូរ៉ុម) គ្រប់​គ្រាន់ ដើម្បីសម្រេច​បញ្ជូនសំណុំរឿង​០០៣ របស់លោក មាស មុត ទៅជំនុំជម្រះឬអត់នោះទេ។ អង្គបុរេជំនុំជម្រះបានត្រឹមតែចេញសេចក្តីពិចារណារៀងៗខ្លួន។

យ៉ាងណាក្តី បើតាមអ្នកជំនាញបានលើកឡើងថា សំណុំរឿង០០៣ របស់អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត នេះ គឺមិនខុសពីសំណុំរឿង០០៤/២ របស់លោក អោ អាន នោះទេ ដែលនៅទីបំផុតទៅ គឺត្រូវជាប់គាំង ហើយជនជាប់ចោទត្រូវបានរួចផុតពីការចោទប្រកាន់។

ទាក់ទងសេចក្តីសម្រេចនេះ លោក សំ សុគង់ ដែលជាមេធាវីតំណាងដើមបណ្តឹងរដ្ឋប្ប​វេណីចំនួនជាង១០០នាក់ បានចាត់ទុកសេចក្តីសម្រេចមិនបញ្ជូនសំណុំរឿងទៅជំនុំជម្រះនេះ​ថា ជារឿងមួយដែលមិនអាចផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះនោះទេ។ លោកបានចាត់​ទុកថា វាជានិទណ្ឌភាពមួយ។

លោកមេធាវីថ្លែងយ៉ាងដូច្នេះថា៖ «តាមពិត ជនរងគ្រោះគាត់ចង់បានយុត្តិធម៌មួយ ហើយចង់ឃើញមានការបញ្ជូនជនដែលប្រព្រឹត្តបទល្មើសហ្នឹងទៅកាត់ទោសតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគាត់។ ហើយបើកាលណាយើងមិនយកជនដែលប្រព្រឹត្តបទល្មើសទៅកាត់ទោស វាហៅថាស្មើនឹងអំពើនិទណ្ឌភាព ដោយថា អ្នកប្រព្រឹត្តបទល្មើសហើយ មិនត្រូវបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់»។

លោក មាស មុត ដែលបច្ចុប្បន្នមានអាយុ៨៣​ឆ្នាំ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត ត្រូវបានគេដឹងថា លោកធ្លាប់ជាកម្មាភិបាលជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ដោយមានតួនាទីជាសមាជិកគណៈមជ្ឈិមបក្ស និងជាមេបញ្ជាការកងទ័ពជើងទឹក១៦៤ ប្រចាំការនៅកំពង់សោម។

លោកត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចោទប្រកាន់នៅថ្ងៃទី​៣ ខែមីនា ឆ្នាំ២០១៥ ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញាទីក្រុងហ្សឺណែវ និងការរំលោភបំពានក្រម​ព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦»។ បទចោទទាំងនេះ​ត្រូវបានកែប្រែ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ និងបទចោទបន្ថែម រួមទាំង «បទប្រល័យពូជសាសន៍» ផងដែរ។

នៅចុងឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានសម្រេចបញ្ជូនសំណុំរឿងរបស់លោក មាស មុត ទៅជំនុំជម្រះដោយអះអាងថា មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោក មាស មុត ស្ថិតក្នុងចំណោមជនដែលទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតជាតិ បានជំទាស់ ដោយយល់ថា លោក មាស មុត មិនស្ថិតនៅក្នុងជនត្រូវចោទនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ