អាជ្ញាធរ​​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អតីត​មន្ត្រី​សុរិយោដី​ដែល​សង់​សំណង់​រឹង​មាំ​លើ​ចំណី​ផ្លូវ​រដ្ឋ​

ទីតាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ ក្រសួងដនស-មន្ទីរដនសសរាជធានីភ្នំពេញ)

អាជ្ញាធររាជធានីភ្នំពេញ​ ព្រមានចាត់វិធានការរដ្ឋបាលលើម្ចាស់ខុនដូម្នាក់ដែលជាអតីតមន្ត្រីជំនាញផ្នែកភូមិបាលសុរិយោដី ​រាជធានីភ្នំពេញ ដែលសង់សំណង់រឹងមាំលើដី​ចំណីផ្លូវសាធារណៈសម្រាប់ដាក់ម៉ាស៊ីនភ្លើងខ្នាតធំប្រើប្រាស់ក្នុងខុនដូរបស់ខ្លួន។

អភិបាលរងខណ្ឌចំការមន លោក អាំង សិរីពិសិដ្ឋ មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃទី២០ ខែឧសភានេះថា ថ្មីៗនេះ អាជ្ញាធរបាន​ទទួល​ពាក្យបណ្តឹងពីប្រជាពលរដ្ឋថា ​អគារខុនដូមួយកន្លែងស្ថិត​នៅក្នុងខណ្ឌចំការមន បានរំលោភយក​ដី​ចិញ្ចើមផ្លូវ​សាធារណៈធ្វើជាទីតាំងសម្រាប់ដាក់ម៉ាស៊ីនភ្លើងខ្នាតធំដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យផ្លូវតូចចង្អៀត រួមទាំងពិបាកធ្វើដំណើរ។

អភិបាលខណ្ឌរូបនោះបញ្ជាក់ថា ក្រុមការងារជំនាញរបស់ខណ្ឌបានសហការជាមួយមន្ត្រីមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ បានចុះទៅដល់ទីតាំងខុនដូ ដើម្បីវាស់​វែងតាមបច្ចេកទេស និង​រកឃើញថា អតីតអនុប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ រូបនោះ​ បានសង់សំណង់រឹង​សម្រាប់ដាក់ម៉ាស៊ីនភ្លើង​ខ្នាត​ធំចូលផ្លូវសាធារណៈប្រវែង​ប្រហែលជា៨តឹក។

ក្រោយពីចុះវាស់វែង អាជ្ញាធរបានហៅម្ចាស់ខុនដូធ្វើកិច្ចសន្យាឱ្យឈប់សាងសង់សំណង់​សម្រាប់ដាក់ម៉ាស៊ីន​ភ្លើងខ្នាត​ធំ ចូល​ផ្លូវសាធារណៈ និងទុកពេល១៤ថ្ងៃឱ្យ​​រុះរើចេញវិញ។ លោកបន្តថា បើម្ចាស់ខុនដូមិនព្រមធ្វើតាមការជូនដំណឹងរបស់អាជ្ញាធរទេ មន្ត្រីជំនាញនឹងចាត់វិធានការរដ្ឋបាលឬវិធានការច្បាប់លើបុគ្គលនោះផងដែរ។

លោកមានប្រសាសន៍ថា៖ «បើគាត់ថយទៅក្រោយ៨តឹកវិញទៅ វាស្របច្បាប់ហើយ។ នៅក្នុងកំណត់ហេតុ យើងទុកពេលឱ្យគាត់រុះរើចេញ២សប្តាហ៍។ ជាគោលការណ៍ នៅពេលដែលគាត់មិនអនុវត្តតាម យើងនឹងធ្វើសេចក្តីជូនដំណឹងជាលើកទី២ បើសិនជាជូនដំណឹងលើកទី៣ គាត់មិនព្រមរុះរើចេញទៀត នឹងយកច្បាប់មកអនុវត្តជាគោល»។

វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងម្ចាស់ខុនដូនោះបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា ទីតាំងដែលម្ចាស់ខុនដូសង់កន្លែងសម្រាប់ដាក់ម៉ាស៊ីនភ្លើងខ្នាតធំចូលផ្លូវសាធារណៈ ស្ថិតនៅលើដីឡូត៍លេខ១២៣ ផ្លូវលេខ១០៣ កែង៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ