រដ្ឋ​មន្រ្តី​កសិកម្ម​ណែនាំ​​ដល់​អាជ្ញាធរព្រំដែន​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​វៀតណាម​

សកម្មភាពនាំជ្រូកចូលពីប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញ ចាប់ឃាត់បាន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ណែនាំ​ដល់អាជ្ញាធរនៅតាមព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងវាយលុកសារជាថ្មីក្នុងប្រទេស​នេះ និងឆ្លងរាលដាលដល់ខេត្តចំនួន៩ ដែលមានព្រំប្រទល់​ជាប់ព្រំដែនជា​មួយកម្ពុជា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន​ បាន​លើកឡើងក្នុងលិខិតជូនដំណឹងទៅអភិបាលខេត្តព្រៃវែង ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ថា ជំងឺបេស្តជ្រូកអាហ្វ្រិ​ក​ បានផ្ទុះឡើងសារជាថ្មីនៅក្នុងប្រទេសវៀតណាម ចាប់តាំងពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងឆ្លងរាលដាលដល់ខេត្តដែលមានព្រំដែនជាប់នឹងខេត្តមណ្ឌលគិរី រតនគិរី ព្រៃវែង កំពត ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ តាកែវ និង​ខេត្ត​កណ្តាល នៃប្រទេស​កម្ពុជា បន្ទាប់ពីផ្ទុះឡើងដំបូងនៅដើមឆ្នាំ២០១៩។

ក្នុងលិខិតនោះ លោកណែនាំ​​ដល់រដ្ឋបាលខេត្តទាំងនោះចូលរួមជួយបង្ការនិងទប់ស្កាត់ ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងរាលដាលចូលមកក្នុងផ្ទៃប្រទេស ដែលអាចនឹងធ្វើឱ្យខាតបង់ដល់អ្នកចិញ្ចឹមជ្រូកនិងសុខភាពអ្នកបរិភោគក្នុងប្រ​ទេស។  

លោក វេង សាខុន បានលើកឡើងក្នុងលិខិតនោះបន្ថែមថា៖ «[បញ្ហានេះ] ជាសញ្ញាហានិភ័យខ្ពស់នៃការឆ្លងរាលដាលក្នុងលក្ខណៈទ្រង់ទ្រា​​យធំនិងធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីលោករដ្ឋមន្ត្រី វេង សាខុន និងអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា បានទេ នៅថ្ងៃសុក្រនេះ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ខេត្តព្រៃវែង លោក អ៊ុក សំណាង លើកឡើងថា ចាប់តាំងពីមានការផ្ទុះជំងឺប៉េស្តជ្រូកនៅប្រទេសវៀតណាមមក អាជ្ញាធរដែល​យាមកាមតាមច្រកព្រំដែនបានបង្កើនការត្រួតពិនិត្យលើ​ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលធ្វើពីសាច់ជ្រូកខុ​សច្បាប់ តា​មការណែនាំរបស់ក្រសួង។

លោកថា​ បញ្ហាផ្ទុះជំងឺសារជាថ្មីនេះពុំមានអ្វីគួរឱ្យបារម្ភឡើយ ដោយសារវៀតណាមមិនមានជ្រូកសម្រាប់ការនាំចេញ​មកកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនោះទេ ខណៈប្រទេសនេះកំពុងមានការខ្វះខាតសាច់ជ្រូកសម្រាប់​បំពេញតម្រូវការប្រជាជនក្នុងស្រុក។

លោក អ៊ុក សំណាង មានប្រសាសន៍ថា៖ «ប៉ុស្តិ៍ព្រំដែនទាំងអស់ហ្នឹង ឱ្យតាមដានជាប្រចាំរហូត ជាពិសេសមន្រ្តីពេទ្យសត្វរបស់ខ្ញុំហ្នឹង ក៏តែងតែល្បាតមើលជារួម​ ដើម្បីទប់ស្កាត់ស្ថានភាពហ្នឹង។ ទោះបីមិនមានជ្រូក មិនមានអីហ្នឹង ក៏ប៉ុន្តែត្រូវតែមានការតាមដានរហូតមកដែរហ្នឹង មិនមានអីគួរឱ្យព្រួយបារម្ភទេ»។​​

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ប្រាប់ វីអូឌី នៅថ្ងៃសុក្រ​នេះថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺ​ជាជំងឺឆ្លងរាតត្បាតឆាប់រហ័សនិងពិ​បា​​កទប់ស្កាត់បំផុត។ លោកថា ជំងឺនេះឆ្លងទៅសត្វជ្រូកតាមមនុស្ស ឬសត្វល្អិតដូចជា រុយ មូស និងចៃ ជាដើម ហើយបើមានជ្រូកមួយក្បាលឆ្លង ជ្រូកទាំងអស់ក្នុងកសិដ្ឋាននឹងត្រូវសម្លាប​់​ ទោះមានចំនួនច្រើនដល់រាប់ពាន់ក្បាលក៏ដោយ​​។

លោក​បាន​ស្នើឱ្យសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ និងជ្រូកមានជំងឺ តាមការណែ​នាំរបស់ក្រសួងកសិកម្មឱ្យមានប្រសិទ្ធភាពបំផុត បើមិនដូច្នេះទេ លោកថា កសិករចិញ្ចឹមជ្រូកក្នុងស្រុកនឹងប្រឈមគ្រោះថ្នាក់នៃការខាតបង់ធ្ងន់ធ្ងរ។

លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា៖ «បើបងប្អូននៅតាមព្រំដែន ជាពិសេសសមត្ថកិច្ចតាមព្រំដែន លោកមិនជួយយកចិត្តទុក​ដាក់ និងមិនហ៊ានទទួលខុសត្រូវទេ ខ្ញុំគិតឃើញថា លើកនេះគឺចប់ហើយ ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះវាសាហាវណាស់»។

កសិករចិញ្ចឹមជ្រូកមួយរូបនៅខេត្តសៀមរាប អ្នកស្រី ឃឿន នាង ដែលមានជ្រូកមេចំនួន២០ក្បាល ស្នើដល់អាជ្ញាធ​រ​មា​នសមត្ថកិច្ចជួយធ្វើយ៉ាងណាទប់ស្កាត់ការនាំចូលជ្រូកនិងសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាមនិងថៃ ដើម្បីបញ្ចៀសការនាំមេរោគមកចម្លងដល់ជ្រូករបស់កសិករកម្ពុជា។

អ្នកស្រីនិយាយថា៖ «ភ័យ! ខ្ញុំមានជ្រូកច្រើនដែរ ដល់ពេលអ៊ីចឹងទៅ ខ្ញុំព្រួយ! និយាយរួម ព្រោះខ្ញុំមិនដឹងទប់ស្កាត់បែបណាទេ។ បើសិនរាជរដ្ឋាភិបាលអត់នាំចូលជ្រូកពីវៀតណាមនិងថៃទេ យើងអាចទប់ស្កាត់បាន១០០%។ អាហ្នឹងបេះដូងខ្ញុំផ្ទាល់ ខ្ញុំចង់បានអ៊ីចឹង»។

កសិករចិញ្ចឹមជ្រូកមួយរូបទៀតនៅខេត្តកំពង់​ឆ្នាំង មានជ្រូកមេចំនួន១០ក្បាល និងជ្រូកកូនជាច្រើនផ្សេងទៀត បានប្រាប់ក្នុងល​​ក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោកមិនទាន់មានការបារម្ភអ្វីនោះទេ ដោយសារកសិដ្ឋានរបស់លោកនៅឆ្ងាយដាច់ពីគេ។

យ៉ាងណា កសិកររូបនេះប្រាប់បន្ថែមថា៖ «ម្ចាស់កសិដ្ឋានគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន និងមើលថែរក្សាជូ្រករបស់ខ្លួនឱ្យ​បានល្អ។ ម្យ៉ា​ងទៀត សំណូមពរឱ្យ​​រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ក្នុងការនាំជ្រូកពីបណ្តាប្រទេសកើតជំងឺនោះ»៕

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ប្រទេស​ចិន ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ២០១៩ និង​បាន​ឆ្លង​ចូល​ដល់កម្ពុជាក្នុងខេត្តចំនួន៥ រួមមាន ​ខេត្ត​រតនគិរី​ ខេត្ត​កំពង់ចាម ខេត្ត​តាកែវ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​កណ្ដាល។

បើតាមប្រភពពីមន្ត្រីក្រសួងកសិកម្ម សត្វជ្រូកជាង៤ ០០០​ក្បាលបានងាប់និងត្រូវយកទៅកម្ទេចចោល​ក្នុងអំឡុងពេលមានការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិកកាលពីឆ្នាំ២០១៩នោះ ដោយខាតបង់គិតជាទឹកប្រាក់អស់ប្រមាណ៨០ម៉ឺនដុល្លារអាមេរិក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ