ប្រធានអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី បានលក់បណ្ណនាឡិកាដៃរបស់ខ្លួនបានជិត២ម៉ឺនសន្លឹក ដែលគិតជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ក្នុងយុទ្ធនាការលក់បណ្ណក្នុងរយៈពេល៦ថ្ងៃរបស់លោក។
លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃទី២១ ខែឧសភានេះថា ថវិកាដែលបានមកពីការលក់បណ្ណនាឡិកាដៃរបស់លោកនេះ កំពុងតែចាត់ចែងទិញស្បៀងជាបណ្តើរៗ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះស្បៀងអាហារនៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបជូនថា លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសបារាំង បានចាប់ផ្តើមធ្វើយុទ្ធនាការលក់បណ្ណនាឡិកាដៃរបស់ខ្លួន ចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដើម្បីយកប្រាក់មកទិញស្បៀងអាហារជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងខ្វះខាត ក្នុងពេលរដ្ឋាភិបាលដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលកន្លងមក និងចំពោះជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
លោកបន្តថា បណ្ណជាវនាឡិកាដៃរបស់លោកក្នុង១សន្លឹកមានតម្លៃ៥ដុល្លារអាមេរិក ហើយការចាប់ឆ្នោតដើម្បីទទួលបាននាឡិកាដៃម៉ាកកាស្យូ (Casio) របស់លោក នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា។
ការធ្វើយុទ្ធនាការរបស់មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានធ្វើឡើងក្រោយពីមន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានលើកឡើងកាលពីដើមខែឧសភានេះថា ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលមិនបានជួយលុយសូម្បីតែមួយរៀល រួមទាំងកម្លាំង ក្នុងអំឡុងពេលរដ្ឋាភិបាលខំប្រឹងប្រែងទប់ស្កាត់រលកចម្លងជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ខណៈអ្នកទាំងនោះបានត្រឹមតែនិយាយរិះគន់ពីចំណាត់ការរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ៕









