អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បិទ​បញ្ចប់​បម្រាម​គោចរ​នៅ​ក្នុង​តំបន់​លឿង​ចាប់​ពី​ពាក់​កណ្តាល​យប់​នេះ​

នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង បានបន្តចុះត្រួតពិនិត្យការអនុវត្តបម្រាមគោចរ និងចុះល្បាតក្នុងភូមិសាស្ត្រមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌបឹងកេងកង)

អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់បម្រាមគោចរនិងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួននៅក្នុងតំបន់លឿង ឱ្យមានសកម្មភាពធម្មតាឡើងវិញ។

នៅក្នុងសេចក្តីសម្រេចចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការបិទបញ្ចប់បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។

សេចក្តីសម្រេចនេះបានបញ្ជាក់ដែរថា គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានទាំងអស់ ដែលស្ថិតនៅក្នុងតំបន់លឿង អាចបើកអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើងវិញ ប៉ុន្តែត្រូវអនុវត្តវិធានសុវត្ថិភាពសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» ជាប់ជាប្រចាំ។ មិនតែប៉ុណ្ណោះ អាជ្ញាធរក៏បានអនុញ្ញាតឱ្យបិទបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញផងដែរ។

ប៉ុន្តែសេចក្តីសម្រេចនេះបានបញ្ជាក់ថា សកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ មានជាអាទិ៍ ខារ៉ាអូខេ និងរង្គសាល ជាដើម នៅតែបន្តផ្អាកជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីសម្រេចជាថ្មី។

គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៨៨នាក់ ស្លាប់២នាក់ ខណៈករណីជាសះស្បើយមានចំនួន៦៤០នាក់។ តួលេខនេះបានធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ សរុប២៤ ៦៤៥នាក់ ជាសះស្បើយ១៧ ១៦៤នាក់ និងអ្នកស្លាប់កើនឡើងដល់១៦៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ