វ៉ាក់សាំង​ដែល​រដ្ឋា​ភិបាល​​បញ្ជា​ទិញ​ពី​ចិន​ចំនួន​១​លាន​ដូស​បន្ថែម​ទៀត​បាន​មក​ដល់​កម្ពុជា​

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជាទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១លានដូសបន្ថែមទៀត ​នៅថ្ងៃទី២៣ ខែឧសភា ក្រោយពីរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិន ​ធ្វើឱ្យ​វ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសជាមិត្តមួយនេះ តាមរយៈការបញ្ជាទិញមានចំនួនកើនឡើងរហូតដល់៤លានដូសហើយ។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិនចំនួន១លានដូសបានដឹកមកដល់ប្រទេសកម្ពុជា​ហើយ។

លោកបន្តថា នេះគឺជាវ៉ាក់សាំងលើកទី៥ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន១លាន៥សែនដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា។ ដោយឡែក វ៉ាក់សាំង ចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាលើកទី២ ឬជើងទី២ នៅថ្ងៃទី១៧ ខែមេសា។ បន្ថែមពីនេះ ជើងទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា ថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា កន្លងទៅថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រីអះអាងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ លោកថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ហ្វេសប៊ុកលោក ហ៊ុន សែន សរសេរថា៖ «ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អនិងស្អិតល្មួតរវាងកម្ពុជានិងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-១៩»។

គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន៣ប្រភេទ រួមមាន វ៉ាក់សាំង ស៊ីណូហ្វាមជំនួយរបស់ចិនសរុប ១លាន៧សែនដូស, វ៉ាក់សាំង អាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ មានចំនួនសរុប៣២៤ ០០០ដូស និងវ៉ាក់សាំង ស៊ីណូវ៉ាក់ ដែលរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន មានចំនួន៤លានដូស។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ថ្ងៃទី២៣ ខែឧសភានេះ ប្រជាពលរដ្ឋជាង២លាននាក់​ហើយបានចាក់វ៉ាក់សាំង។

ជាមួយគ្នានេះ លោកថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ដើម្បីបង្កើតភាពស៊ាំ និងដើម្បីទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ