អាជ្ញាធរខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពលរដ្ឋមួយចំនួនបានរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាកយីហោដែលជ្រកក្រោមស្លាកស្រាបៀរ នៅថ្ងៃអាទិត្យនេះ ក្រោយពីអាជ្ញាធរព្រមានចុះរុះរើដោយខ្លួនឯង ប្រសិនបើពលរដ្ឋមិនព្រមចូលរួមអនុវត្តតាម។
ការរុះរើនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែឧសភា រដ្ឋបាលខេត្តកំពង់ស្ពឺបានដាក់ចេញនូវវិធានការរដ្ឋបាលរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់ វីអូឌី នៅថ្ងៃទី២៣ ខែឧសភានេះថា តាមគម្រោង អាជ្ញាធរទុកពេលឱ្យប្រជាពលរដ្ឋដែលមានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាកពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវ ត្រូវរុះរើចេញវិញយ៉ាងយូរ១សប្តាហ៍ ដើម្បីរៀបចំសោភ័ណភាពខេត្តកំពង់ស្ពឺ។
អភិបាលខេត្តរូបនេះបញ្ជាក់ថា បើសិនជាម្ចាស់ផ្ទាំងប៉ាណូជ្រកក្រោមស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនធ្វើការរុះរើតាមការណែនាំទេ អាជ្ញាធរនឹងចុះរុះរើដោយផ្ទាល់តែម្តង។
លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋខ្លះគាត់ចាប់ផ្តើមរុះរើ និងពលរដ្ឋខ្លះមិនទាន់រុះរើទេ។ យើងទុកពេលឱ្យគាត់មួយសប្តាហ៍ បើក្នុងករណីគាត់មិនរុះរើ ខាងក្រុមការងារក្រុងស្រុកយើងអាចរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មបាន បើពួកគាត់មិនរុះរើ»។
ទោះជាបែបនេះក្តី អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មិនបានបញ្ជាក់ពីចំនួនផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាកយីហោដែលជ្រកក្រោមស្លាកពាណិជ្ជកម្មគ្រឿងស្រវឹងដែលត្រូវរុះរើចេញនោះទេ ដោយសារខេត្តរង់ចាំរបាយការណ៍របស់ថ្នាក់ស្រុកក្រុងបញ្ជូនមកជាមុនសិន។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សាមិត្ត មានប្រសាសន៍គាំទ្រចំពោះវិធានការរបស់អាជ្ញាធរខេត្តនេះដែលចង់លុបបំបាត់មិនឱ្យមានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវ និងនៅតាមផ្ទះប្រជាពលរដ្ឋតទៅទៀត ដើម្បីជាគំរូល្អសម្រាប់ខេត្តដទៃ ដោយមិនគួរឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងបែបនេះបន្តទៀតឡើយ។
លោក អ៊ុង សាមិត្ត បញ្ជាក់ថា បើអាជ្ញាធរមិនអាចទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះបានទេ អាចធ្វើឱ្យពលរដ្ឋពិសាគ្រឿងស្រវឹងកាន់តែច្រើន នាំឱ្យមានអំពើអសីលធម៌សង្គមផ្សេងៗកើតឡើងផងដែរ។
លោកមានប្រសាសន៍ថា៖ «ការហូបគ្រឿងស្រវឹងអាចធ្វើឱ្យមានបញ្ហាច្រើន ការរស់នៅមិនសូវបានល្អ មនុស្សឈ្លោះគ្នា មិនបានគិតវែងឆ្ងាយ ខ្លះអាចមានរំលោភសាច់ញាតិខ្លួនឯង និងប្រព្រឹត្តបទល្មើសផ្សេងេៗ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងអាចនាំឱ្យមានអំពើពុករលួយផ្សេងៗដើម្បីបំពេញចំណង់របស់ខ្លួន»។
មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបង្ហាញពីលទ្ធផលនៃការស្ទង់មតិរបស់ខ្លួននៅអំឡុងឆ្នាំ២០១៧ ដោយរកឃើញថា មានមនុស្សប្រមាណ៩០ភាគរយបានឃើញការផ្សព្វផ្សាយពីផលិតផលគ្រឿងស្រវឹងនៅតាមមធ្យោបាយផ្សេងៗ ហើយក្នុងចំណោមអ្នកដែលបានឃើញការផ្សព្វផ្សាយនោះ ប្រមាណ៧០ភាគរយ ចង់សាកល្បងប្រើប្រាស់គ្រឿងស្រវឹងផងដែរ៕