ផ្សារ​រដ្ឋ​ចាប់​បើក​មួយ​ផ្នែក​ឡើង​វិញ​ ខណៈ​អាជីវករ​នៅ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​

គណៈគ្រប់គ្រងផ្សារបឹងកេងកង រៀបចំវិធានការរក្សាគម្លាត តម្រូវឱ្យស្កេន QR Code និងអនុវត្តតាមវិធានការសុខាភិបាលមួយចំនួនទៀត សម្រាប់បងប្អូនអាជីវករឬអតិថិជនគោរពតាមមុននឹងចូលក្នុងផ្សារមួយនេះ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យដំណើរការអាជីវកម្មផ្សាររដ្ឋឡើងវិញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ ចាប់ផ្តើម​បើកទ្វារសម្រាប់ផ្នែកលក់ម្ហូបអាហារ នៅថ្ងៃនេះ បន្ទាប់ពីបិទទ្វារអស់រយៈ​ពេល​​ជាង១ខែ ប៉ុន្តែអាជីវករមួយចំនួននៅបារម្ភ​​​ខ្លាចឆ្លងជំងឺកូវីដ-១៩ និងបារម្ភថា​ជំងឺនេះអាច​រាលដាលខ្លាំងឡើងវិញ។

អាជីវករលក់ត្រីមួយរូបនៅផ្សារបឹងកេងកង លោក ហួន សំបូរ លើកឡើង​ថា លោកនឹងមកបើកលក់ឡើងវិញនៅថ្ងៃស្អែក បន្ទាប់ពីបានបិទទ្វារចាប់ពីពាក់កណ្តាលខែមេសាមក។

បើទោះជាគ្រោងបើកលក់ឡើងវិញ ប៉ុន្តែអាជីវកររូបនេះក៏បានបង្ហាញក្តីបារម្ភផងដែរពីការ​ឆ្លង​ជំងឺកូវីដ-១៩ដែល​អាច​កើនឡើងសារជាថ្មី ដែលនាំឱ្យអាជ្ញាធរសម្រេចបិទផ្សារម្តងទៀត។

​អាជីវករវ័យ៣៦ឆ្នាំរូបនេះ ក៏បាន​សំណូមពរឱ្យអាជីវករនិងពលរដ្ឋទាំងអស់រួមគ្នាអនុវត្តវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឱ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយចំនួនឆ្លងកុំឱ្យកើនឡើងបន្ថែមទៀត។

លោកនិយាយថា៖ «អាហ្នឹងយើងនៅតែមានការព្រួយបារម្ភដែរ ព្រោះអីយើងខ្លាច បើផ្ទុះច្រើនពេក គេបិទទៀតអ៊ីចឹងទៅ។ អ៊ីចឹងត្រូវចូលរួមពីប្រជាជន ការពារ ថែរក្សាគម្លាត»។

ប្រធានគ្រប់គ្រងផ្សារបឹងកេងកង លោក ឯក និមល លើកឡើងថា អាជីវករលក់ម្ហូបអាហារនៅផ្សារបឹងកេងកង ចំនួន៧៦តូប ក្នុងចំណោមជាង២០០តូប បានមកបើកទ្វារលក់ដូរ ខណៈតូបសរុបមានជាង១ ៤០០តូប។ លោកថា គណៈកម្មការផ្សារបានរៀបចំគំនូសគម្លាតសុវត្ថិភាព ម៉ាស៊ីនវាស់កម្តៅ និងបាញ់អាល់កុលស្វ័យប្រវត្តិ ហើយកម្រិតចំនួនអតិថិជនចូលផ្សារត្រឹម៥០នាក់ក្នុងមួយម៉ោង តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

យ៉ាងណា លោកថា វិធានការទាំងនេះមិនអាចធានាមិនឱ្យមានការឆ្លងបាន១០០ភាគរយនោះទេ ដោយសារជំងឺកូវីដ-១៩ជាជំងឺឆ្លងរាតត្បាតសកល។

លោកមានប្រសាសន៍ថា៖ «យើងមានជំនឿខ្លះ មិនមែនថាយើងធ្វើអ៊ីចឹងគឺអនុវត្តបាន[ដោយ]មិនមានការឆ្លង១០០ភាគរយទេ ប៉ុន្តែជាការមួយយើងអាចជួយសម្រួលច្រើន ជួយកាត់ផ្តាច់ច្រើន»។

ចំណែកអាជីវករលក់សណ្តែកក្នុងផ្សារអូរឫស្សី ឈ្មោះ ហ៊ុង វ័យ៣៦ឆ្នាំ ប្រាប់ វីអូឌី ឱ្យដឹងថា អ្នកស្រីខកខានលក់ជាង១ខែមកហើយ ដែលនាំឱ្យអ្នកស្រីត្រូវចាយវាយប្រាក់សន្សំទុកកន្លងមក។ អ្នកស្រីបន្ត​ថា តូបរបស់អ្នកស្រី​មិន​ទាន់​ត្រូវបាន​អនុញ្ញាតឱ្យបើកឡើងវិញនៅឡើយ ប៉ុន្តែអ្នកស្រីអាចបើកតូបយក​អីវ៉ាន់ចេញដឹកឱ្យភ្ញៀវបាន។

អាជីវកររូបនេះក៏បានបង្ហាញការព្រួយបារម្ភ​ពីការឆ្លង​ជំងឺកូវីដ-១៩ នៅពេល​អាចត្រឡប់មកប្រ​ក​បមុខរបរឡើងវិញ ប៉ុ​ន្តែអ្នកស្រីគ្មានជម្រើសនោះទេ ព្រោះវាជាមុខរបរតែមួយគត់ដែលអាចរកប្រាក់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ខណៈ​អ្នកស្រីមានកូន២នាក់ក្នុងបន្ទុក។

អ្នកស្រី ហ៊ុង និយាយថា៖ «នៅពេលដែលបើកវិញ វាប្រឈមមុខខ្លាចឆ្លងអ៊ីចឹងដែរ។ ហើយបើសិនបើក យើងបានលក់ដូរ យើងប្រថុ​យ​។ ធម្មតា ការរស់នៅ យើងត្រូវការរកស៊ីចិញ្ចឹមខ្លួន ខ្ញុំមិនដឹងមួយណាល្អជាងមួយណាដែរ»។

អាជីវករលក់សាច់ក្រកម្នាក់ឈ្មោះ ហង់ ស៊ីវណ្ណា វ័យ៦៤ឆ្នាំ​ ប្រាប់ វីអូឌី ឱ្យដឹងនៅថ្ងៃនេះថា អ្នកស្រីនឹងចាប់បើកលក់ឡើងវិញនៅថ្ងៃស្អែក ដោយសារថ្ងៃនេះ គាត់ត្រូវមកសម្អាតតូបជាមុនសិន បន្ទាប់ពីបិទទ្វារអស់រយៈពេលជិត២ខែដោយសារបញ្ហាកូវីដ-១៩។

អាជីវករផ្សារអូរឫ​ស្សីដែលប្រកបមុខរបរអស់​រយៈពេល២១ឆ្នាំនោះ រស់នៅសង្កាត់ចោមចៅ៣ បន្ថែមថា គាត់បានឈប់សម្រាកនៅផ្ទះនិ​ងគ្មានចំណូលមួយរយៈធំមកហើយ ដូច្នេះ គាត់ត្រូវតែបង្ខំចិត្តបើកទ្វារលក់ដូរឡើងវិញ ទោះត្រូវប្រឈមនឹងជំងឺឆ្លងក្តី។

អ្នកស្រីនិយាយថា៖ «ខ្លាចដែរតើ! ពេលចូលទៅវិញអ៊ីចឹង ខ្លាចៗដែរហ្នឹង មិនមែនទៅ[ដោយ]ហ៊ានឯណា! នៅតែចូល ធម្មតា របររកស៊ីយើងតែប៉ុណ្ណឹងហើយ បើយើងមិនមកលក់ ទៅណាចុះ?»

អាជីវករលក់គុយទាវនៅក្នុងផ្សារអូរឫស្សី ឈ្មោះ ជិន អាន វ័យ៥៨ឆ្នាំ ថ្លែងថា គាត់មិនទាន់អាចបើកតូបលក់ឡើងវិញនោះទេ ដោយសារតូបក្នុងផ្សារមួយផ្នែកធំនៅបន្តបិទទ្វារ ហើយអ្នកចូលទៅរកទិញអីវ៉ាន់ក៏នៅមានចំនួនតិចតួចនៅឡើយ។

ពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យរូបនេះ បន្តថា នៅពេលមានមនុស្សម្នាមកផ្សារច្រើនឡើងវិញ លោកនឹងបើកលក់ដូរ ព្រោះលោកត្រូវការរកចំណូលដើម្បីបង់ថ្លៃឈ្នួលតូប១លានរៀលក្នុងមួយខែ និងការរកប្រាក់សម្រាប់ចំណាយ​ប្រចាំថ្ងៃ។

អាជីវកររូបនេះនិយាយថា៖ «អត់ខ្វល់ខ្វាយអីទេ ឱ្យតែគេបើកទៅ យើងសប្បាយ។ កាលណាគេបើកលក់វិញឱ្យអស់ទៅ ខ្ញុំស​ប្បា​យ»។

យ៉ាងណា លោកថា លោកក៏មានការបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ដែរ។

លោកថា៖ «ចេះតែខ្លាចហើយរឿងប៉ះពាល់ ខ្លាចចេះតែខ្លាចហើយ! យើងការពារទៅ ការពារ ពាក់ម៉ាស់ បាញ់អាល់កុលទៅ»។

ប្រធានគ្រប់គ្រងផ្សារអូរឫស្សី លោក ហត វ៉ាន់ធី ប្រាប់ថា តូបលក់គ្រឿងឧបភោគបរិភោគនិងអាហារនៅផ្សារអូរ​ឫស្សីមានចំ​នួន៩៨៣តូប ក្នុងចំណោមតូបសរុប​ជាង៦ ២០០​តូប ក្នុងនោះ មានម្ចាស់តូបលក់ដូរគ្រឿងឧបភោគបរិភោគ ចំនួន៤០នា​ក់ បានមកបើកទ្វារតូបរបស់ពួកគេនៅព្រឹកថ្ងៃដំបូងនេះ។

លោកថា គណៈកម្មការផ្សារបានកំណត់ឱ្យមនុស្សចូលត្រឹម១០០នាក់ក្នុងមួយម៉ោង និងសហការជាមួយអាជ្ញាធរត្រួតពិនិត្យមើលអ្នកដែលល្មើសវិធានការសុខាភិបាលនិងរដ្ឋបាល​ដែលបានដាក់ចេញដោយរដ្ឋបាល​រាជធានីភ្នំពេញ​ ហើយថា បើពល​រ​ដ្ឋនៅតែមិនព្រមអនុវត្តវិធានគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងសម្អាតដៃឱ្យបានត្រឹមត្រូវ នោះហានិភ័យនៃការឆ្លងនឹងមានខ្ពស់។

លោក ហត វ៉ាន់ធី មានប្រសាសន៍ថា៖ «បើគាត់មិនស្តាប់ [និងអនុវត្ត] វិធានការ “៣កុំ ៣ការពារ” ទេ! អាហ្នឹងគ្រោះថ្នាក់ហើយ»។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយចុះថ្ងៃទី២០ ខែឧសភា ឱ្យបើកផ្សាររដ្ឋទាំងអស់ឡើងវិញចាប់ពីថ្ងៃទី២​៤ ខែឧសភា ឆ្នាំ២០២១ សម្រាប់អាជីវករលក់គ្រឿងឧបភោគបរិភោគ​និងអាហារ ក្រោមការរឹតបន្តឹងវិធានសុខាភិបាល វិធានរដ្ឋបាល និងការកម្រិតចំនួនមនុស្សចូល។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតួលេខករណីឆ្លងថ្មីថយចុះ ហើយសាលាក្រុងបានដកវិធានការបិទខ្ទប់និ​ងបម្រាមគោរចរទូទាំងរាជធានី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ