អ្នកជំងឺចំនួន៧នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីម្សិលមិញ ខណៈអ្នកឆ្លងថ្មីមានចំនួន៦៦០នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់និងឆ្លងថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានការកើនឡើងជាបន្តបន្ទាប់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា មានចំនួន៧នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយជំងឺនេះកើនដល់ជិត២០០នាក់ ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក។
ក្រសួងឱ្យដឹងទៀតថា ចំណែកអ្នកឆ្លងថ្មីវិញមានចំនួន៦៦០នាក់ ក្នុងនោះមានករណីនាំចូលមកពីក្រៅប្រទេសចំនួន៣៤នាក់ និងក្រៅពីនោះជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្រៅពីមានអ្នកស្លាប់និងមានឆ្លងថ្មី ក្រសួងបន្តថា អ្នកជំងឺកូវីដ-១៩ ចំនួន៧៥០នាក់បន្ថែមទៀតត្រូវបានព្យាបាលជាសះស្បើយ។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពអ្នកឆ្លងថ្មី អ្នកស្លាប់ និងអ្នកជាសះស្បើយថ្មី ចាប់តាំងពីថ្ងៃទី១៤ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែឧសភា បង្ហាញថា តួលេខឆ្លងថ្មីក្នុងរង្វង់ពីជាង៣០០នាក់ ទៅជាង៤០០នាក់។ ដោយឡែក អ្នកស្លាប់ថ្មី ចន្លោះពីគ្មានអ្នកស្លាប់ឬសូន្យនាក់ ទៅ៥នាក់។
ប៉ុន្តែចាប់ពីថ្ងៃទី២១ មកដល់ថ្ងៃទី២៦ ខែឧសភា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបង្ហាញថា ករណីឆ្លងនិងស្លាប់ថ្មី មានការកើនឡើង។ ក្នុងនោះអ្នកស្លាប់ថ្មីកើតមានចន្លោះពី២នាក់ រហូតដល់៩នាក់ និងឆ្លងថ្មីកើនពីជិត៥០០នាក់ ដល់ជាង៦០០នាក់។
យ៉ាងណា ក្រសួងបង្ហាញថា ពេលវេលាដូចគ្នានេះ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលត្រូវបានព្យាបាលជាសះស្បើយក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយមានចំនួនអ្នកជាចន្លោះពីជាង៥០០នាក់ រហូតដល់ជាង១ ០០០នាក់។
គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៦ ៩៨៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួនជិត២ម៉ឺននាក់ (១៩ ៧៧២នាក់) និងអ្នកស្លាប់ដោយសារជំងឺនេះ មានចំនួន១៩០នាក់៕