បុគ្គលិក​ក្រុម​ហ៊ុន​​ណាហ្គា​វើលដ៍​មួយ​ចំនួន​ព្រម​យក​សំណង​ទាំង​បង្ខំ​ចិត្ត​ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​

សន្តិសុខយាមនៅពីមុខអគារសណ្ឋាគារណាហ្គាវើលដ៍ទី២ អំឡុងពេលមានការរាតត្បាតកូវីដ-១៩ក្នុងចំណោមបុគ្គលិកបម្រើការងារនៅសណ្ឋាគារមួយនេះ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួនបានសម្រេច​ទទួលយកប្រាក់សំណងអតីតភាពទាំងបង្ខំចិត្ត​ ដើម្បីបញ្ចប់កិច្ចសន្យាការ​ងារ​តាមការរៀបចំរបស់ក្រុមហ៊ុន ដោយសារបញ្ហាសម្ពាធសេដ្ឋកិច្ចគ្រួសារ ខណៈមួយចំនួនបន្តទាម​ទារ​ជាមួយ​សហជីពឱ្យក្រុមហ៊ុនទម្លាក់ចោលការ​បញ្ឈប់បុគ្គ​លិកក្នុង​ទ្រង់ទ្រាយធំអំឡុង​​វិបត្តិកូវីដ-១៩នេះ។

ក្រុនហ៊ុន ណាហ្គាវើលដ៍ បានចាប់ដំណើរការបញ្ឈប់បុគ្គលិក​ចំនួន១ ៣២៩នាក់ ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដោ​​យគ្រោងរយៈពេលពី៥ទៅ៦សប្តាហ៍ ក្រោយពន្យារពេលអស់ជិត១ខែ ដោ​យសារវិធានការបិទខ្ទប់របស់រដ្ឋបាលរាជធានីភ្នំពេញ​។

សហជីពប្រចាំក្រុមហ៊ុនល្បែងនិងសណ្ឋាគារមួយនេះ ចេញសេចក្តីថ្លែងការណ៍​នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ទាម​ទារ​ឱ្យក្រុមហ៊ុន​ទ​ម្លាក់​ចោល​​ការសម្រេចនេះ ដោយសារពួកគេមើលឃើញ​ថា ការកាត់បន្ថយបុគ្គលិកនេះធ្វើឡើងក្រោមចេតនារើសអើង និងដើម្បីលុបបំបាត់សំឡេងសហជីពប្រមាណ២ ០០០នាក់ក្នុងកន្លែងការងាររបស់ក្រុមហ៊ុនដែលមានបុគ្គលិកសរុបជាង៨ ០០០នាក់។

បុគ្គលិកផ្នែកអនាម័យ ឈ្មោះ រឿន ស្រីនាង ដែលបានបម្រើការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង៨ឆ្នាំ ប្រាប់ វីអូឌី នៅថ្ងៃទី២៥ ខែឧសភា ថាអ្នកស្រីបានព្រមទៅយកប្រាក់សំណងអតីតភាពការងារកាលពីសប្តាហ៍មុន ដែលមានចំនួន២ ៥០០ដុល្លារ តាមការ​តម្រូវរបស់ក្រុមហ៊ុ​ន ទោះដឹងថាចំនួនប្រាក់ដែលក្រុមហ៊ុនបូកសរុបមិនគ្រប់ចំនួនតាមច្បាប់ដែលនាំឱ្យអ្នកស្រីខាតប្រាក់យ៉ាងហោច៦​០០​ដុល្លារក្តី។

សកម្មជនរបស់សហជីព​ វ័យ២៩ឆ្នាំ ដែលមានកូនតូចផ្ញើនៅម្តាយឯស្រុកកំណើតរូបនេះ បន្ត​ថា គាត់គ្មានជម្រើសផ្សេង​នោះទេ ដោ​យសារគាត់ត្រូវការប្រាក់សងរម្លស់បំណុលធនាគារដែលបានខ្ចីចំនួន៤ ០០០ដុល្លារកាលពីខែកុម្ភៈ និងថ្លៃជួលបន្ទប់ចំនួន២ខែ ខណៈខ្លួនមិនទាន់អាចរកការងារថ្មីធ្វើបាន។

អ្នកស្រី រឿន ស្រីនាង និយាយថា៖ «បើខ្ញុំនៅចាំត្រាំត្រែងតវ៉ាយូរ ខ្ញុំអត់មានលុយបង់ឱ្យគេ ហើយខ្ញុំឥលូវរកការងារអត់ទាន់បានធ្វើទៀត នៅតែផ្ទះរហូត។ ដល់ពេលអ៊ីចឹងទៅ ខ្ញុំអត់មានសមត្ថភាពទៅរក[ប្រាក់]ឯណាបង់ធនាគារ មានតែយល់ព្រមយកលុយប៉ុណ្ណឹងទៅ មិនដឹងធ្វើម៉េច»។

បុគ្គលិកផ្នែករៀបចំបន្ទប់នៅក្រុមហ៊ុន ណាហ្គាវើលដ៍ អ្នកស្រី ផន ស្រីម៉ី វ័យ២៤ឆ្នាំ ថ្លែងថា អ្នកស្រីព្រមយកកញ្ចប់ប្រាក់សំ​ណងអតីតភាពការងារពីក្រុមហ៊ុនដែលមានចំនួនជាង១ ២០០ដុល្លារទាំងបង្ខំចិត្ត ដោយសារគាត់ត្រូវការប្រាក់ដោះស្រាយការចំណាយប្រចាំថ្ងៃ ខណៈគាត់និងស្វាមីត្រូ​វ​បា​ត់បង់ចំណូលទាំងស្រុងចាប់ពីមានការបិទខ្ទប់និងបិទទ្វារផ្សារនានាក្នុងរាជធានីភ្នំពេញមក។

អតីតសមាជិកសហជីពដែលបានបម្រើការផ្នែករៀបចំបន្ទប់នៅក្រុមហ៊ុនជាង៣ឆ្នាំរូបនេះ បន្ថែមថា ក្រុមហ៊ុនក៏បានដាក់លក្ខខណ្ឌថា បើគាត់មិនព្រម ក្រុម​ហ៊ុន​នឹងនៅតែបញ្ឈប់គាត់ដដែលនិងដកចេញនូវប្រាក់សោហ៊ុយជំងឺចិត្តពីកញ្ចប់សំណងចំនួន៥ចំណុចទៀតផង។

អ្នកស្រីនិយាយថា៖ «អត់ទទួល [សំណង] ខ្លាចអត់! ដោយសារកន្លែងម៉ាក់គាត់រកស៊ី ហើយគ្រួសារគាត់អ្នករកស៊ីលក់ដូរ ប៉ុន្តែផ្សារបិទ ដឹងស្រាប់ហើយ! ណាមួយកន្លែងផ្ទះខ្ញុំដែលជាទីលំនៅខ្ញុំនៅហ្នឹង មុនហ្នឹង គេបិទជិត២ខែជាង ព្រោះតំបន់ក្រហម។ បើយើងអត់ទទួល វាប៉ះពាល់យើងនៅរាល់ថ្ងៃអ៊ីចឹង ខ្លាចអត់លុយរកស៊ី ទិញម្ហូបអីអ៊ីចឹង»។

ដោយឡែក បុគ្គលិកបម្រើការផ្នែកម៉ាស៊ីនហ្គេមនៅកាស៊ីណូណាហ្គាទី១​ លោក ឡុង ហ៊ាន វ័យ២៦ឆ្នាំ ថ្លែងថា គាត់នៅតែបន្តជំទាស់ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន និងបន្តទាមទារឱ្យមានការទម្លាក់ចោលការសម្រេចនេះ។

លោកថា ក្រុមហ៊ុនមិនគួរបោះបង់ចោលបុគ្គលិកដែលធ្លាប់ជួយរកចំណូលឱ្យក្រុមហ៊ុនរាប់រយលានដុល្លារក្នុងកាលៈទេសៈដែលពួកគេកំពុងជួបការលំបាកផ្នែកជីវភាព មិនអាចរកការងារ និងបាត់ប្រាក់ចំណូលនោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនគួរជួយឧបត្ថម្ភថវិកាដល់បុគ្គលិកអំឡុងពេលផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យពួកគេមានលទ្ធភាពបង់ថ្លៃទឹក ភ្លើង និងឈ្នួលបន្ទប់ ជាដើម។

លោក ឡុង ហ៊ាន និយាយថា៖ «បើយើងមើលតាមភាពជាក់ស្តែង គឺក្រុមហ៊ុនមានលុយចំណេញសុទ្ធដល់ទៅជាង១០០លាន។ ហើយយើងក៏មិនដឹង ឬយើងក៏មិនយល់មូលហេតុអីដែរ ដែលក្រុមហ៊ុនត្រូវមកកាត់បុគ្គលិកទាំងអស់កំពុងតែជួបវិបត្តិកូវីដ-១៩ អត់មានការងារធ្វើ អត់មានប្រាក់ចំណូលចូលរបស់ខ្លួនឯងអ៊ីចឹង»។

សកម្មជនសហជីពរូបនេះបន្ថែមថា លោកនិងក្រុមសហជីពដទៃនឹងប្រើប្រាស់សិទ្ធិរបស់ពួកគេជាជម្រើសចុងក្រោយ ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ខណៈការចរចាជាមួយក្រុមហ៊ុន និងការធ្វើយុទ្ធនាការតាមប្រព័ន្ធអនឡាញកន្លងមកមិនទទួលបានលទ្ធផល។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មួយរូបទៀតដែលបម្រើការផ្នែករៀបចំបន្ទប់ជាង៣៤ឆ្នាំ លោក ប៊ុត មករា លើកឡើងថា លោកមិនព្រមទទួលយកការបញ្ឈប់របស់ក្រុមហ៊ុន បើទោះជាលោកកំពុងប្រឈមបញ្ហាជីវភាព បញ្ហាបំណុលធនាគារ និង​គ្មានការងារធ្វើក្តី។

លោកបន្ថែមថា លោកនឹងបន្តការតស៊ូមតិជាមួយសហជីពរហូតដល់ដំណាក់កាលចុងក្រោយ ដើម្បីទាមទារឱ្យក្រុមហ៊ុនទម្លាក់ចោលការសម្រេចរបស់ខ្លួនពេលនេះ។ ​

លោក ប៊ុត មករា និយាយថា៖ «យើងចង់ឱ្យមានសហជីពហ្នឹងនៅក្នុងក្រុមហ៊ុនហ្នឹង ដើម្បីជួយមើលការខុសត្រូវបុគ្គលិកយើង។ ហ្នឹងជាចំណុចសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ អត់ពីខ្ញុំទៅ អ្នកមកក្រោយៗកុំឱ្យគេជិះជាន់ដូចជំនាន់ខ្ញុំ ពួកខ្ញុំគឺគេកេងប្រវ័ញ្ចច្រើនណាស់។ អ៊ីចឹងបានខ្ញុំសុខចិត្តស៊ូ អត់យកលុយហ្នឹងទេបង»។

ប្រធានសហជីពសិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា បុគ្គលិកជាង៤០០នាក់បានទទួលសារបញ្ឈប់ពីក្រុមហ៊ុន ដែលពួកគេទាំងនោះសុទ្ធតែជាសកម្មជននិងសមាជិករបស់សហជីព ហើយក្នុងនោះមានមួយចំនួនតូចបានសម្រេចទទួលយកកញ្ចប់សំណងពីក្រុមហ៊ុន​។

កញ្ញានិយាយថា៖ «ប្រហែលជា១០០នាក់ជាង គាត់បានយល់ព្រមជាមួយក្រុមហ៊ុនយកកញ្ចប់លុយដែលមិនពេញលេញតាមច្បា​ប់ហ្នឹងហើយ។ ហើយដូចខ្ញុំបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ហ្នឹងអ៊ីចឹង គឺពួកគាត់មានសម្ពាធខាងផ្នែកសេដ្ឋកិច្ច ទើបគាត់ត្រូវបង្ខំចិត្តយក ហើយសហជីពយើងក៏អត់អាចឃាត់គាត់បាន»។

វីអូឌី មិនអាចទាក់ទងប្រធានប្រតិបត្តិបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លោក Mike Ngai ដើម្បីផ្តល់អធិប្បាយជុំវិញសេចក្តីសម្រេចកាត់បុគ្គលិកនេះបានទេ នៅថ្ងៃពុធនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ឆ្លើយតបយ៉ាងខ្លីតាមសារប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី២៥ ខែឧសភាថា៖ «[ខាងក្រសួងនឹង] ដោះស្រាយបន្តតាមនីតិវិធីផ្សះផ្សាវិវាទការងារ»។

តាមរបាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រមហ៊ុន ណាហ្គាវើលដ៍ ចុះផ្សាយលើគេហទំព័ររបស់ខ្លួន បានឱ្យដឹងថា ក្រុមហ៊ុនកាស៊ីណូនិងសណ្ឋាគារមួយនេះ រកប្រាក់ចំណេញសុទ្ធបានជាង១០០​លាន​ដុល្លារ (១០២,៣លានដុល្លារ) ​ អំឡុងវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ ដោយធ្លាក់​ចុះ​ពីជាង៥២១​លានដុល្លារ ក្នុងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ