អ្នក​​​ស្លាប់​​​ដោយ​​​​កូវីដ-១៩​​​ចំនួន​​​៤​​​នាក់​​​បន្ថែម​​​ទៀត​​​ ខណៈ​​​អ្នក​​​ឆ្លង​​​ថ្មី​​​មាន​​​ជាង​៦៤០​​​នាក់​​​​

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺ៤នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងដល់ជិត២០០នាក់ ខណៈអ្នកឆ្លងថ្មីមាន​ជាង៦៤០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ ដែលបានរកឃើញ មានចំនួន៤នាក់ និងករណីឆ្លងថ្មីមានចំនួន៦៤៩នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៦២៦នាក់ ។

យោងតាមលិខិតរបស់​រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលផ្ញើជូនក្រសួងមហាផ្ទៃ បានឱ្យដឹងដែរថា កាលពីថ្ងៃម្សិលមិញ ក៏មានស្ត្រីជនជាតិចិនម្នាក់​អាយុ៥១​ឆ្នាំ បាន​ស្លាប់ដោយសារជំងឺកូវីដ-១៩នេះដែរ។

លិខិតដដែលនោះបន្តថា ស្រ្តីជនជាតិចិនដែលស្លាប់នោះជាបុគ្គលិកបម្រើការងារ​នៅរោង​ចក្រ​ ហឺរ៉ាយហ្សិន អៅដរ ខេមបូឌា ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបានរកឃើញតេស្តវិជ្ជមាន​វីរុសកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែឧសភា និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកំពង់ត្រឡាច។

លិខិតនោះបញ្ជាក់ទៀតថា នៅថ្ងៃទី២៣ ខែឧសភា ស្ត្រីរូបនោះមានអាការហត់ ពិបាកដកដង្ហើម ហើយត្រូវបាន​ក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យ​ខេត្ត ប៉ុន្តែពុំអាចជួយសង្គ្រោះបាន បណ្តាល​ឱ្យស្លាប់នៅរសៀល​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ 

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២៧ ៦៣៨​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន២០ ៣៩៨នាក់ និងអ្នកស្លាប់សរុប១៩៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ