ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ទៀតបានស្លាប់កាលពីម្សិលមិញ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់២០៣នាក់ ខណៈអ្នកឆ្លងថ្មីចំនួន៥៨៨នាក់។
សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែឧសភា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២០៣នាក់ហើយ។
ក្រៅពីអ្នកស្លាប់ចំនួន៧នាក់កាលពីម្សិលមិញ ក្រសួងក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥៨៨នាក់ ក្នុងនោះ អ្នកដំណើរមកពីក្រៅប្រទេស២០នាក់ និងអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៥៦៨នាក់។ ចំណែកអ្នកជាសះស្បើយពីជំងឺកូវីដ-១៩វិញ មានចំនួន៤១៥នាក់។
គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៨ ៨២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន២១ ៣១៥នាក់ និងស្លាប់២០៣នាក់៕









