កម្មករ-កម្មការិនីរោងចក្រ យូលី ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ស្នើរដ្ឋាភិបាលនិងអាជ្ញាធរផ្ដល់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់និងសមរម្យ ដើម្បីបន្តការធ្វើចត្តាឡីស័ក ខណៈពួកគេត្អូញត្អែរពីផលលំបាកមួយចំនួននៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កក្នុងរោងចក្រនេះ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កម្មករ-កម្មការិនីបម្រើការងារនៅក្នុងរោងចក្រ យូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង បាននាំគ្នាសម្រុកចាកចេញពីក្នុងរោងចក្រជាបន្តបន្ទាប់ ដោយសារតែពិបាកស្នាក់នៅនិងខ្វះខាតអាហារបរិភោគក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅទីនោះ។
កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់យូលី អ្នកស្រី ផន ដានិ បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា គាត់និងកម្មករផ្សេងទៀតត្រូវបានអាជ្ញាធរតម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងអគាររោងចក្រចំនួន៨ថ្ងៃមកហើយ ចាប់តាំងពីការរកឃើញកម្មករនៅក្នុងរោងចក្រនេះមានវិជ្ជមានកូវីដ-១៩។
កម្មការិនីរូបនេះបានបង្ហាញក្តីបារម្ភពីការឆ្លងជំងឺកូវីដ-១៩ពីកម្មករដទៃទៀត ខណៈមណ្ឌលចត្តាឡីស័កនៅក្នុងអគាររោងចក្រដែលពួកគាត់ស្នាក់នៅនេះ មានកម្មករប្រមាណជា៦០០នាក់ឯណោះ ហើយអគារស្នាក់នៅគ្មានអនាម័យ កន្លែងសម្រាកមិនសមរម្យ និងពុំមានអាហារទទួលទានគ្រប់គ្រាន់ថែមទៀត។
ករណីនេះ អ្នកស្រីស្នើទៅរដ្ឋាភិបាលនិងអាជ្ញាធរផ្ដល់ស្បៀងអាហារដល់កម្មករឱ្យបានគ្រប់គ្រាន់និងសមរម្យ ដើម្បីឱ្យពួកគេអាចបន្តធ្វើចត្តាឡីស័កក្នុងរោងចក្រនេះបន្តទៀត។
អ្នកស្រីថា៖ «ការស្នាក់នៅយើងដូចជាប់ឃុំអ៊ីចឹង យើងគួរតែបំបែកបន្តិចអ៊ីចឹង ដាក់ឱ្យច្រើនអគារដាច់ដោយឡែកពីគ្នា តែនេះមួយអគារយើងដាក់៦០០នាក់។ អ៊ីចឹងនិយាយទៅ ពិបាកក្នុងការរស់នៅតែម្ដង ការហូបចុកក៏គ្មានអនាម័យជាដើម»។
កម្មករម្នាក់ទៀត លោក សុខ ជា លើកឡើងថា កម្មករមួយចំនួនដែលមានផ្ទះជិតៗ ខាងគ្រួសាររបស់ពួកគេអាចយកអាហារមកឱ្យបាន ប៉ុន្តែសម្រាប់ពួកគាត់ដែលមានផ្ទះនៅឆ្ងាយ ត្រូវពឹងលើអាហារដែលគេផ្ដល់ឱ្យ។ លោកបន្តថា ការផ្ដល់អាហារមិនគ្រប់គ្រាន់ មិនសមរម្យ និងកន្លែងស្នាក់នៅមិនមានអនាម័យ ដែលធ្វើឱ្យកម្មករម្នាក់ៗនឹកផ្ទះ ហើយនាំគ្នាចង់ចាកចេញពីរោងចក្រ។
លោកថា៖ «ថ្ងៃមុនដំបូង គាត់ផ្ដល់មកខ្វះខាតច្រើន អ៊ីចឹងបាយលាយសម្លតែម្ដង ពេលខ្លះបងប្អូនគាត់មិនហូបមិនអីអ៊ីចឹង។ បីទៅបួនថ្ងៃទៅ បានគ្រប់គ្រាន់ ចាប់ផ្ដើមមួយថ្ងៃទៅពីរថ្ងៃក្រោយ ខ្វះទៀត បងប្អូនណាបានៗ បងប្អូនណាអត់ៗ។ និយាយរួម អាហារហូបចុកគ្មានអនាម័យ និងការរក្សាគម្លាតស្មុគស្មាញណាស់ នៅលើគ្នារញ៉េរញ៉ៃ ពិបាកទ្រាំរស់នៅ អ៊ីចឹងមានតែផ្លូវទៅផ្ទះ»។
ចំណែកកម្មការិនីម្នាក់ទៀតដែលបានចាកចេញពីរោងចក្រ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា មូលហេតុដែលអ្នកស្រីមិននៅធ្វើចត្តាឡីស័កនៅក្នុងអគាររោងចក្រនេះទៀត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ពីកម្មករផ្សេងទៀត ដោយសារការស្នាក់នៅជុំមនុស្សច្រើន។
អ្នកស្រីថា៖ «បាយទឹក ប្ដីខ្ញុំអ្នកយកទៅឱ្យ! បាយទឹករោងចក្រហូបមិនកើត បាយថ្ងៃ ខ្លះជ្រាយ ថ្ងៃខ្លះឆៅ ម្ហូបជួនកាលកម្ដៅឱ្យយើងហូបវិញ។ អ៊ីចឹងដល់ពេលមានផលលំបាកពេក ខ្ញុំធ្វើតេស្តសំណាកលើកទី២ [អវិជ្ជមាន] ខ្ញុំចេញដែរទៅ ខ្ញុំអត់មានអីទេ។ ខ្ញុំខ្លាចនៅទីនោះ មានតែឆ្លងថែម»។
ទាក់ទងករណីនេះ អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា មានប្រសាសន៍ថា កម្មករមិនអាចបរិភោគអាហារនោះបាន ដោយសារចុងភៅដែលធ្វើជាជនជាតិចិន ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរបាននិងកំពុងដោះស្រាយករណីនេះហើយ។
លោកថា៖ «ទាំងចុងភៅទាំងអី ជាប់ធ្វើចត្តាឡីស័កទាំងអស់ ហើយចុងភៅជាចិន ដល់ចិនវាធ្វើម្ហូបបែបចិន ខ្មែរយើងហូបមិនកើត ប៉ុន្តែយើងចាត់ចែងកែសម្រួលហើយ ឱ្យក្រុមការងារទៅពិនិត្យកែសម្រួលហើយ»។
លោកបន្តថា កម្មករដែលនៅរោងចក្រ យូលី ប្រឈមហានិភ័យខ្លាំង ដោយថា ក្នុងចំណោមកម្មករប្រមាណ៦០០នាក់ដែលធ្វើតេស្តសំណាក បានរកឃើញកម្មករវិជ្ជមានកូវីដ-១៩ ចំនួន១៦៤នាក់។ ដោយឡែក សម្រាប់កម្មករមួយចំនួនទៀត លោកថា កំពុងធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ និងមួយចំនួនទៀតធ្វើចត្តាឡីស័កនៅផ្ទះ។
អភិបាលរងខេត្តរូបនេះបន្តថា គិតត្រឹមថ្ងៃនេះ មានរោងចក្រចំនួន៥ហើយដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ ក្នុងនោះរោងចក្រចំនួន៣ ត្រូវបានផ្អាកដំណើរមួយរយៈសិន ដោយមានកម្មករជិត១០ ០០០នាក់បាននិងកំពុងធ្វើចត្តាឡីស័ក៕
អត្ថបទទាក់ទង
កម្មករនៅខេត្តស្វាយរៀងថា ការសម្រុកចេញពីកន្លែងធ្វើការដោយបារម្ភខ្លាចសមត្ថកិច្ចឃុំក្នុងរោងចក្រ
កម្មកររោងចក្រដំឡើងកង់ អេអេនជេ និងកម្មកររោងចក្រមួយចំនួនទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង អះអាងថា ពួកគាត់នាំគ្នាសម្រុកចេញពីកន្លែងការងារព្រមៗគ្នា និងមិនព្រមចូលធ្វើការវិញ ដោយបារម្ភខ្លាចសមត្ថកិច្ចឃាត់ពួកគាត់ឱ្យធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ។