សមត្ថ​កិច្ច​នឹង​បញ្ជូន​មនុស្ស​៣​នាក់​ទៅ​តុលាការ​ ពាក់​ព័ន្ធ​ការ​នាំ​ពលករ​ជិត​៣០​នាក់​ឆ្លង​ដែន​ទៅ​ថៃ​ដោយ​ខុស​ច្បាប់​

កម្លាំងប៉ុស្តិ៍នគរបាលព្រំដែន ចុះត្រួតពិនិត្យតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីការពារពលរដ្ឋឆ្លងដែននិងមេខ្យល់នាំពលរដ្ឋចេញចូលខុសច្បាប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធរខេត្តបាត់ដំបង បានឱ្យដឹងថា សមត្ថកិច្ចកំពុងបំពេញបែបបទបញ្ជូនមេខ្យល់ម្នាក់និងតៃកុងឡាន២នាក់បញ្ជូនទៅតុលាការចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីរកឃើញថា ពួកគេនាំពលករជិត៣០នាក់ដែលបម្រុងនឹងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ មានប្រសាសន៍នៅថ្ងៃអាទិត្យទី៣០ ខែឧសភា ឆ្នាំ២០២១នេះថា គណៈបញ្ជាការកងឯកភាពស្រុកកំរៀង រួមមាន កម្លាំងកងការពារព្រំដែនលេខ៥០៤ កងរាជអាវុធហត្ថ កម្លាំងនគរបាល បានឃាត់ខ្លួនមេខ្យល់ម្នាក់និងតៃកុងឡាន២នាក់ដែលបានដឹកនាំពលករចំនួន២៦នាក់ឆ្លងដែនដោយខុសច្បាប់បម្រុងទៅប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

មេខ្យល់និងតៃកុងឡាននោះ រួមមាន មេខ្យល់ឈ្មោះ វង្ស ភឿត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិអូរជ្រៃ ស្រុកកំរៀង និងតៃកុងឡានឈ្មោះ កាន់ ឌីណា ព្រមទាំងឈ្មោះ គង់ ថង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ហើយ​ប្រតិបត្តិការនេះក៏បានឃាត់​រថយន្ត២គ្រឿងផងដែរ។ ​

អភិបាលខេត្តរូបនោះបញ្ជាក់ថា បច្ចុប្បន្ន​ សមត្ថកិច្ចកំពុងសួរចម្លើយហើយរៀបចំសំណុំរឿង​បញ្ជូនខ្លួនមនុស្សទាំង៣នាក់ ទៅតុលាការ​ ដើម្បីចាត់វិធានការច្បាប់​ ខណៈពលករ២៦នាក់ត្រូវបានឱ្យធ្វើកិច្ចសន្យា ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះនៅស្រុកកំណើតវិញ។

លោកមានប្រសាសន៍ថា៖ «មេខ្យល់និងតៃកុងឡាន យើងនឹងបញ្ជូនទៅតុលាការ គាត់គប់គិតគ្នា។ រីឯពលរដ្ឋ២៦នាក់ គាត់ចាញ់បោកគេ[មេខ្យល់] អ៊ីចឹងយើងអប់រំគាត់និងធ្វើកិច្ចសន្យាឱ្យគាត់ទៅផ្ទះវិញ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត គាំទ្រចំពោះវិធានការរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់និងឃាត់ខ្លួនមេខ្យល់ រួមទាំងតៃកុងឡានពេលនេះ ដើម្បីចាត់វិធានការច្បាប់។

លោកផ្តល់ជាអនុសាសន៍ថា អាជ្ញាធរត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀតរកអ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីនៅតាមព្រំដែន ដើម្បីយកទៅអនុវត្តតាមច្បាប់ធ្វើជាគំរូល្អ កុំឱ្យអ្នកដទៃប្រព្រឹត្តខុសបែបនេះទៀត និងកុំឱ្យប៉ះពាល់ដល់ពលរដ្ឋ​ចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសនៅថ្ងៃក្រោយបន្តទៀត។

លោកផ្តល់ជាអនុសាសន៍ថា៖ «ការជួញដូរមនុស្សនេះ មិនមែនមានតែក្រុមគាត់ [មេខ្យល់ និងតៃកុងឡាន] ធ្វើបានទេ វាអាចជាលក្ខណៈប្រព័ន្ធ ត្រូវតែរកឫសគល់ថានៅតាមច្រករបៀងដែលអនុញ្ញាតឱ្យនាំមនុស្សចេញបានពាក់ព័​ន្ធនឹងអ្នកណាខ្លះ ហើយបើសិនជាពាក់ព័ន្ធជាមួយកងកម្លាំងដែលការពារព្រំដែនដែលគប់គិតថាឱ្យនាំចេញ ត្រូវអនុវត្តតាមច្បាប់ដូចគ្នា ដើម្បីជាគំរូល្អ កុំឱ្យអ្នកពាក់ព័ន្ធដទៃទៀតអនុវត្តតាម»។

​​ពាក់ព័ន្ធការជួញដូរមនុស្សនេះដែរ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​បាត់ដំបង​ បាន​សម្រេច​ចោទប្រកាន់អតីតអធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក ពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន តាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ តាមមាត្រា៨ និងមាត្រា១១ ព្រមទាំងបញ្ជាឱ្យឃុំខ្លួនអតីតអធិការស្រុកកំរៀងរូបនេះដាក់ពន្ធនាគារ​ជាបណ្តោះអាសន្នទៀតផង។

លោក គឹម ពន្លក ត្រូវបាន​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​ឱ្យ​អនុវត្ដ​ពិន័យ​មន្ដ្រី​នគរបាលជាតិ ដោយសម្រេច​ដកហូតនិង​បណ្ដេញ​ចេញពី​ក្របខណ្ឌ​មន្ដ្រី​នគរបាលជាតិ​កម្ពុជា ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​ ពាក់ព័ន្ធ​​ការដោះលែង​មេខ្យល់​នាំ​ពលករ​ចេញ-ចូល​តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ​ដោយខុសច្បាប់ និង​គេចវេះ​ពី​វិធានការធ្វើចត្តាឡីស័ករបស់ក្រសួង​សុខាភិបាល​ទៀតផង។

របាយការណ៍របស់ក្រសួងការងារសម្រាប់ឆ្នាំ២០១៨ ដែលចេញផ្សាយនៅដើមឆ្នាំមុន បញ្ជាក់ថា ពលករខ្មែរជាង​១លាន១​សែន​នាក់​​ កំពុងធ្វើការនៅប្រទេសថៃ ដោយចំនួននេះ ​ក្រសួង​មិន​បាន​បង្ហាញ​​ពីតួលេខ​អ្នកដែលទៅ​ធ្វើការដោយខុសច្បាប់នៅប្រទេសថៃនៅឡើយទេ។

របាយការណ៍​ចេញផ្សាយ​ដោយអង្គការ​អន្តរជាតិ​ខាង​ការងារ (ILO​) ចេញផ្សាយ​កាលពីចុងខែមេសា ឆ្នាំ២០២០​ បង្ហាញថា យ៉ាងតិច​ណាស់​មាន​ពលករ​ចំណាកស្រុក​ស្របច្បាប់​ជាង២លាន៧សែន​នាក់​ និង​ពលករ​ខុសច្បាប់​ជាច្រើន​ម៉ឺន​នាក់​ផ្សេងទៀតជាប់​ក្នុង​ប្រទេស​ថៃ​ ដែល​ភាគច្រើន​ជា​ពលករ​មក​ពី​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ