មនុស្ស​៣​នាក់​ត្រូវ​​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​ការ​​ចែក​​អំណោយ​​មនុស្ស​​ធម៌​

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។ (ហេង វិចិត្រ/ ៣០ មករា ២០២០)

មន្ត្រីបរិស្ថានខេត្តបន្ទាយមានជ័យ បានចាប់បញ្ជូន​ខ្លួន​បុរស​៣នាក់ទៅកាន់បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ​​ខណៈដែលពួកគេ​ចុះ​​​​ចែក​អំណោយ​មនុ​ស្សធម៌នៅក្នុងស្រុកម៉ាឡៃ ដែល​ជា​តំបន់​​មាន​ការទន្ទ្រានដីរដ្ឋដោយខុសច្បាប់​​។

កាលពីថ្ងៃទី​៣០ ខែ​ឧសភា មន្រ្តីបរិស្ថានបានចាប់ខ្លួនបុរស​៦នាក់នៅចំណុច​ភូមិទួល​ប្រាសាទ ឃុំពង្រ ស្រុកម៉ាឡៃ ក្នុងនោះ ៣នាក់ត្រូវ​បាន​អះអាងថាជាអ្នកចែកអំណោយ​មនុស្សធម៌ និង​៣នាក់ទៀតជាពលរដ្ឋតំណាងឱ្យ​៣គ្រួសារ។ ប៉ុន្តែភ្លាមៗ​ក្រោយការ​​​ចាប់​ខ្លួន​​មនុស្ស ​២នាក់ដែល​​ជាពលរដ្ឋត្រូវ​​​ទទួល​បាន​​អំណោយ រួម​​ទាំង​អ្នក​​ដឹកស្បៀង ត្រូវបាន​​កម្លាំងមន្ត្រីបរិ​ស្ថានដោះ​​​​លែង​​វិញ​​​ក្នុង​​​ថ្ងៃតែមួយ។

ដោយឡែក បុរស​​៣នាក់ រួមមានឈ្មោះ គឹម សុខសាន្ត, វន់ វ័ន្ត និង អ៊ី សុខស្រ៊ាង ដែល​​ជាក្រុមការ​ងារ​​​​​ចែក​​អំណោយ​​មនុស្ស​​ធម៌នោះ ត្រូវ​​បានអាជ្ញាធរ​​​បញ្ជូន​​ខ្លួន​ទៅ​ទីបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត ដើម្បី​កសាងសំណុំរឿងបន្ត​​ទៅ​​តុលា​ការ។

បុរសម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងអះអាងថាខ្លួន​ជាក្រុមការងារ​មនុស្សធម៌ បាន​​​ប្រាប់ ​​​វីអូឌី នៅថ្ងៃចន្ទ​នេះថា​ ពេល​​​​​​នេះ មនុស្សទាំង៣នាក់ដែល​ជា​ក្រុម​ការ​ងាររបស់លោក​កំពុងឃុំខ្លួននៅ​​ក្នុងទី​បញ្ជា​​ការ​​កងរាជអាវុធហត្ថ​ខេត្ត​។

លោកបន្តថា៖ «គាត់អត់អ៊ីចឹង គាត់សុំជាអង្ករ និងសុំ​​ជា​​ស្បៀង​អាហារ​ហូប​ចុក​អ៊ីចឹង​ទៅ! ហើយ​ដល់​អ៊ីចឹង ​ខាងខ្ញុំ​ក៏យកជំនួយ​ទៅជួយពួ​កគាត់​ហូប ដល់​ពេល​​យក​​ទៅ ពួកខ្ញុំ​ត្រូវ​គេ​ចាប់​តែម្តង​ទៅ»។

វីអូឌី ពុំអាចសុំការបំភ្លឺជុំវិញបញ្ហានេះពីលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត​​បន្ទាយ​​មាន​ជ័យ ​​បានទេ នៅថ្ងៃ​នេះ។

ដោយឡែក លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្ត​បន្ទាយ​មាន​ជ័យ ដែល​តាមដានករណី​នេះ បញ្ជាក់ថា មូលហេតុដែលឈាន​​ដល់​ការ​​ចាប់​​ខ្លួន​​បុរស​​​​ទាំង៦នាក់នេះ ដោយសារតែតំបន់ឃុំពង្រ​នេះជាភូមិសាស្រ្តដែល​ខាង​​បរិ​​ស្ថាន​​​​ចោទប្រកាន់ថា មាន​ពលរដ្ឋអនាធិបតេយ្យចូលទៅកាន់​កាប់និងគ្រប់គ្រង​​ដីរដ្ឋ​ដោយ​​ខុស​​ច្បាប់​​។

មន្ត្រីសិទ្ធិមនុស្ស​រូបនេះបន្តថា ការចាប់ខ្លួនបុរសទាំង​​នោះ ទំនង​​ខាងមន្ត្រី​បរិស្ថាន​​ចោទ​ពួក​គេ​ថា​ជា​អ្នក​គាំទ្រ​ក្រុម​ចលនាទន្រ្ទានដីរដ្ឋខុសច្បាប់​។

ករណីនេះ លោក អ៊ិន គង់ជិត បាន​ជំរុញឱ្យ​​អាជ្ញាធរ​ដោះលែងបុរសទាំង៣នាក់នេះឱ្យ​មាន​សេរីភាពវិញ ព្រោះ​ការ​​ចែក​​អំណោយ​​មនុស្ស​​ធម៌របស់ពួកគេធ្វើឡើងទៅតាមការស្នើសុំ​​របស់ពលរដ្ឋប៉ុណ្ណោះ​។

លោកបន្ត​ថា៖ «​បើសិនជាគាត់ដឹងតំបន់ហ្នឹងជាកន្លែងមួយដែលអាជ្ញាធរហាមមិនឱ្យចូល ហាមមិនឱ្យទៅ អាហ្នឹង​គាត់​​អត់ទៅទេ។ អ៊ីចឹង ​​ខ្ញុំគិតថា រឿងនេះគួរតែអាជ្ញាធរនិងមន្ទីរបរិស្ថាន​ហ្នឹងគួរដោះលែង​ពួក​គាត់​វិញ​ទៅ ព្រោះពួកគាត់ធ្វើសកម្មភាព​ជាអំណោយមនុស្សធម៌ទេ»។

បើទោះជាបែបណា គិតត្រឹមល្ងាចថ្ងៃនេះ មន្រ្តីអង្គការ​​លីកាដូ បញ្ជាក់ថា ក្រុមការងារ​មនុស្ស​ធម៌​​ទាំង​៣នាក់នេះត្រូវបានបញ្ជូនខ្លួនទៅ​ដល់​សាលា​​ដំបូង​ខេត្ត​​​ហើយ​។

យ៉ាងនេះក្តី លោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បដិសេធថា លោក​​​នៅ​​ពុំ​​​ទាន់ទទួលបានសំណុំរឿងនេះនៅឡើយទេ។

បើតាមការអះអាងរបស់​តំណាងក្រុម​​ការ​​​ងារ​​​មនុស្ស​​​ធម៌ ការចែកអំណោយជាអង្ករចំនួន៤ការ៉ុងដល់ពលរដ្ឋ​​៣គ្រួសារនេះ មិនមែន​​ជា​​ការ​​គាំ​ទ្រពលរដ្ឋឱ្យទន្ទ្រានដីរដ្ឋខុសច្បាប់​​​នោះ​ទេ។ ផ្ទុយទៅវិញ ដោយសារមនុស្សទាំង៣គ្រួសារនេះខ្វះខាតផ្នែកជីវភាព ទើប​ក្រុម​ការងាររបស់ពួកគេចូលទៅផ្តល់ជាអំណោយ​នេះឡើង ដោយ​​ពុំបាន​​ដឹង​​ថា ​តំបន់នោះជា​តំបន់​មាន​ជម្លោះដីធ្លីទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ