អាជ្ញាធរខេត្តពោធិ៍សាត់ ឱ្យដឹងថា មនុស្សជិត ១០នាក់ បានស្លាប់ ដោយសង្ស័យពុលស្រា ខណៈពលរដ្ឋមួយចំនួនទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ លោក ស៊ុយ ម៉ៅ ប្រាប់វីអូឌីនៅថ្ងៃនេះថា ការស្លាប់របស់ពលរដ្ឋនៅភូមិសានស ឃុំអន្សាចំបក់នេះ បានកើតឡើងចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា នេះ។ លោកបន្តថា ការស្លាប់របស់ពលរដ្ឋជាបន្តបន្ទាប់រហូតដល់ចំនួន ៧នាក់ គិតត្រឹមរសៀលថ្ងៃនេះ អាជ្ញាធរបានដាក់ការសង្ស័យថា អាចបណ្តាលមកពីករណីពុលស្រា-ស។
មន្ត្រីនគរបាលរូបនេះ បន្តថា ក្រោយកើតហេតុ អាជ្ញាធរនិងមន្ត្រីជំនាញបានយកសំណាកស្រានោះទៅវិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ប៉ុន្តែមកដល់ពេលនេះមិនទាន់ដឹងលទ្ធផលនៅឡើយ។
លោកថា៖ «កំពុងស្រាវជ្រាវ ស៊ើបអង្កេតនៅឡើយ ខាងកាំកុងត្រូលគេយកទៅពិនិត្យ មិនទាន់ដឹងណាណីទេ»។
បើតាម លោក ស៊ុយ ម៉ៅ ករណីសង្ស័យថាពុលស្រា ដែលបណ្តាលឱ្យមានពលរដ្ឋស្លាប់ និងធ្លាក់ខ្លួនឈឺនេះ គឺពួកគាត់បានទិញស្រាដែលគេលក់ក្នុងភូមិហើយទទួលទានជាលក្ខណៈគ្រួសារ។
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន មានប្រសាសន៍អំឡុងពេលចុះសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយសារករណីពុលស្រានៅមន្ទីរពេទ្យថា អាជ្ញាធរនឹងចុះទៅស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ទៅលើម្ចាស់ទីតាំងដែលផលិតស្រាគ្មានបច្ចេកទេសនោះឱ្យខានតែបាន។
លោកថា៖ «ដើម្បីយើងស្រាវជ្រាវ ខ្ញុំគ្រាន់តែសុំឱ្យអ៊ុំប្រុសអ៊ុំស្រីយើងទាំងអស់ ផ្តល់ព័ត៌មានពិតប្រាកដទៅឱ្យផ្នែកសមត្ថកិច្ច ថាតើម្ចាស់តូប ម្ចាស់ហាង ដែលបានលក់ស្រាឱ្យពុកម៉ែបងប្អូនរបស់យើងជាអ្នកណា ដើម្បីខ្ញុំយកមកអនុវត្តច្បាប់»។
លោកបន្ថែមថា៖ «ពីព្រោះដើម្បីតែឆ្នាំងមួយ អាហារបីពេលតែម្នាក់ឯង គេហ៊ានប្រមាថអាយុជីវិតបងប្អូនយើងទាំងអស់ មួយភូមិៗ តើយើងអាចរាប់យកជាគ្នាបានអត់ យើងចង់ចំណេញ យើងយកមេតាណុលមកលាយជាមួយទឹក ហើយឱ្យបងប្អូនយើងហូប រហូតដល់បាត់បង់អាយុជីវិត […] តើយើងលើកលែងឱ្យយ៉ាងម៉េចបាន»។
កាលពីខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅស្រុកល្វាឯម ខេត្តកណ្ដាល និងស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន ២៣នាក់ ក៏បានស្លាប់ ដោយសារពុលស្រា-ស ដែលមានលាយជាតិមេតាណុលខ្ពស់។
ក្រោយពីមានករណីពលរដ្ឋពុលស្រា-ស ស្លាប់ជាបន្តបន្ទាប់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការទទួលទានស្រា-សឬស្រាថ្នាំដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ។ លោកថា បើនៅតែបន្តទទួលទានស្រា-ស ឬស្រាថ្នាំទាំងនេះទៀត នឹងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ទៅជាឈឺឬអាចបាត់បង់ជីវិតតែម្តង។
ក្រៅពីការអំពាវនាវ លោកក៏បានណែនាំទៅអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវដាក់កម្លាំងឃ្លាំមើលការធ្វើអាជីវកម្មផលិតឬលក់ដូរស្រា ដើម្បីធានាកុំឱ្យមានការផលិតផលស្រាដែលគ្មានបច្ចេកទេសត្រឹមត្រូវ អាចចរាចរនៅលើទីផ្សារបាន៕