អាជ្ញាធរ​​ពិន័យ​​​ម្ចាស់​ដី​ឡូត៍​ម្នាក់​ដែល​ប្រើ​​គ្រឿង​ចក្រ​កាយ​យក​អាចម៍​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​

គ្រឿងចក្ររបស់ម្ចាស់ពុះដីឡូត៍​យកទៅកាយអាចម៍ដីនៅទីតាំង២កន្លែងដែលជាតំបន់ដីព្រៃលិចទឹករបស់រដ្ឋ ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានកងរាជអាវុធហត្ថខេត្តនិងមន្ត្រីពាក់ព័ន្ធចុះទៅហាមឃាត់និងរឹបអូសទុក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង)

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនម្ចាស់ពុះដីឡូត៍មួយកន្លែងរយៈពេលខ្លីនិង​ពិន័យជាប្រាក់ចន្លោះពី​៥លានទៅ១០លានរៀលទៅតាមច្បាប់​ ក្រោយ​បុគ្គលរូបនោះប្រើ​គ្រឿងចក្រកាយ​យកអាចម៍​ដីព្រៃលិចទឹករបស់រដ្ឋ​​ទៅចាក់បំពេញទីតាំងដីឡូត៍ឯកជនរបស់ខ្លួនដោយគ្មានច្បាប់​​អនុញ្ញាត។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីម្ចាស់ពុះដីឡូត៍ឈ្មោះ សោម សុម៉ាលីន បានយកគ្រឿងចក្រប្រភេទ​អ៊ិចស្កាវ៉ាទ័រនិងរថយន្តបែនដឹកដីសរុប១០គ្រឿង ទៅ​កាយយកអាចម៍ដីនៅតំបន់​២ដែលជាតំបន់ដីព្រៃលិចទឹករបស់រដ្ឋ ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ហង់ សុជាតិ បានប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ម្ចាស់គ្រឿងចក្រឈ្មោះ សោម សុម៉ាលីន ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តសហការជាមួយព្រះរាជអាជ្ញាឃាត់ខ្លួន​និងឃុំខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា និងបានបញ្ជូនទៅរដ្ឋបាលជលផលខេត្តបន្តនៅថ្ងៃដដែលដើម្បីចាត់វិធានការច្បាប់។

លោកមានប្រសាសន៍ថា៖ «យើងបំពេញឯកសារប្រហែលជា២ម៉ោង ហើយបញ្ជារបស់ព្រះរាជអាជ្ញាគាត់ឱ្យបញ្ជូនទៅជលផល ហើយជលផលគាត់ផ្ញើនៅកន្លែងខ្ញុំមួយយប់ ស្អែកឡើងបានគេមកទទួល។ ខ្ញុំហៅគាត់មកសាកសួរចម្លើយគាត់ ហើយព្រះរាជអាជ្ញាបញ្ជាឱ្យបញ្ជូនទៅខាងជំនាញជលផលវិញ»។

​នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ថា ក្រោយពីសួរនាំម្ចាស់គ្រឿងចក្ររួចមក ពួកគេទទួលស្គាល់កំហុសនិងព្រមបង់ប្រាក់ពិន័យអន្តរការពី៥លានទៅ១០លានរៀល ហើយ​មន្ត្រីជំនាញបាន​អនុញ្ញាតឱ្យម្ចាស់ដីឡូត៍រូបនោះ​​ត្រឡប់ទៅផ្ទះវិញហើយ កាលពីថ្ងៃ​ម្សិលមិញ។

លោក​ថា៖ «មិនសំខាន់ទេ មិនថាពាក់ព័ន្ធដីរដ្ឋឬដីឯកជនទេ កាលណាគាត់ទៅយកដីនៅដែននេសាទដើម្បីធ្វើជាកម្មសិទ្ធិឯកជនក៏ត្រូវមានច្បាប់ដែរ មិនមែនថាពាក់ព័ន្ធនឹងដីរដ្ឋបានខុស ដីឯកជនមិនខុសទេ។ យើងមានច្បាប់ យើងសុំច្បាប់ទៅ មិនខុសទេ ច្បាប់ជលផលយើង មិនមានទោសទណ្ឌដែលត្រូវយកគាត់ទៅតុលាការដាក់គុកដាក់ច្រវាក់គាត់ទេ ពិន័យតែអន្តរការ។ គាត់ឯកភាពហើយ មានអីទៀត! ឱ្យគាត់ទៅផ្ទះវិញ»។

លោក លី ឡា អះអាងថា ការដោះលែងឱ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយសារនៅក្នុងច្បាប់មិនមានមាត្រាណាចែងដាក់ទោសពន្ធនាគារលើពលរដ្ឋដែលកាយយកអាចម៍ដីរបស់រដ្ឋ ដើម្បីចាក់លើដីឯកជនរបស់ខ្លួននោះទេ ពោលគឺមានតែធ្វើការផាកពិន័យអន្តរការតែប៉ុណ្ណោះ។

វីអូឌី មិនអាចរកប្រភពទាក់ទងម្ចាស់ដីឡូត៍​ឈ្មោះ សោម សុម៉ាលីន ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ ខណៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា ក៏មិនអាចទាក់ទងបានដែរ។

ទីតាំង២កន្លែងដែលជាតំបន់ដីព្រៃលិចទឹករបស់រដ្ឋ ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវបានម្ចាស់ដីឡូត៍ម្នាក់យកគ្រឿងចក្រទៅកាយអាចម៍ដី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង)

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត គាំទ្រចំពោះ​ចំណាត់ការរបស់អាជ្ញាធរលើអ្នកដែលប្រព្រឹត្តខុសច្បាប់។ ប៉ុន្តែលោកថា បើអាជ្ញាធរនិងស្ថាប័នតុលាការអនុវត្តច្បាប់ដោយប្រកាន់បក្ខពួកនិយម នឹងធ្វើឱ្យមានវប្បធម៌និទណ្ឌភាពនៅកម្ពុជាបន្តកើតមាន។

លោកបានបន្ថែមថា៖ «បើយើងអនុវត្តអត់ស្មើភាពគ្នាចំពោះមុខច្បាប់ ហើយអនុវត្តមានស្តង់ដារពីរ វាជះឥទ្ធិពលអាក្រក់។ ទី១ វាអាចមាននិទណ្ឌភាពចេះតែបន្តកើតឡើង ភាពអយុត្តិធម៌ចេះតែកើតឡើង។ វាបង្កឱ្យមានបញ្ហាអយុត្តិធម៌នៅក្នុងសង្គម បង្កឱ្យមានភាពមិនទុកចិត្តចំពោះប្រព័ន្ធតុលាការនិងប្រព័ន្ធយុត្តិធម៌ ហើយពិសេសទៅទៀត ខ្លាចពលរដ្ឋអស់ជំនឿ។ គាត់ដើរតួនាទីជំនួសតុលាការ វាធ្ងន់ធ្ងរសម្រាប់សង្គមជាតិយើង វាបង្កអស្ថិរភាពនិងបង្កអសន្តិសុខក្នុងសង្គម៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ