មនុស្ស​១៤​នាក់​ត្រូវ​បាន​​​បញ្ជូន​ទៅ​តុលាការ​ ករណី​ល្មើស​បម្រាម​រដ្ឋា​ភិបាល​ទប់​ស្កាត់​កូវីដ-១៩​

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួននិងយានជំនិះដែលអ្នកបើកបរគ្មានលិខិតអនុញ្ញាតពីក្រសួងស្ថាប័ន អាជ្ញាធរ ក្រុមហ៊ុន និងអ្នកចេញក្រៅផ្ទះល្មើសនឹងបម្រាមបិទខ្ទប់ក្រុងភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌដូនពេញ)

អាជ្ញាធររាជធានីភ្នំពេញ ​បញ្ជូន​​មនុស្សចំនួន​១៤នាក់ទៅតុលាការ និង​ជិត១ ៥០០នាក់​ទៀតត្រូវ​​​​​បាន​​​​​​អប់រំណែនាំ​និង​ឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីពួកគេ​បាន​​ល្មើសវិធានការបិទខ្ទប់និង​បម្រាម​គោចររបស់​រដ្ឋាភិបាល។

អ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី ​ថាគិតចាប់តាំងពីរដ្ឋាភិបាលនិងអាជ្ញាធររាជធានីភ្នំពេញដាក់ចេញនូវបម្រាមគោចរនិងវិធានការ​រដ្ឋ​បាល មកដល់​​ថ្ងៃទី៣ ខែមិថុនានេះ មានពលរដ្ឋចំនួន១ ៤៧៨នាក់ទៀតហើយ​​ ត្រូវបានអាជ្ញាធរធ្វើការអប់រំណែនាំ និង ៣៩០នាក់រងការផាកពិន័យអន្តរការ ខណៈ៣១៩នាក់ទៀតត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក។ តែយ៉ាងណា លោក​ថា ពលរដ្ឋទាំងនោះត្រូវបានអាជ្ញាធរ​ដោះលែង​ឱ្យត្រឡប់​ទៅផ្ទះ​វិញហើយ ក្រោយពីពួកគេអនុវត្តនិងបង់ប្រាក់ផាកពិន័យចូលរដ្ឋរួចហើយនោះ។

លោកបន្តថា ក្រៅពីនោះ មនុស្ស១៤នាក់ផ្សេងទៀត​ត្រូវ​បានបញ្ជូនទៅតុលាការ ពាក់​ព័ន្ធ​នឹង​ការ​​​ល្មើស​​បម្រាម​គោចរឬវិធានការរដ្ឋបាលនេះ ក្នុងនោះមាន១១នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួន និង​ ៣នាក់ទៀតត្រូវបានដោះលែងឱ្យមានសេរីភាពវិញ​។ 

លោកមានប្រសាសន៍ថា៖ «អ្នកទាំង១១នាក់នោះ ភាគច្រើនពាក់ព័ន្ធនឹងច្បាប់ប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាទូទៅ ទាក់ទងនឹងការរារាំងកិច្ចការរាជការសាធារណៈ ទាក់ទងមិនអនុវត្តច្បាប់ប្រឆាំងកូវីដ។ នៅពេលដែលសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន គឺយើងបញ្ជូនជនល្មើសទៅតុលាការ ការសម្រេចយ៉ាងណានៅខាងតុលាការ ជាឆន្ទានុសិទ្ធិរបស់គាត់[តុលាការ]»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់លើអ្នកល្មើសបម្រាមនេះ​ អាជ្ញាធរគួរតែមាន​​ការលើកលែង ឬអនុគ្រោះ ឬបន្ធូរបន្ថយដល់ប្រជាពលរដ្ឋខ្លះ ព្រោះ​អំឡុងពេលមានវិបត្តិជំងឺ​កូវីដ-១៩​​នេះ ធ្វើឱ្យពួកគេរងផលប៉ះពាល់ដល់ជីវភាព ហើយប្រឈមនឹងការផាកពិន័យផ្សេងៗទៀតជាដើម។

លោកបន្ថែមថា៖ «ក្នុងករណីអាចត្រឹមធ្វើកិច្ចសន្យា ឬក៏មានការអប់រំណែនាំពួកគាត់​អំពីបញ្ហាទាំងអស់ហ្នឹង ខ្ញុំគិតថា វាល្អប្រសើរជាង ព្រោះយើងដឹងហើយថា ស្ថានភាពកូវីដដែលកម្ពុជាបានជួបប្រទះកន្លងមក មកដល់ពេលនេះ គឺវាយូរមកហើយ ហើយផលប៉ះពាល់ទៅលើបញ្ហាសុខភាពជីវភាពរបស់ពួកគាត់ក៏មានការលំបាកច្រើន។ អ៊ីចឹងពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់ហ្នឹង យើងឃើញថា វាមានផលប៉ះពាល់បន្ថែមទៀតទៅលើអ្វីដែលពួកគាត់កំពុងតែមានរួចមកហើយ»។

កាលពីថ្ងៃទី៣ ខែឧសភា ប្រមុខរដ្ឋាភិបាលបាន​ចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា។ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏មានករណីមន្ត្រីយោធាមួយចំនួនបានល្មើសបម្រាម ហើយអង្គភាពសាម៉ីក៏បានអនុវត្តវិធានការច្បាប់ភ្លាមៗទៅលើពួកគេផងដែរ។  

ជាក់ស្តែង នៅថ្ងៃទី២២ ខែមេសា អតីតមន្ត្រីយោធា​ផ្កាយពីរ លោក ស៊ុំ ពៅ និងបក្ខពួក៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងក្រោយមក រដ្ឋាភិបាលលុបឈ្មោះមន្ត្រីជាន់ខ្ពស់យោធារូបនេះចេញពីក្របខណ្ឌផងដែរ។ ​សំណុំរឿងអតីតមន្ត្រីយោធាផ្កាយពីរ និងបក្ខពួក ត្រូវបាន​បញ្ជូនទៅតុលាការខេត្តស្វាយរៀង ដោយ​ចោទពីបទជួញដូរមនុស្ស។

ការចោទប្រកាន់នេះ បន្ទាប់ពីរកឃើញថា ពួកគេទាំងនោះបានប្រើប្រាស់រថយន្ត៤គ្រឿងដឹក​ជនជាតិ​ចិន​២​៨​នាក់ចេញពីតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ប្រឆាំងនឹងបម្រាមរដ្ឋាភិបាល ដើម្បី​ឆ្ពោះ​ទៅកាន់ខេត្តស្វាយរៀង។

បន្ទាប់មកទៀត កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តកណ្តាល ដែលកំពុង​​យាម​​ប្រចាំការនៅសង្កាត់ព្រែកហូរ ក្នុងអំឡុងបិទខ្ទប់​ក្រុងតាខ្មៅ បានឃាត់ខ្លួន​មនុស្ស​៣នាក់ ក្នុងនោះមាន​លោក គឹម ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ខណៈដែលជនទាំង៣នាក់នោះបាននាំគ្នា​បើករថយន្តបម្រុងឆ្លងកាត់គោលដៅហាមឃាត់ក្នុងស្ថានភាពស្រវឹងស្រា និងល្មើសបម្រាម​បិទខ្ទប់ទៀតផង​។​

ក្រោយមក នៅថ្ងៃទី២៦ ខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានសម្រេចដក​ឋានន្តរសក្តិ និងលុប​ឈ្មោះវរសេនីយ៍ត្រី គឹម ពិសិដ្ឋ ​ចេញពីក្រប​ខណ្ឌនៃកង​យោធពលខេមរភូមិន្ទផងដែរ៕


អត្ថបទទាក់ទង

  1. តុលាការ​ខេត្ត​កំពត​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​១៦​នាក់​ ករណី​ល្មើស​បម្រាម​ឆ្លង​ខេត្ត​
  2. សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ប្រើ​វិធាន​ការ​សន្តិ​វិធី​ជា​ជាង​ប្រើ​ហិង្សា​លើ​អ្នក​ល្មើស​បម្រាម​
  3. សមត្ថ​កិច្ច​នឹង​បញ្ជូន​យោធា​ម្នាក់​ទៅ​តុលាការ​ ក្រោយ​ល្មើស​បម្រាម​​ទប់ស្កាត់​កូវីដ-១៩
  4. មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​ក្រប​ខណ្ឌដោយ​សារ​ល្មើស​បម្រាម​បិទ​ខ្ទប់​
  5. មន្ត្រី​យោធា​ម្នាក់​និង​ជន​ជាតិ​ចិន​៣​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ពិន័យ​ជា​ប្រាក់​ក្រោយ​​ល្មើស​បម្រាម​រដ្ឋា​ភិបាល
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ