អ្នកជំងឺ៦នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង២៣០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៧០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣២ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៦នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៧២៩នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៧២១នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣២ ១៨៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន២៤ ៧៦៣នាក់ និងអ្នកស្លាប់សរុប២៣៦នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៩៩៤នាក់៕