ប្រធានចលនាយុវជននៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) នៅប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជាឥតសំចៃមាត់ សម្រេចលាលែងពីតំណែងនិងប្រកាសឈប់ប្រឡូកក្នុងឆាកនយោបាយចាប់ពីពេលនេះទៅ។
នៅលើគណនីហ្វេសប៊ុករបស់ប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនានេះថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោកមានមោទកភាពដែលបានចូលរួមជាមួយពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ក្នុងការការពារលើកស្ទួយសិល្បៈវប្បធម៌ជាតិ យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា ជាពិសេសបានចូលរួមទប់ស្កាត់បំបាត់អំពើជិះជាន់ពុករលួយរបស់មន្រ្តីទូតខិលខូចមួយចំនួនដែលបានកេងចំណេញលើភាពហត់នឿយនៃពលករចំណាកស្រុកនៅកូរ៉េជាដើម។
លោកបញ្ជាក់ថា អំឡុងពេលលោកជួយពលរដ្ឋខ្មែរដែលរងគ្រោះនៅកូរ៉េខាងត្បូងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជាចោទថា ជាទង្វើខុសច្បាប់ឬក្បត់ជាតិ។ ប៉ុន្តែលោកអះអាងថា ការតស៊ូមតិគឺធ្វើទៅតាមបែបបទច្បាប់ជាតិនិងអន្តរជាតិ តស៊ូមតិដោយអហិង្សា ហើយមិនមានចេតនាណាមួយបំផ្លាញជាតិនិងប្រយោជន៍ពលរដ្ឋខ្មែរណាមួយនោះទេ។
ទោះជាបែបនេះក្តី លោក យឹម ស៊ីណន ឱ្យដឹងទៀតថា លោកសម្រេចលាឈប់ពីតំណែងនេះ ដោយសារចង់ក្លាយទៅជាពលរដ្ឋធម្មតា លែងពាក់ព័ន្ធនឹងក្រុមចលនាឬនយោបាយណាមួយហើយចាប់ពីថ្ងៃនេះតទៅ។
លោកនិយាយថា៖ «ចាប់ពីពេលនេះតទៅ ខ្ញុំនឹងក្លាយជាពលរដ្ឋធម្មតាដូចគេដូចឯង លែងជាប់ពាក់ព័ន្ធនឹងក្រុមចលនាឬបក្សនយោបាយណាមួយហើយ និងអាចក្លាយជាប្តីដែលលែងផ្តល់ភាពភ័យខ្លាចឱ្យប្រពន្ធ អាចក្លាយជាឪពុកដែលអាចរស់នៅជុំគ្នានិងផ្តល់ភាពកក់ក្តៅដល់កូនៗ អាចក្លាយជាមិត្តភក្តិដែលអាចដើរហើរឬអង្គុយជួបជុំដោយមិនបង្កើតភាពរើសអើងដល់មិត្តភក្តិទាំងអស់ដែលបានស្គាល់»។
ទោះជាយ៉ាងណា វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីលោក យឹម ស៊ីណន ជុំវិញការលាលែងពីតំណែងនេះបានទេ នៅថ្ងៃទី៣ ខែមិថុនា៕