តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ វ៉ាន់ឆាឡឺម?​

តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ វ៉ាន់ឆាឡឺម?​

សេចក្តីដកស្រង់៖ មួយឆ្នាំបន្ទាប់ពី វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ បាត់ខ្លួន អាជ្ញាធរថា គ្មានភស្តុតាងបញ្ជាក់ថាគាត់ត្រូវគេចាប់ពង្រាត់នៅភ្នំពេញទេ។ របាយការណ៍ស៊ើបអង្កេតរួមមួយបង្ហាញព័ត៌មានលម្អិតអំពីការរត់គេចខ្លួនពីថៃរបស់សកម្មជនរូបនេះ ការរស់នៅនិរទេសខ្លួននៅកម្ពុជា និងរយៈពេលប៉ុន្មានថ្ងៃមុនការបាត់ខ្លួនរបស់គាត់។

“លោក សុខ ហេង” ជាសំឡេងសប្បាយរីករាយមួយបានបន្លឺឡើងនៅក្នុងរូបភាពវីដេអូញ័រៗមួយដែលត្រូវបានគេថតក្នុងខែកុម្ភៈ ឆ្នាំ២០២០។ មុខនិងរូបរាងរបស់អ្នកថតវីដេអូនោះ ស្ថិតនៅក្រៅប្លង់ថត ពោលគឺឃើញតែដៃម្ខាងកាន់កែវស្រាបៀរមួយហុចទៅឱ្យមិត្តភក្តិពីរនាក់ដែលអង្គុយលើកៅអីសាឡុងនៅម្ខាងអាងទឹក មានភ្លើងអំពូលពណ៌ខៀវ ក្នុងបរិវេណវាសនដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ។ 

គាត់បានប្តូរភ្នែកកាមេរ៉ាចេញពីស្រាបៀរងាកទៅរកអាងទឹក ហើយបន្ទាប់ពីបាញ់សំដៅទៅរកលោក សុខ ហេង ដែលពាក់អាវយឺតវាលក្លៀកពណ៌ក្រហម និងបង្ហាញសញ្ញាសន្តិភាពតាមរយៈម្រាមដៃបាំងមុខរបស់គាត់។ ក៏ប៉ុន្តែ ទោះបីជានៅខាងក្រោយដៃរបស់គាត់ក៏ដោយ វ៉ែនតាដងខ្មៅ និងទឹកមុខញញឹមពព្រាយរបស់លក សុខ ហេង គឺងាយនឹងចំណាំបានណាស់។

រយៈពេលបួនខែបន្ទាប់ពីមានកម្មវិធីជួបជុំនៅទីតាំងក្បែរអាងទឹកនោះ រូបភាពបុរសពាក់វ៉ែនតាខ្មៅនេះបានលេចឡើងនៅលើផ្ទាំងបដានានាដង្ហែតាមដងផ្លូវក្នុងទីក្រុងបាងកកនៃប្រទេសថៃដែលជាប្រទេសជិតខាងកម្ពុជា ពោលគឺក្រុមអ្នកតវ៉ាបានកាន់ក្នុងដៃ ដោយទាមទារឱ្យមានការស៊ើបអង្កេតតាមរកលោក សុខ ហេង ដែលមានឈ្មោះពិត «វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ»

វីដេអូដែលមានថេរវេលា១៥វិនាទីនោះ បញ្ចប់ដោយសកម្មភាពបុរសបីនាក់ចែករំលែកនំប៉័ងគ្នា។

គិតចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ មកដល់ថ្ងៃសុក្រនេះ លោក វ៉ាន់ឆាឡឺម បានបាត់ខ្លួនរយៈពេលមួយឆ្នាំហើយ។ សកម្មជនប្រជាធិបតេយ្យអាយុ៣៧ឆ្នាំរូបនេះ បានរស់នៅនិរទេសខ្លួនភាគច្រើនក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤។ មិត្តភក្តិនិងគ្រួសារបស់លោក អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សនានា អះអាងថា លោកត្រូវចាប់ពង្រាត់ដោយជនប្រដាប់អាវុធមួយក្រុមនៅរសៀលថ្ងៃនោះ ខណៈដែលលោកកំពុងទិញម្ហូបអាហារតាមដងផ្លូវនៅខាងក្រៅកន្លែងស្នាក់នៅរបស់លោក (Mekong Gardens Apartment) ជាកន្លែងមួយដែលលោកបានចំណាយពេលកម្សាន្តសប្បាយជាមួយមិត្តភក្តិរបស់លោកកាលពីពីរបីខែមុននោះ។

លោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ នៅក្បែរអាងទឹកក្នុងបរិវេណខុនដូ Mekong Gardens ក្នុងទីក្រុងភ្នំពេញ ក្នុងកម្រងរូបថតចេញពីវីដេអូថតដោយមិត្តភក្តិលោក កាលពីខែកុម្ភៈ ឆ្នាំ២០២០។

បងស្រីរបស់លោក វ៉ាន់ឆាឡឺម ឈ្មោះ ស៊ីថានុន សាត់ស័ក្តិសិទ្ធ បាននិយាយថា អ្នកស្រីបាននិយាយទូរសព្ទជាមួយប្អូនប្រុសរបស់អ្នកស្រី ក្នុងអំឡុងពេលមានសកម្មភាពចាប់ពង្រាត់ដែលគេបានអះអាងនោះ ហើយថា អ្នកស្រីបានឮសកម្មជនរូបនេះនិយាយថា “ខ្ញុំដកដង្ហើមមិនកើតទេ” មុនពេលប្រព័ន្ធទូរសព្ទត្រូវបានកាត់ផ្តាច់។

វីដេអូកាមេរ៉ាសុវត្ថិភាពមួយដែលត្រូវបានបញ្ចេញដោយ Prachatai នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បង្ហាញថា មានរថយន្តម៉ាក Toyota Highlander SUV ពណ៌ខៀវចាស់មួយគ្រឿង បានបើកចេញយ៉ាងប្រញាប់ពីទីតាំងស្នាក់នៅនោះ ដោយនាំយកលោក វ៉ាន់ឆាឡឺម ទៅជាមួយផង ខណៈមានមនុស្សពីរនាក់ដែលគេជឿថា ជាបុគ្គលិកសន្តិសុខធ្វើការនៅក្នុងអគារនោះ ព្យាយាមធ្វើអន្តរាគមន៍ ប៉ុន្តែមិនបានសម្រេច។

អ្នកស្រី ស៊ីថានុន បាននិយាយក្នុងកិច្ចសម្ភាសន៍មួយកាលពីខែមេសាថា៖ «ខ្ញុំតែងតែគិតថា ម៉េចបានជាឯងត្រូវបាត់ខ្លួនអ៊ីចឹង? នៅពេលដែលគាត់បាត់ខ្លួន ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរតែម្តង»។

អ្នកស្រីបានបន្តថា៖ «វាគឺជាការធ្វើទារុណកម្ម រាល់ពេលដែលខ្ញុំនិយាយអំពីគាត់»។

ក្នុងរយៈពេលមួយឆ្នាំតាំងពីលោក វ៉ាន់ឆាឡឺម បាត់ខ្លួន មិនថារដ្ឋាភិបាលថៃឬរដ្ឋាភិបាលកម្ពុជាទេ សុទ្ធតែមិនបានចាប់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ហើយក៏មិនបានបញ្ចេញព័ត៌មានថាលោកនៅកន្លែងណាដែរ។ អាជ្ញាធរថៃមិនទាន់បញ្ជាក់ថា តើការិយាល័យអគ្គព្រះរាជអាជ្ញាទទួលខុសត្រូវស៊ើបអង្កេតបទល្មើសក្រៅប្រទេសនេះឬយ៉ាងណាទេ។ ចំណែកឯអាជ្ញាធរកម្ពុជាវិញ អះអាងថា ខ្លួនក៏គ្មានភស្តុតាងបញ្ជាក់ថា បទល្មើសនេះពិតជាកើតមាននៅក្នុងទឹកដីរបស់ខ្លួនដែរ។

លោក ស៊ុនណៃ ផាស៊ុក (Sunai Phasuk) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងថា កង្វះខាតប្រតិបត្តិការស៊ើបអង្កេត គឺកើតចេញពីរបៀបនៃការអនុវត្តទៅលើករណីបាត់ខ្លួនដោយបង្ខំ ដោយសារតែប្រទេសថៃមិនទទួលស្គាល់ករណីបែបនេះជាករណីបទល្មើសទេ។

លោកបានថ្លែងថា៖ «មន្ត្រីមិនស្មោះត្រង់ ប្រើប្រាស់ចំណុចនេះជាឧបករណ៍យ៉ាងស្រួល ពីព្រោះគ្មានសាកសព គ្មានបទល្មើស។ អ្នកមិនអាចបញ្ជាក់ឱ្យច្បាស់ថា បុគ្គលម្នាក់នោះស្លាប់ឬក៏រស់! ដូច្នេះ គ្មានការស៊ើបអង្កេតអ្វីទាំងអស់»។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា៖ «យើងគ្មានភស្តុតាង [ឬ]សាក្សី ដើម្បីបញ្ជាក់ថា ករណីនេះបានកើតឡើងក្នុងប្រទេសកម្ពុជាទេ»។

មន្ត្រីកម្ពុជាក៏បានបដិសេធមិនទទួលស្គាល់នូវភស្តុតាងដែលគេប្រកាសជាសាធារណៈ ដែលបញ្ជាក់ថា លោក វ៉ាន់ឆាឡឺម បានរស់នៅក្នុងរាជធានីភ្នំពេញ មុនពេលបាត់ខ្លួន។

រូបភាពកាមេរ៉ាសុវត្ថិភាពបង្ហាញពីយានជំនិះដែលត្រូវបានអះអាងថា ពាក់ព័ន្ធនឹងទង្វើចាប់ពង្រាត់ដែលត្រូវបានគេសង្ស័យថាបានប្រព្រឹត្តទៅលើលោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងទីក្រុងភ្នំពេញ បង្ហោះផ្សាយដោយ Prachatai។

ទោះជាយ៉ាងណា ភស្តុតាងជាច្រើនដែល New Naratif, Prachatai និង VOD បានទទួលវីដេអូសកម្មភាពនៅបរិវេណអាងទឹក គណនីធនាគារនៅកម្ពុជា និងច្បាប់ថតចម្លងលិខិតឆ្លងដែនដែលមានឈ្មោះខ្មែរ ព្រមទាំងសក្ខីកម្មពីមិត្តភក្តិនិងគ្រួសារ បានបញ្ជាក់ថា បន្ទាប់ពីចាកចេញពីប្រទេសថៃក្នុងឆ្នាំ២០១៤ ជីវិតរបស់លោក វ៉ាន់ឆាឡឺម ប្រព្រឹត្តទៅមិនស្រួលឡើយ ដូចនិរទេសជននយោបាយដទៃទៀតនៅក្នុងរាជធានីភ្នំពេញដែរ។ សូម្បីតែនៅក្នុងប្រទេសកម្ពុជាដែលមានសុវត្ថិភាព ក៏លោកកាន់តែដឹងច្បាស់ថា លោកអាចប្រឈមនឹងសកម្មភាពផ្ចាញ់តបដ៏ខ្លាំងក្លាពីសំណាក់អាជ្ញាធរថៃ ដោយសារសកម្មភាពគាំទ្រលទ្ធិប្រជាធិបតេយ្យដែលលោកបានបន្តធ្វើរហូតដល់បាត់ខ្លួន។ 

លោក ខាត់ថារីន ជឺសុន (Katherine Gerson) អ្នករៀបចំយុទ្ធនាការប្រចាំប្រទេសថៃ នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានថ្លែងដូច្នេះថា៖ «មូលហេតុនយោបាយហាក់ដូចជាដើរតួយ៉ាងសំខាន់ក្នុងការខកខានមិនបានចាត់វិធានការនេះ។ មានគំរូច្បាស់ៗអំពីការបាត់ខ្លួនដោយបង្ខំនៃសកម្មជនថៃនិងសកម្មជននយោបាយពីប្រទេសជិតខាង ដោយគ្មានអ្នកទទួលខុសត្រូវអ្វីទាំងអស់»។

បញ្ជូនទៅក្រៅឱ្យនិរទេសខ្លួន

អ្នកនាង ប្រាក់កៃដាវ ព្រុកសាក់កាសែមស៊ុក (Prakaidao Pruksakasemsuk) ចាត់ទុកខ្លួនឯងជាគូជីវិតរបស់លោក វ៉ាន់ឆាឡឺម ទោះបីពួកគេបានចែកផ្លូវគ្នាមួយឆ្នាំមុនពេលដែលលោក វ៉ាន់ឆាឡឺម បាត់ខ្លួនក៏ដោយ។ ពួកគេបានក្លាយជាគូស្នេហ៍នឹងគ្នានៅពេលដែលបានទៅធ្វើយុទ្ធនាការជាមួយគ្នាឱ្យគណបក្ស ភឿថៃ (Pheu Thai Party) ក្នុងឆ្នាំ២០១៣ សម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកក។ ពួកគេបានធ្វើការងារនយោបាយយ៉ាងជាប់លាប់ ពោលគឺនាងជាកូនស្រីរបស់អ្នកគាំទ្រដ៏លេចធ្លោរបស់មហាសេដ្ឋីរស់នៅនិរទេសខ្លួន និងជាអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា (Thaksin Shinawatra) និងក្រុមចលនាអាវក្រហមរបស់លោក។ នៅពេលនោះ លោក វ៉ាន់ឆាឡឺម ក៏ជាអ្នកតស៊ូមតិអង្គការសិទ្ធិមនុស្ស LGBTQIA+ និងជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកគាំទ្រលោក ថាក់ស៊ីន។

អ្នកនាង ប្រាក់កៃដាវ បាននិយាយថា លោក វ៉ាន់ឆាឡឺម មានជំនាញភាពជាអ្នកដឹកនាំយ៉ាងល្អ ពូកែគិត ហ៊ានធ្វើ ហ៊ាននិយាយ ប្រជាប្រិយ និងសកម្មខ្លាំង។

អ្នកនាងថ្លែងថា៖ «គាត់ជាប្រភេទមនុស្សដែលអាចចូលចុះនឹងមនុស្សគ្រប់ឋានៈនិងអាយុ»។

បន្ទាប់ពីជួបបរាជ័យក្នុងយុទ្ធនាការរបស់បេក្ខជនមកពីគណបក្ស ភឿថៃ គូស្នេហ៍មួយគូនេះបានមករស់នៅក្នុងគ្រួសាររបស់អ្នកនាង ប្រាក់កៃដាវ ហើយបន្តសកម្មភាពក្នុងនាមជាសកម្មជនទៀត។

ក្នុងខែឧសភា ឆ្នាំ២០១៤ មេយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំគណបក្ស ភឿថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា (Yingluck Shinawatra) ដែលត្រូវជាប្អូនស្រីរបស់លោក ថាក់ស៊ីន។ លោក ប្រាយុទ្ធ បានដាក់ជំនួសគណៈរដ្ឋមន្ត្រីរបស់លោកស្រី យីងឡាក់ ដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ដែលទើបត្រូវបានបង្កើតថ្មី និងជាក្រុមប្រឹក្សារបបយោធាមួយដែលដឹកនាំប្រទេសនេះ តាមសេចក្តីសម្រេចសម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់។

អ្នកនាង ប្រាក់កៃដាវ បាននិយាយថា របបប្រជាធិបតេយ្យដែលមានតែខាងក្រៅនៅប្រទេសថៃ ត្រូវតែមានដំណេះស្រាយ។ លោក វ៉ាន់ឆាឡឺម ដែលមានឈ្មោះថា “តា” ផងដែរនោះ បានត្រៀមបង្វិចរួចរាល់ហើយសម្រាប់ពេលដែលលោកត្រូវចាកចេញភ្លាមៗដោយគ្មានដំណឹង។

រយៈពេលបីថ្ងៃក្រោយរដ្ឋប្រហារ អាជ្ញាធរយោធាបានតាមដានស្វែងរកអាសយដ្ឋាន (IP Address) នៃទំព័រហ្វេសប៊ុកគាំទ្រលោក ថាក់ស៊ីន របស់លោក វ៉ាន់ឆាឡឺម ទៅដល់ផ្ទះគ្រួសារ ព្រុកសាក់កាសែមស៊ុក។ ទាហានបានឆ្មក់ចូលលំនៅដ្ឋាននោះ ឃាត់ខ្លួនអ្នកនាង ប្រាក់កៃដាវ និងឪពុកម្តាយរបស់អ្នកនាង នៅយប់រំលងអធ្រាត្រ នៅជំរុំទ័ពមួយ។ លោក វ៉ាន់ឆាឡឺម បានលបរត់គេចខ្លួនដោយលោតផ្លោះរបង។ លោកបានឡើងយន្តហោះទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងថ្ងៃដដែលនោះ។ 

អ្នកនាង ប្រាក់កៃដាវ បានថ្លែងថា៖ «[យោធា] មិនបានដឹងថាជាគាត់ទេ [ជាអ្នកនៅពីក្រោយទំព័រហ្វេសប៊ុកនោះ]។ ពួកគេកំពុងគិតនៅឡើយថា តើអ្នកណាម្នាក់ក្នុងគ្រួសារ ព្រុកសាក់កាសែមស៊ុក ជាអ្នកគ្រប់គ្រងវា! ពួកគេសួរខ្ញុំថា តា[លោក វ៉ាន់ឆាឡឺម] នៅឯណា? ខ្ញុំបាននិយាយថា ខ្ញុំមិនដឹងទេ! នៅពេលដែលពួកគេដឹងច្បាស់ថា តា បានចាកចេញទៅហើយនោះ ពួកគេដូចថា “ហ្អា! ឥលូវខ្ញុំដឹងហើយ”»។ 

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ ក្រុមប្រឹក្សា NCPO កោះហៅសកម្មជន២៨នាក់ឱ្យចូលខ្លួនទៅអង្គភាពយោធានៅទីក្រុងបាងកក ក្នុងនោះមានទាំងលោក វ៉ាន់ឆាឡឺម ផងដែរ។ រយៈពេលមួយសប្តាហ៍ក្រោយមក ក្រុមយោធានោះបានចេញដីកាឱ្យចាប់ខ្លួនលោក វ៉ាន់ឆាឡឺម តាមច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមប្រព័ន្ធកុំព្យូទ័រ បន្ទាប់ពីមានការចោទថា លោកបានបង្ហោះសេចក្តីថ្លែងការណ៍នយោបាយនៅលើទំព័រហ្វេសប៊ុករបស់លោក។

លោក វ៉ាន់ឆាឡឺម មិនយកចិត្តទុកដាក់ទៅលើបទបញ្ជានោះទេ ហើយបន្តនៅក្រៅប្រទេសដដែល។ ដូច្នេះ ជីវិតរស់នៅនិរទេសខ្លួនដោយសាររឿងនយោបាយរបស់លោក ក៏បានចាប់ផ្តើម។

ស្ថានភាពត្រូវគេចខ្លួនទាំងប្រផិតប្រផើយ

បន្ទាប់ពីស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីបានមួយរយៈ លោក វ៉ាន់ឆាឡឺម បានផ្លាស់មករស់នៅក្នុងរាជធានីភ្នំពេញ នេះបើយោងតាមអ្នកនាង ប្រាក់កៃដាវ។ ហើយមានមន្ត្រីកម្ពុជាម្នាក់ដែលមានចិត្តអាណិតអាសូរលោក បានឱ្យលោកស្នាក់នៅក្នុង Mekong Gardens Apartment ដោយមិនគិតថ្លៃ។ សកម្មជនថៃដទៃទៀតបានរស់នៅទីនោះក្នុងស្ថានភាពនិរទេសខ្លួននៅពេលនោះ។ ទីតាំងដែលលោក វ៉ាន់ឆាឡឺម បានស្នាក់នៅនោះ ធំទូលាយ និងមានម្ហូបអាហារផ្តល់នៅពេលដំបូង។ ប៉ុន្តែទោះបីជាមានកន្លែងស្នាក់នៅស្រួលបួលក៏ដោយ តែសុវត្ថិភាពមិនធានានោះទេ។

អ្នកនាង ប្រាក់កៃដាវ ដែលបានទៅលេងអតីតមិត្តប្រុសរបស់ខ្លួននៅរាជធានីភ្នំពេញយ៉ាងទៀងទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងបានរស់នៅក្នុងផ្ទះល្វែង Mekong Gardens ដែលមានបន្ទប់គេងពីរ ជាមួយនឹងលោក វ៉ាន់ឆាឡឺម អំឡុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យមួយក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០១៨ដល់២០១៩នោះ បាននិយាយថា

«ជនភៀសខ្លួននៅទីនោះមានការប្រយ័ត្នប្រយែងណាស់»។ 

អ្នកនាងបានថ្លែងបន្តថា៖ «ពេញមួយជីវិតរស់នៅនិរទេសខ្លួនរបស់គាត់ គាត់ត្រូវតែប្រយ័ត្នខ្លួនគ្រប់ពេលវេលា។ ជួនកាល មានព័ត៌មានថា ទាហានថៃបានចូលមកកម្ពុជា ហើយ [មានមន្ត្រីមូលដ្ឋាន] ប្រាប់គេនៅទីនេះឱ្យនៅក្នុងខុនដូ កុំចេញទៅក្រៅ។ ពួកយើងមានអារម្មណ៍ថា វាគ្មានសុវត្ថិភាពទេ»។ 

អឹផាតមេន Mekong Gardens គឺជាទីជម្រកមួយសម្រាប់សកម្មជនថៃគាំទ្រលោក ថាក់ស៊ីន ដូចជាលោក វ៉ាន់ឆាឡឺម ជាដើម “ពីព្រោះលោក ថាក់ស៊ីន និង [លោកនាយករដ្ឋមន្ត្រី] ហ៊ុន សែន គឺជាមិត្តភក្តិនឹងគ្នា” បើយោងតាម Taylor ដែលជាជនជាតិថៃម្នាក់ដឹងរឿងច្រើនអំពីសហគមន៍និរទេសខ្លួននៅក្នុងបរិវេណលំនៅដ្ឋាននេះ។ Taylor បាននិយាយថា តាមពិតសកម្មជនថៃដែលរស់នៅក្នុងប្រទេសកម្ពុជា “ក្រោមកិច្ចការពារពីលោក ហ៊ុន សែន” មិនអាចរិះគន់លោក ថាក់ស៊ីន ដែលមានតួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចម្នាក់របស់រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១០បានទេ។ 

Taylor បានអះអាងថា ខ្លួនធ្លាប់ត្រូវបានឃ្លាំមើលដោយអាជ្ញាធរថៃនិងអាជ្ញាធរកម្ពុជា ខណៈកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះហើយ “ត្រូវប្រយ័ត្នខ្លួនជានិច្ច”។ 

Taylor បានពោលថា៖ «យើងត្រូវធ្វើសកម្មភាព ហាក់ដូចជាមានមនុស្សតាម[យើង]»។

សន្តិសុខឈរយាមនៅច្រកចូលអគារ Mekong Gardens ខណ្ឌជ្រោយចង្វារ ក្នុងថ្ងៃប្រារព្ធពិធីសាសនាបំណងបន់ស្រន់ឱ្យបានដឹងពីដំណឹងនិងការពិតនៃការបាត់ខ្លួនលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ កាលពីថ្ងៃទី៤ ខែមិថុនា ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ (Danielle Keeton-Olsen)

នាងបាននិយាយថា៖ «ពេលមួយនោះ អំឡុងពេលមកលេងក្រុងភ្នំពេញក្នុងឆ្នាំ២០១៥ ឬ២០១៦ វ៉ាន់ឆាឡឺម បានទៅយកទទួល ប្រាក់កៃដាវ ដោយផ្ទាល់ពីព្រលានយន្តហោះ បន្ទាប់មកទៅកាន់បារមួយកន្លែងនៅកណ្តាលក្រុង ហើយនៅទីនោះគាត់ក៏បានស្គាល់បុគ្គលិកចាក់ស្រាបៀរនៅទីនោះ។ បន្ទាប់ពីគូស្នេហ៍នេះបានចាកចេញពីបារទៅ បុគ្គលិកចាក់ស្រាបៀររូបនោះក៏បានទូរសព្ទទៅ វ៉ាន់ឆាឡឺម ហើយប្រាប់គាត់ថា មានមនុស្សមួយក្រុមដែលមានអ្នកខ្លះកាត់សក់ដូចទាហានថៃ ព្យាយាមតាមគាត់និង ប្រាក់កៃដាវ ដោយជិះកង់បី ប៉ុន្តែបានត្រឡប់មកវិញ ពីព្រោះម្នាក់ក្នុងចំណោមបុរសទាំងនោះបានភ្លេចទូរសព្ទនៅក្នុងបារ។ បុរសនោះបានថតរូប ប្រាក់កៃដាវ និងកាបូបដែលនាងបានយកមកប្រទេសកម្ពុជានៅថ្ងៃនោះ»។

នាងបន្តទៀតថា៖ «ពួកគេបានបង្ហាញរូបថតទៅបុគ្គលិកបាររូបនោះ ហើយសួរថា “អ្នកស្គាល់ម្នាក់នេះទេ? ពួកគេរស់នៅណា?”»។

លោក វ៉ាន់ឆាឡឺម និងអ្នកនាង ប្រាក់កៃដាវ ហាក់ដូចជាបានគេចខ្លួនរួចមួយគ្រាៗ ជាពិសេសពិចារណាទៅឃើញថា សកម្មជនប្រាំបីនាក់ផ្សេងទៀតដែលបានចាកចេញពីប្រទេសថៃក្រោយរដ្ឋប្រហារភ្លាមក្នុងឆ្នាំ២០១៤ បានបាត់ខ្លួនពីប្រទេសជិតខាង។ សាកសពពីរនាក់ក្នុងចំណោមពួកគេបានរសាត់តាមច្រាំងទន្លេមេគង្គ នៅចន្លោះប្រទេសថៃ និងប្រទេសឡាវ ដែលត្រូវបានគេញាត់ស៊ីម៉ងដ៍ មុនពេលលោក វ៉ាន់ឆាឡឺម បានបាត់ខ្លួនក្នុងឆ្នាំ២០២០។

ឆ្លើយតបទៅនឹងសេចក្តីអះអាងរបស់រដ្ឋាភិបាលថៃនិងរដ្ឋាភិបាលកម្ពុជា ដែលថា មិនមានភស្តុតាងបញ្ជាក់អំពីករណីចាប់ពង្រាត់នេះ អ្នកនាង ប្រាក់កៃដាវ បានប្រសាសន៍ថា «ប្រតិកម្មពីប្រទេសទាំងពីរហ្នឹង គឺគួរឱ្យខកចិត្តណាស់។ តើអ្នកអាចធ្វើអ៊ីចឹងចំពោះប្រជាជនរបស់អ្នកយ៉ាងម៉េចកើត? អ្នកអត់មានគិតអ្វីទេអីថា អ្នកបានធ្វើរឿងនេះ! ហើយនៅតែធ្វើដូចជាអ្នកមិនដឹងអីអ៊ីចឹង?»

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩ អ្នកនាង ប្រាក់កៃដាវ បានត្រឡប់ទៅប្រទេសថៃវិញ។ ទំនាក់ទំនងរវាងនាងនិងលោក វ៉ាន់ឆាឡឺម បានបញ្ចប់ ប៉ុន្តែពួកគេនៅតែនិយាយជាមួយគ្នាញឹកញាប់ជារៀងរាល់ខែ។ នៅក្នុងកិច្ចសន្ទនាចុងក្រោយរបស់ពួកគេ គាត់បានសួរអ្នកនាង ថាតើពួកគេអាចនៅជាមួយគ្នាបានទេ ប្រសិនបើលោក វ៉ានឆាឡឺម រកវិធីត្រឡប់ទៅប្រទេសថៃវិញបាន។

នៅពេលដែលអ្នកនាងបានឃើញក្រុមអ្នកតវ៉ាតាមដងផ្លូវលើករូបថតអតីតមិត្តប្រុសរបស់នាង ពួកគេបានរំឭកនាងអំពីរូបថតអ្នកស្លាប់ ហើយអ្នកនាងក៏បានមើលទៅឆ្ងាយ ដោយក្នុងចិត្តអ្នកនាងនៅតែនឹកដល់ពេលដែលគ្មានលោក វ៉ាន់ឆាឡឺម។

Micky ដែលជាជនបរទេសម្នាក់រាប់អានលោក វ៉ាន់ឆាឡឺម និងអ្នកនាង ប្រាក់កៃដាវ នៅក្នុងរាជធានីភ្នំពេញ បាននិយាយថា៖ «នាងហាក់ដូចជាបាត់បង់អ្វីៗគ្រប់យ៉ាង។ ខ្ញុំបានស្គាល់គាត់ ខ្ញុំបានស្គាល់នាង ហើយពួកគេនៅតែស្រលាញ់គ្នាទេ»។

គោលដៅងាយមួយ 

លោក វ៉ាន់ឆាឡឺម បានកំំពុងត្រូវបានគេតាមដាន ប៉ុន្តែលោកព្យាយាមមិនឱ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់លោក ឬភាពជាសកម្មជនរបស់លោកទេ។ Micky ដែលបានជួបលោក វ៉ាន់ឆាឡឺម ភ្លាមៗបន្ទាប់ពីបានមករស់នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥នោះ បាននិយាយថា ពួកគេបានរាប់អានគ្នាយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានរៀបចំកម្មវិធីញ៉ាំអាហារជាមួយគ្នានៅអាងទឹកក្នុងបរិវេណនៃអឹផាតមេន Mekong Gardens យ៉ាងតិច១០ដងហើយ។ ប៉ុន្តែឆ្នាំក្រោយៗមកទៀត Micky មិនបានដឹងដំណឹងច្បាស់លាស់ថា ហេតុអ្វីបានជាលោក វ៉ាន់ឆាឡឺម មិនអាចត្រឡប់ទៅប្រទេសថៃវិញបាន។ រាល់លើកពេលដែលប្រធានបទនេះត្រូវបានលើកមកនិយាយ លោក វ៉ាន់ឆាឡឺម តែងប្តូរទៅនិយាយរឿងលេងសើចវិញ។ 

Micky បានថ្លែងថា៖ «ខ្ញុំជឿថា គាត់មិនចង់ឱ្យខ្ញុំមានការពាក់ព័ន្ធក្នុងស្ថានភាពនោះឡើយ»។

ក៏ប៉ុន្តែចំពោះមិត្តភក្តិដទៃទៀត លោក វ៉ាន់ឆាឡឺម បើកចិត្តទូលាយនិយាយអំពីទំនាក់ទំនងដ៏លំបាកជាមួយក្រុមអ្នកមានអំណាចថៃ។

Jesse ដែលបានរាប់អានលោក វ៉ាន់ឆាឡឺម ក្នុងរាជធានីភ្នំពេញ កាលពីពីរឬបីឆ្នាំមុន បាននិយាយថា៖ «ភាគច្រើន គាត់រអ៊ូអំពីខ្សែ [សែរាជវង្ស]។ គាត់មិនចូលចិត្តស្តេចទេ»។ 

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានបង្ក្រាបបទល្មើសបច្ចេកវិទ្យានៃស្នងការតម្រួតថៃ បានចេញដីកាចាប់ខ្លួនលោក វ៉ាន់ឆាឡឺម តាមច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាកុំព្យូទ័រ។ រយៈពេលពីរឆ្នាំក្រោយមក តម្រួតបានចុះទៅលំនៅដ្ឋានគ្រួសាររបស់គាត់នៅខេត្តអ៊ូបុន រ៉ាត់ឆាតថានី (Ubon Ratchathani) ប្រទេសថៃ ដើម្បីសាកសួររកកន្លែងដែលលោករស់នៅ ហើយពួកគេបានចាកចេញមកវិញ បន្ទាប់ពីសាច់ញាតិម្នាក់របស់គ្រួសារលោក វ៉ាន់ឆាឡឺម បាននិយាយថា ពួកគេមិនអាចឆែកឆេរលំនៅដ្ឋាននោះដោយគ្មានដីកាបានទេ។

ក្នុងអំឡុងពេលនោះ លោក វ៉ាន់ឆាឡឺម បានចាប់ផ្តើមបង្ហាញក្តីបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាពរបស់លោកនៅក្នុងប្រទេសកម្ពុជា។ លោកបានប្រាប់ Jesse មួយឬក៏ពីរលើកថា លោកបានទទួលដំណឹងគំរាមកំហែងជាច្រើនចេញពីប្រទេសថៃ។ 

Jesse និយាយថា៖ «គាត់ធ្លាប់ប្រាប់ថា មានគេកំពុងស្វែងរកគាត់ ហើយគាត់ឱ្យខ្ញុំមិនប្រាប់អ្នកណាអំពីកន្លែងដែលគាត់រស់នៅ»។ នៅពេលនោះ Jesse បានយល់ថា បម្រាមរបស់លោក វ៉ាន់ឆាឡឺម គ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ។ 

ខុនដូ Mekong Gardens ស្ថិតនៅខណ្ឌជ្រយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រយៈពេលមួយសប្តាហ៍មុនពេលដែលលោក វ៉ាន់ឆាឡឺម បាត់ខ្លួន Micky បានរើទៅរស់នៅក្នុងសហគមន៍មួយដែល លោក វ៉ាន់ឆាឡឺម រស់នៅ ដែលស្ថិតនៅតំបន់មួយដែលខណ្ឌចែកទន្លេមេគង្គនិងទន្លេសាបចេញពីគ្នា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ Micky ចង់ចំណាយពេលឱ្យបានច្រើនថែមទៀតជាមួយលោក វ៉ាន់ឆាឡឺម នៅក្នុងបរិវេណនៃអឹផាតមេន Mekong Gardens ដោយសារតែរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ លោក វ៉ាន់ឆាឡឺម ហាក់ដូចជា បាត់បង់ចំណាប់អារម្មណ៍ក្នុងការចេញដើរលេងខាងក្រៅ។ 

Micky ថ្លែងថា៖ «គាត់បានផ្ញើសារមកខ្ញុំប្រហែលជាពីរថ្ងៃ មុនពេលដែលគាត់បាត់ខ្លួន។ ខ្ញុំត្រូវជួបគាត់ពេលនោះ»។ 

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ពោលគឺមួយថ្ងៃមុនការបាត់ខ្លួន លោក វ៉ាន់ឆាឡឺម បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កំពុងគ្រប់គ្រងប្រទេសថៃឱ្យដើរផ្លូវខុស និងគ្មានជំនាញរដ្ឋបាលទេ។ 

នៅថ្ងៃនោះ Jesse បាននិយាយថា ពួកគេបានជួបគ្នានិងបានឱបគ្នា។ 

Jesse ថ្លែងថា៖ «ខ្ញុំគ្មានពាក្យនិយាយទេ។ ពួកយើងទាំងអស់គ្នាមានអារម្មណ៍ថាយ៉ាងម៉េចមិនដឹងទេ» ដោយរំឭកអំពីពេលដែលពួកគេបានទទួលដំណឹងអំពីករណីបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម រយៈពេលពីរថ្ងៃក្រោយមក។ 

Micky និយាយថា៖ «ខ្ញុំចាំមិនភ្លេចរឿងនេះថា ប្រហែលជាគាត់អាចនៅជាមួយខ្ញុំបាន ហើយប្រហែលជាគ្មានរឿងអ្វីកើតឡើងទេ ពីព្រោះខ្ញុំជាជនបរទេស ហើយពួកគេមិន[យកគាត់ទៅ]ទេ។ ខ្ញុំខឹងបន្តិចដែរ ពីព្រោះបើគាត់បានប្រាប់ខ្ញុំអំពីរឿងគ្រប់យ៉ាង ប្រហែលជាខ្ញុំអាចជួយគាត់ឱ្យទៅបាន [ទៅក្រៅប្រទេសឆ្ងាយជាងនេះ]»។ 

បន្ទាប់ពីមានរដ្ឋប្រហារយោធាឆ្នាំ២០១៤ នៅប្រទេសថៃ ក្រុមសកម្មជននយោបាយប្រឆាំងមួយចំនួនបានភៀសខ្លួនចេញពីប្រទេស។ ក្នុងនោះ ៩នាក់បានបាត់ខ្លួនពីប្រទេសជិតខាង ៨នាក់ត្រូវបានពួកយោធាថៃប្រកាសតាមចាប់ខ្លួន ២នាក់ត្រូវបានរកឃើញថាស្លាប់ ចំណែក៧នាក់ផ្សេងទៀតមិនទាន់ដឹងដំណឹងថារស់នៅទីណានៅឡើយ។

លោក ប៉ាវីន ចាឆាវ៉ាល់ប៉ុងពុន (Pavin Chachavalpongpun) អាយុ៥០ឆ្នាំ ជាអ្នកសិក្សាធិការម្នាក់ដែលបានចាកចេញពីប្រទេសថៃក្នុងឆ្នាំ២០១៤ ជឿថា អាជ្ញាធរថៃនៅពីក្រោយករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម ហើយលោកលើកឡើងថា បើគេចខ្លួនទៅប្រទេសផ្សេងពីនេះ ប្រហែលជាអាចជួយសង្គ្រោះគាត់បាន។ លោក ប៉ាវីន ដែលជាអ្នករិះគន់មិនសំចៃមាត់ទៅលើរាជវង្សថៃ បាននិយាយថា លោកត្រូវបានមនុស្សប្លែកៗតាមដានជាច្រើនលើកនៅទីក្រុងក្យូតុ ហើយក្នុងចំណោមអ្នកទាំងនោះ បានសម្រុកចូលអឹផាតមេនរបស់លោក និងបានវាយប្រហារលោកដោយស៉្ព្រាយគីមីម៉្យាង។ បុរសពីរនាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុរបស់ពួកគេឬអ្នកដែលជួលពួកទេ។ 

លោក ប៉ាវីន បានថ្លែងថា៖ «រឿងខ្ញុំនៅជប៉ុនបញ្ជាក់ថា ទោះបីជាខ្ញុំមិនបានរស់នៅប្រទេសជិតខាងជាប់របងប្រទេសថៃក៏ដោយ ខ្ញុំអាចក្លាយជាគោលដៅមួយ»។ 

ក៏ប៉ុន្តែលោក ប៉ាវីន នៅតែឆ្ងល់ថា ហេតុអ្វីបានជាលោក វ៉ាន់ឆាឡឺម ត្រូវបានគេជ្រើសរើសសម្រាប់ករណីបាត់ខ្លួនដោយបង្ខំនេះ។

លោកបានថ្លែងដោយប្រើឈ្មោះហៅក្រៅរបស់លោក វ៉ាន់ឆាឡឺម ថា៖ «តាមដែលខ្ញុំស្គាល់ តា ពីចម្ងាយ មើលទៅគាត់ដូចមិនគួរជាគោលដៅសំខាន់សោះ»។

លោកបានបន្តថា៖ «គាត់គ្រាន់តែចង់សំដៅទៅរក NCPO [ក្រុមយោធា] ប៉ុណ្ណោះ មិនមែនដោយផ្ទាល់ទៅលើរាជវង្សទេ។ ភាពសកម្មរបស់គាត់មិនសំដៅទៅរកផ្នែកនយោបាយឬរាជវង្សទេ ប៉ុន្តែទៅរកបញ្ហាសង្គមច្រើនជាង ដូចជា LGBT និងការអប់រំអំពីភេទ ជាដើម។ យើងមិនដឹងថា ហេតុអ្វីបានជាគាត់ក្លាយជាគោលដៅមួយទៅវិញ»។

លោក ប៉ាវីន បានបញ្ជាក់ថា ករណីចាប់ពង្រាត់គ្មានការបញ្ជាក់ច្បាស់ទៅលើលោក វ៉ាន់ឆាឡឺម បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសកម្មជនបង្ហាញពាក្យស្លោកប្រឆាំងរបបយោធានិងរាជានិយម ទៅលើសណ្ឋាគារ Bavarian ដែលស្តេចថៃ វ៉ាជីរ៉ាឡុងកន កំពុងគង់នៅ។ លោក ប៉ាវីន លើកឡើងពីទំនាក់ទំនងរវាងព្រឹត្តិការណ៍ទាំងពីរ។ 

លោកថ្លែងថា៖ «តា នៅប្រទេសកម្ពុជា ជាគោលដៅងាយស្រួលមួយសម្រាប់ពួកគេ»។ 

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ អ្នកនាង Sitanan Satsaksit ដែលជាបងស្រីរបស់លោក វ៉ាន់ ឆាឡឺម មកដាក់ភស្តុតាងបន្ថែម និងស្នើឱ្យមានការស៊ើបអង្កេតបន្តករណីប្អូនប្រុសអ្នកនាងបាត់ខ្លួននៅកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា។ (ជន ចាន់រ៉ែន)

Micky បានរំឭករឿងរ៉ាវអំពីសកម្មជនថៃដទៃទៀតដែលសាកសពត្រូវបានរកឃើញមានញាត់ស៊ីម៉ង់ដ៍ ហើយលោកឆ្ងល់ថា រឿងបែបនេះអាចកើតឡើងទៅលើលោក វ៉ាន់ឆាឡឺម ដែរឬយ៉ាងណា។ 

លោក Micky បន្តថា៖ «វាជារឿងឆ្កួតៗ។ គាត់ជាមនុស្សល្អ គាត់មិនអាចធ្វើបាបប្រជាជនទេ។ អាវុធដ៏ល្អបំផុតរបស់គាត់ គឺចិត្តរបស់គាត់»។ 

លោក Micky បានបន្ថែមថា លោក វ៉ាន់ឆាឡឺម ដែលបានបាត់ខ្លួននោះពិតជាជួបការលំបាកហើយ។

លោកថ្លែងថា៖ «ខ្ញុំមិនអាចស្រមៃឃើញថា តើបងស្រីរបស់គាត់មានអារម្មណ៍បែបណា។ នៅពេលអ្នកណាម្នាក់បាត់ខ្លួន ហើយរកមិនឃើញ ហើយចុះបើឈានដល់ករណីស្លាប់ អ្នកមិនអាចបញ្ចប់នីតិវិធីមរណភាពបានទេ ប្រសិនបើអ្នកមិនមានសាកសពនោះ»។

សកម្មភាពស្វែងរករបស់បងស្រី

ក្នុងកិច្ចសម្ភាសន៍មួយកាលពីដើមខែមេសា អ្នកស្រី ស៊ីថានុន បានបង្ហាញសម្ភារមួយចំនួនរបស់ប្អូនប្រុសគាត់ដែលបានបាត់ខ្លួន ដែលប្រមូលបានដោយអតីតមិត្តរួមបន្ទប់របស់លោក វ៉ាន់ឆាឡឺម ពីអឹផាតមេន Mekong Gardens។ នៅលើតុនៅចំពោះមុខអ្នកស្រី អ្នកស្រីបានដាក់វ៉ែនតាមួយគូ ខោខ្លី និងអាវក្រហម Hawaiian ដែលបានក្លាយជានិមិត្តសញ្ញានៃការតស៊ូក្នុងចំណោមអ្នកតវ៉ាគាំទ្រប្រជាធិបតេយ្យនៅប្រទេសថៃ។

អ្នកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តដែលប្អូនប្រុសរបស់ខ្ញុំបានទទួលទឹកចិត្តស្រឡាញ់ពីមនុស្សជាច្រើន ប៉ុន្តែពេលខ្ញុំបានឃើញរបស់ទាំងនេះ ខ្ញុំពិបាកចិត្តណាស់។ ពួកគេគ្មានចិត្តទេ បានជាធ្វើបែបនេះទៅលើគាត់ ពីព្រោះគាត់មិនបានបង្កទុក្ខលំបាកដល់អ្នកណាឡើយ»។ 

អស់រយៈពេលជាច្រើនខែមកហើយ អ្នកស្រី ស៊ីថានុន បានលះបង់យ៉ាងច្រើនដើម្បីស្វែងរកប្អូនប្រុសរបស់អ្នកស្រី ហើយសូម្បីការងារក៏អ្នកស្រីបានលាឈប់ដែរ ដើម្បីផ្តោតលើសកម្មភាពស្វែងរកប្អូនប្រុស ហើយលុបចោលសុពលភាពបណ្ណធានារ៉ាប់រងអាយុជីវិតរបស់អ្នកស្រី ដើម្បីទទួលបានប្រាក់មកវិញ។

អំឡុងពេលកំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ រយៈពេលពីរខែ កាលពីខែធ្នូ ឆ្នាំ២០២០ ដើម្បីបង្ហាញភស្តុតាងដែលបញ្ជាក់ថា ជីវិតរស់នៅនិរទេសរបស់លោក វ៉ាន់ឆាឡឺម ទៅដល់អាជ្ញាធរកម្ពុជា អ្នកស្រី ស៊ីថានុន បានឱ្យដឹងថា អ្នកស្រីបានចំណាយប្រាក់អស់ប្រមាណជា៥០០ ០០០បាត (១៦ ០០០ដុល្លារអាមេរិក) មិនរាប់បញ្ចូលប្រាក់ចំនួន៥ ០០០ដុល្លារអាមេរិកដែលចំណាយទៅលើថ្លៃសេវាមេធាវីទេ។ 

អ្នកស្រី ស៊ីថានុន សាត់ស័ក្តិសិទ្ធ បង្ហាញសម្ភារមួយចំនួនរបស់លោក វ៉ាន់ឆាឡឺម ដល់អ្នកសារព័ត៌មាន ក្នុងកិច្ចសម្ភាសមួយនៅទីក្រុងបាងកក កាលពីខែមេសា ឆ្នាំ២០២១។ (Anna Lawattanatrakul/Prachatai)

នៅក្នុងលិខិតមួយច្បាប់កាលពីខែសីហា ឆ្នាំ២០២០ ផ្ញើទៅក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកករណីបាត់ខ្លួនដោយបង្ខំ (UN’s Working Group on Enforced or Involuntary Disappearances) រដ្ឋាភិបាលថៃបានអះអាងថា នាយកដ្ឋានការងារសិទ្ធិនិងសេរីភាព នៃក្រសួងយុត្តិធម៌ “មានទំនាក់ទំនងជាមួយការិយាល័យមូលនិធិយុត្តិធម៌ ដើម្បីពិចារណាអំពីរកតំណាងស្របច្បាប់ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសាររបស់អ្នកស្រី សាត់ស័ក្តិសិទ្ធ ដើម្បីរ៉ាប់រងចំណាយរបស់ពួកគេទៅលើសកម្មភាពបន្តនីតិវិធីលើករណីនេះ”។ 

អ្នកស្រី ស៊ីថានុន បានឱ្យដឹងទៀតថា អ្នកស្រីបានទៅទាក់ទងជាមួយនាយកដ្ឋានការពារសិទ្ធិនិងសេរីភាព ដើម្បីស្វែងរកជំនួយ ប៉ុន្តែត្រូវបានបដិសេធ។ 

រយៈពេលមួយឆ្នាំតាំងពីប្អូនប្រុសបាត់ខ្លួន អ្នកស្រី ស៊ីថានុន បានទៅជួបក្រុមគ្រួសាររបស់ជនរងគ្រោះដោយសារករណីបាត់ខ្លួនដោយបង្ខំ ដូចជា នៅខេត្តបីនៃប្រទេសថៃ ដែលភាគច្រើនមានជនជាតិម៉ាឡេ-ឥស្លាម។ នៅទីនោះ បើតាមសេចក្តីរាយកាណ៍ យោធាថៃបានប្រព្រឹត្តទង្វើឃុំខ្លួន ធ្វើទារុណកម្ម និងបំបាត់ខ្លួនបុគ្គលដោយបង្ខំតាមទំនើងចិត្ត ឈរលើមូលហេតុមានទំនាក់ទំនងជាមួយនឹងចលនាបដិវត្តន៍ពណ៌។ អ្នកស្រី ស៊ីថានុន បានចូលរួមរំលែកទុក្ខជាមួយគ្រួសារទាំងនេះ ចំពោះករណីរងគ្រោះនោះ ប៉ុន្តែអ្នកស្រីទទួលស្គាល់ថា អ្នកស្រីទទួលបានឱកាសនិយាយច្រើនជាងប្រជាជនជនជាតិភាគតិចអស់ទាំងនោះ។

អ្នកស្រីបានថ្លែងថា៖ «ប្រសិនបើអ្នកជាជនរងគ្រោះវិញ មិនថា [ត្រូវឆ្លងកាត់] ប៉ុន្មានឆ្នាំទេ អ្នកនឹងមិនអាចបំភ្លេចបានទេ។ ខ្ញុំបានទៅខេត្តទាំងបីដែលស្ថិតនៅតំបន់ Deep South ។ សម្រាប់អ្នកខ្លះ វាស៊ីពេលរហូតទៅ១៨ឆ្នាំ [ដែលសាច់ញាតិរបស់ពួកគេបាត់ខ្លួន]។ ពួកគេមិនដែលភ្លេចទេ»។

អ្នកស្រី ស៊ីថានុន សាត់ស័ក្តិសិទ្ធ ក្នុងកិច្ចសម្ភាសមួយកាលពីខែមេសា ឆ្នាំ២០២១។ (Anna Lawattanatrakul/Prachatai)

អ្នកស្រី ស៊ីថានុន បានឱ្យដឹងថា ប៉ុន្មានថ្ងៃមុនពេលផ្តល់បទសម្ភាសន៍ក្នុងខែមេសា អ្នកស្រីបានឃើញទំព័រហ្វេសប៊ុករបស់អតីតមិត្តរួមការងាររបស់អ្នកស្រី ហើយក៏បានឆ្ងល់ភ្លាមៗថា តើអ្វីអាចនឹងកើតឡើងនៅពេលត្រឡប់ទៅធ្វើការវិញ។

អ្នកស្រីថ្លែងថា៖ «អ្នករាល់គ្នា [ផ្សេងទៀត] មិនមានបញ្ហាអ្វីទេ។ ពួកគេសុទ្ធតែមានប្រាក់ខែរាប់រយពាន់។ ប៉ុន្តែនៅពេលបន្ទាប់ ខ្ញុំគិតចំពោះខ្លួនឯងថា ខ្ញុំបានជ្រើសរើសជម្រើសមួយ ខ្ញុំនឹងមិនស្តាយក្រោយឡើយ»។ 

អ្នកស្រីថ្លែងទៀតថា៖ «ខ្ញុំមិនមានអនាគតទៀតទេ ប៉ុន្តែបើខ្ញុំមិនតស៊ូ បើមិនធ្វើអ៊ីចឹង ខ្ញុំសួរអ្នកទៅមើល អ្នកណាជាអ្នកធ្វើ? ដោយសារតែគ្មានអ្នកណាអាចប្រាប់រឿងរ៉ាវរបស់យើង ព្រមទាំងយើង ហើយក៏គ្មានអ្នកណាប្រាប់រឿងរ៉ាវរបស់យើងរាល់ថ្ងៃដែរ។ អ្នកសារព័ត៌មានអាចគ្រាន់តែនិយាយអំពីរឿងនេះរយៈពេលបីថ្ងៃឬយូរជាងនេះប៉ុណ្ណោះ។ អ៊ីចឹងហើយ ខ្ញុំត្រូវនិយាយអំពីរឿងនេះដោយខ្លួនឯង»។ 

អំឡុងពេលកំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ កាលពីខែធ្នូ និងខែមករា អ្នកស្រី ស៊ីថានុន និងមេធាវីរបស់អ្នកស្រី បានផ្តល់ច្បាប់ថតចម្លងនៃលិខិតឆ្លងដែនកម្ពុជាចំនួនមួយច្បាប់ដល់សាលាដំបូងរាជធានីភ្នំពេញ ដែលមានរូបថតលោក វ៉ាន់ឆាឡឺម និងមានឈ្មោះខ្មែរថា សុខ ហេង។ អ្នកស្រីក៏បានផ្តល់ព័ត៌មានដល់តុលាការ អំពីគណនីធនាគារ ABA មានមានឈ្មោះនោះផងដែរ។ លេខគណនីនេះនៅតែអាចស្វែងរកទិន្នន័យបាននៅលើប្រព័ន្ធប្រតិបត្តិការចល័តរបស់ធនាគារនេះ។

នៅខាងក្រោយកិច្ចគាំពារដោយច្បាប់

ក៏ប៉ុន្តែ ទោះបីជាមានឯកសារនេះនិងភស្តុតាងផ្សេងទៀតដែលបញ្ជាក់ថា លោក វ៉ាន់ឆាឡឺម បានចាប់ផ្តើមរស់នៅក្នុងប្រទេសកម្ពុជា ក៏នៅតែមិនច្បាស់ថាតើអាជ្ញាធរកម្ពុជាអាចយកជាការបានដែរឬយ៉ាងណា។

ក្នុងខែសីហា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមប្រតិបត្តិការស៊ើបអង្កេតភ្លាមៗមួយ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អនាមិកមួយ អំពីករណីចាប់ពង្រាត់លើលោក វ៉ាន់ឆាឡឺម កាលពីដើមខែមិថុនា។ រដ្ឋាភិបាលកម្ពុជាបានឱ្យដឹងទៀតថា ប្រតិបត្តិការស៊ើបអង្កេតបឋមបានរកឃើញថា ទិដ្ឋាការកម្ពុជារបស់លោក វ៉ាន់ឆាឡឺម បានអស់សុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែមិនរកឃើញថា លោកបានកំពុងស្នាក់នៅក្នុងអឹផាតមេន Mekong Gardens ទេ ហើយរកឃើញថា រថយន្ត Toyota Highlander ដែលត្រូវបានថតតាមកាមេរ៉ាសុវត្ថិភាព មិនត្រូវបានចុះបញ្ជីក្នុងក្រសួងដឹកជញ្ជូនទៀតផង។

រដ្ឋាភិបាលដដែលក៏បានលើកឡើងទៀតថា អាជ្ញាធរបានសាកសួរសាក្សីបីនាក់ ដែលបានបញ្ជាក់ថា មិនមានសេចក្តីរាយកាណ៍អំពីករណីចាប់ពង្រាត់នៅក្នុងទីតាំងខាងលើទេ។

ក្នុងខែឧសភា អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បាននិយាយថា នគរបាលបានទទួលដីកាពីតុលាការកាលពីខែមករា ឱ្យចាប់ផ្តើមប្រតិបត្តិការស៊ើបអង្កេតផ្លូវការ ហើយថា ប្រតិបត្តិការស៊ើបអង្កេតនេះកំពុងដំណើរការ។ 

ក៏ប៉ុន្តែលោក សំ ចំរើន មេធាវីជនជាតិខ្មែររបស់អ្នកស្រី ស៊ីថានុន ឆ្ងល់ថា តើតុលាការពិតជាបានចេញដីកាឱ្យមានការស៊ើបអង្កេតផ្លូវការណាមួយមែនឬយ៉ាងណា ហើយថាតើនគរបាលបានសាកសួរសាក្សីឬជនសង្ស័យដែរឬយ៉ាងណា។ 

លោក ចំរើន បានមានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់បានទទួលព័ត៌មានណាមួយទេ។ ខ្ញុំបានដាក់លិខិតទៅ [តុលាការ] ដើម្បីស្នើសុំថតចម្លងដីកាឱ្យធ្វើការស៊ើបអង្កេតនោះ [ដើម្បីឱ្យដឹង]ថាតើមានការវិវត្តបែបណា»។ 

អ្នកនាំពាក្យតុលាការបានឱ្យដឹងថា ចៅក្រមស៊ើបសួរកំពុងអនុវត្តនីតិវិធីច្បាប់ ប៉ុន្តែមិនអាចផ្តល់ព័ត៌មានបន្ថែមបានទេ ដោយសារតែវាជាការសម្ងាត់នៃសំណុំរឿង។ 

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅប្រទេសកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្វែរសំណួររបស់អ្នកសារព័ត៌មានអំពីការស៊ើបអង្កេតដែលត្រូវបានលើកឡើងនោះ ទៅក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនឆ្លើយតបនឹងសំណើសុំសេចក្តីបញ្ជាក់ទេ។ 

លោក គឹមខឿន បាននិយាយថា រយៈពេលជិតមួយឆ្នាំបន្ទាប់ពីមានករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម អាជ្ញាធរក្នុងស្រុកនៅតែព្យាយាមផ្ទៀងផ្ទាត់ព័ត៌មាន ថាតើសកម្មជនរូបនេះពិតជាបានបាត់ខ្លួនក្នុងរាជធានីភ្នំពេញមែនឬមិនមែន។ 

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះបានថ្លែងថា៖ «យើងមិនទាន់រកឃើញនៅឡើយទេ ថាតើគាត់ពិតជាបាត់ខ្លួននៅក្នុងប្រទេសកម្ពុជាមែន ឬក៏ត្រូវបានគេចាប់ជំរិតនៅកម្ពុជាឬក៏អត់។ មន្ត្រីជំនាញកំពុងស៊ើបអង្កេត ប៉ុន្តែមិនទាន់រកឃើញតម្រុយណាមួយទេ»។ 

នៅថ្ងៃទី០២ ខែមិថុនា អ្នកស្រី ស៊ីថានុន បានដាក់ញត្តិជូនអាជ្ញាធរថៃ ដើម្បីស្នើសុំព័ត៌មានថ្មីទាក់ទងនឹងករណីនេះ។ លោក កូរ៉ាវ៉ាត់ ប៉ាន់ប្រ៉ាប៉ាខន (Korrawat Panprapakorn) អគ្គនាយកនៃនាយកដ្ឋានប្រតិបត្តិការស៊ើបអង្កេតពិសេស បានលើកឡើងថា នាយកដ្ឋាននេះបានបង្កើតក្រុមការងារផ្ទៃក្នុង ដើម្បីកំណត់ថាតើករណីនេះពិតជាបានកើតឡើងក្នុងប្រទេសកម្ពុជាមែនឬមិនមែន។ លោកបន្តថា ប្រសិនបើរឿងនេះមានការបញ្ជាក់ច្បាស់លាស់ ការិយាល័យអគ្គព្រះរាជអាជ្ញានឹងបើកប្រតិបត្តិការស៊ើបអង្កេតសម្រាប់សំណុំរឿងនេះ។ 

លោកបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយអំពីលិខិតឆ្លងដែនកម្ពុជា និងគណនីធនាគារ ដែលដាក់ឈ្មោះខ្មែរថា “សុខ ហេង” របស់លោក វ៉ាន់ឆាឡឺម ដោយលើកឡើងថា ចំណុចខ្លះមិនអាចនិយាយជាសាធារណ:ទេ។

លោក ឆានឆៃ ចាឡាណុននីវ៉ាត់ (Charnchai Chalanonniwat) អគ្គនាយករងនៃនាយកដ្ឋានបណ្តឹងព្រហ្មទណ្ឌ ដែលស្ថិតនៅក្រោមការិយាល័យអគ្គព្រះរាជអាជ្ញា បានឱ្យដឹងថា តុលាការកម្ពុជាត្រូវកំណត់ ថាតើហេតុការណ៍នោះពិតជាបានកើតឡើងនៅទីនោះឬក៏អត់ មុនពេលអាជ្ញាធរថៃអាចស៊ើបអង្កេតបាន។

ក្រុមអ្នកតវ៉ាលើករូបមុខដូចលោក វ៉ាន់ឆាឡឺម អំឡុងការតវ៉ានៅមុខស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដើម្បីរំឭកខួបប្រាំមួយខែនៃករណីបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម។ (អង្គការលើកលែងទោសអន្តរជាតិនៅប្រទេសថៃ)

អ្នកគ្រប់គ្រងអឹផាតមេន Mekong Gardens បានដកខ្លួនចេញឆ្ងាយពីសំណុំរឿងរបស់លោក វ៉ាន់ឆាឡឺម ទោះបីជាមានប្រភពជាច្រើនបញ្ជាក់ថា លោកពិតជាបានរស់នៅទីនោះក៏ដោយ។

នៅពេលត្រូវបានសួរអំពីបុរសជនជាតិថៃម្នាក់ដែលត្រូវបានចាប់ពង្រាត់ចេញពីអឹផាតមេន Mekong Gardens កាលពីជិតមួយឆ្នាំមុន លោក ម៉ា សេដ្ឋា អ្នកគ្រប់គ្រងទូទៅនៅអគារខុនដូនេះ បាននិយាយថា កាមេរ៉ាសុវត្ថិភាពចាប់បានសកម្មភាពរបស់បុរសម្នាក់កំពុងត្រូវបានគេចាប់ហើយដាក់ចូលក្នុងរថយន្តមួយគ្រឿង នៅខាងក្រៅអគារ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ លោកបានបន្តថា អាជ្ញាធរក្នុងស្រុកបានស្នើសុំកាមេរ៉ានោះ ហើយថា វាប្រហែលជាត្រូវបានលុបបាត់ដោយស្វ័យប្រវត្តិទៅហើយ។

លោក សេដ្ឋា បានអះអាងថា មនុស្សដែលស្ថិតក្នុងសំណួរនោះ មិនមែនជាភ្ញៀវរបស់អគារខុនដូនេះទេ។ 

លោកបានបន្តថា៖ «វាជាករណីដែលបានកើតឡើងក្រៅបរិវេណ Mekong Gardens ដូច្នេះព័ត៌មានលម្អិតមិន[ច្បាស់]ទេ»។

នៅពេលសួរថា តើមានជនជាតិថៃរស់នៅក្នុងអឹផាតមេន Mekong Gardens ឬក៏អត់? លោក សេដ្ឋា បាននិយាយថា មានជនជាតិចិនជាអ្នកជួលស្នាក់នៅ។

នៅពេលសួរម្តងទៀត ថាតើមានជនជាតិថៃដែរឬទេ? លោកបាននិយាយថា៖ «ខ្ញុំគ្មានសិទ្ធិឆ្លើយទេ»។ 

លោក ស៊ុនណៃ ផាស៊ុក (Sunai Phasuk)៖ «ខ្ញុំគិតថា សេចក្តីសន្មតគឺថា ជនរងគ្រោះដោយសារការបាត់ខ្លួនដោយបង្ខំបានស្លាប់ហើយ»។

លោកបន្តថា៖ «[ជនប្រព្រឹត្ត] ចង់រក្សាអារម្មណ៍ភ័យខ្លាចនេះថា នៅពេលអ្នកមើលទើសមុខទើសមាត់ រឿងអាក្រក់អាចកើតឡើងលើអ្នកនិងគ្រួសារអ្នក។ អ៊ីចឹង អ្នកត្រូវបានគេយកទៅឆ្ងាយរហូត ហើយគ្មានអ្នកណាដឹងថា តើអ្នកនៅរស់នៅលើផែនដីនេះឬក៏អត់ទេ! ហើយបន្ទាប់មក គ្រួសាររបស់អ្នកនឹងរងទុក្ខរហូតតទៅដែរ ពីព្រោះពួកគេមិនដឹងថាតើ មានរឿងអ្វីកើតឡើងចំពោះអ្នក»។ 

លោក ស៊ុនណៃ ថ្លែងបន្តថា៖ «ផលប៉ះពាល់បន្តទៀតនោះគឺថា [តាំងពីមានច្រើន] ករណីកើតឡើងនៅខាងក្រៅប្រទេសថៃមក មានន័យថា គ្មានកន្លែងមានសុវត្ថិភាពសម្រាប់អ្នករត់គេចនិងលាក់ខ្លួនទេ។ ទោះបីជាអ្នកទៅកន្លែងណាក៏ដោយ អ្នកនៅតែអាចត្រូវបានគេតាមចាប់ដដែល»។ 

ក៏ប៉ុន្តែ ដោយសារតែគ្មានសាកសពឬភស្តុតាងផ្សេងទៀតដែលបញ្ជាក់ថាជនរងគ្រោះបានស្លាប់ ករណីបាត់ខ្លួនដោយបង្ខំដូចការលើកឡើងនោះ មិនអាចត្រូវបានគេស៊ើបអង្កេតជាករណីឃាតកម្មបានទេ។

លោកបន្តថា៖ «នោះគឺជាមូលហេតុដែលល្បិចកលលើការបាត់ខ្លួនដោយបង្ខំ ក្លាយជាវិធីមានប្រជាប្រិយភាពខ្លាំង»។

គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកករណីបាត់ខ្លួនដោយបង្ខំ ដែលជាស្ថាប័័នត្រួតពិនិត្យដំណើរការសកម្មភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្តអនុសញ្ញាស្តីពីការបាត់ខ្លួនដោយបង្ខំ បានអំពាវដល់ប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ ឱ្យស្វែងរកជាបន្ទាន់សម្រាប់ករណីលោក វ៉ាន់ឆាឡឺម។

អនុសញ្ញានេះកំណត់និយមន័យនៃការបាត់ខ្លួនដោយបង្ខំ ថាជាការចាប់ខ្លួន ការឃុំខ្លួន ការចាប់ពង្រាត់ ឬទម្រង់ផ្សេងទៀតនៃការដកហូតសិទ្ធិ ធ្វើឡើងដោយភ្នាក់ងាររដ្ឋ ឬបុគ្គល ឬក្រុមដែលមានការអនុញ្ញាត ការគាំទ្រ ឬការយល់ព្រមពីរដ្ឋ លុះក្រោយមក បានបដិសេធមិនទទួលស្គាល់ការបាត់ខ្លួន ឬដោយការលាក់កំបាំងពីជោគវាសនា ឬទីកន្លែងជនបាត់ខ្លួន។

អនុសញ្ញានេះតម្រូវឱ្យរដ្ឋភាគីពិនិត្យករណីបាត់ខ្លួនដោយបង្ខំជាបន្ទាន់និងដោយមិនលម្អៀង ហើយប្រសិនជាចាំបាច់ ត្រូវធ្វើការស៊ើបអង្កេតទាំងស្រុងនិងមិនលម្អៀងមួយដោយគ្មានការពន្យារពេល។ 

ប្រទេសកម្ពុជាបានផ្តល់នូវការចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ក្នុងឆ្នាំ២០១៣ ខណៈដែលប្រទេសថៃបានចុះហត្ថលេខាលើអនុសញ្ញានេះក្នុងឆ្នាំ២០១២។ 

ក៏ប៉ុន្តែក្រុមតស៊ូមតិផ្នែកសិទ្ធិមនុស្ស បានលើកឡើងថា ច្បាប់ជាតិនានាស្តីពីការបាត់ខ្លួនដោយបង្ខំ មិនត្រូវបានអនុវត្តឬក៏គ្មានសម្រាប់អនុវត្តផង។ 

លោក ស៊ុនណៃ នៃអង្គការ HRW បានមានប្រសាសន៍ថា៖ «កត្តារាំងស្ទះធំបំផុត គឺសេចក្តីប៉ុនប៉ងឱ្យមានច្បាប់មួយដែលឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ ទាក់ទងនឹងការបាត់ខ្លួនដោយបង្ខំ ត្រូវបានគេបិទមិនឱ្យចេញ។ នោះគឺជាកត្តារាំងស្ទះធំំបំផុត មានការសម្របសម្រួលច្រើនបំផុត និងមានប្រព័ន្ធច្រើនបំផុត ចំពោះបរិយាកាសនៃវិស័យយុត្តិធម៌នៅក្នុងទិដ្ឋភាពទូទៅ និងកម្រិតមានផ្នែកពាក់ព័ន្ធច្រើន ចំពោះការធ្វើឱ្យប្រាកដថា ប្រទេសថៃនឹងមិនមានច្បាប់ល្អស្តីពីបទល្មើសនេះ»។

ស្ថានភាពប្រែប្រួលកំពុងកើតឡើង

សេចក្តីរាយការណ៍អំពីករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម បានធ្វើឱ្យមានរលកសកម្មជនភ្លាមៗ ដែលមានគោលបំណងមិនត្រឹមតែសំដៅដល់ក្រុមចាប់បង្ខាំងដែលគេមិនស្គាល់និងបានប្រព្រឹត្តទៅលើសកម្មជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅដល់វប្បធម៌នយោបាយនៅប្រទេសថៃដែលបណ្តាយឱ្យមានករណីបាត់ខ្លួនដោយបង្ខំកើតឡើងជាធម្មតា។ 

មួយថ្ងៃបន្ទាប់ពីមានការអះអាងអំពីករណីចាប់ពង្រាត់លើលោក វ៉ាន់ឆាឡឺម នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ សហភាពនិស្សិតនៅប្រទេសថៃ បានធ្វើការតវ៉ានៅកណ្តាលតំបន់ពាណិជ្ជកម្មក្នុងទីក្រុងបាងកក ដោយចងបូពណ៌ស ដើម្បីជាសញ្ញាទាមទារយុត្តិធម៌សម្រាប់លោក វ៉ាន់ឆាឡឺម និងជនរងគ្រោះដទៃទៀតដោយសារការបាត់ខ្លួនដោយបង្ខំ។ ពីរថ្ងៃបន្ទាប់ទៀត ក្រុមការងារស្តារលទ្ធិប្រជាធិបតេយ្យ និងបណ្តាញនិស្សិតប្រជាប្រិយសម្រាប់ប្រជាធិបតេយ្យ បានធ្វើការតវ៉ាដោយឡែកមួយទៀត ដើម្បីប្រឆាំងនឹងការបាត់ខ្លួនដោយបង្ខំនៅក្នុងតំបន់តែមួយ។ 

មួយសប្តាហ៍ក្រោយមកទៀត សកម្មជនប្រជាធិបតេយ្យបានទៅកាន់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ដើម្បីដាក់ញត្តិទាមទារឱ្យមានប្រតិបត្តិការស៊ើបអង្កេតរកកន្លែងរស់នៅរបស់លោក វ៉ាន់ឆាឡឺម។

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បណ្ណប្រកាសលឿង បានបង្ហាញខ្លួនជុំវិញទីក្រុងបាងកក ក្នុងរយៈពេលតែមួយយប់។ ពួកគេបានរៀបរាប់អំពីករណីបាត់ខ្លួនដែលកើតឡើងលើសកម្មជនថៃ ហើយបានបញ្ជាក់ថា ពួកគេត្រូវបានចាប់ពង្រាត់ដោយរដ្ឋ។ សមាជិក Spring Movement ដែលបានបង្កើតបណ្ណប្រកាសទាំងនោះ បានឱ្យដឹងថា សកម្មភាពនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាមិនមានសេចក្តីរាយការណ៍ច្រើនអំពីករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម ដែលដំបូងឡើយត្រូវបានទទួលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយធំៗនៅប្រទេសថៃ។ ពួកគេដាក់សញ្ញាទ្រុងជ្រូកថា #Thaicantbreathe ដើម្បីបង្កើតចលនាសន្ទនាគ្នាអំពីគំនាបនយោបាយនិងអំពីហិង្សានយោបាយ។ 

សកម្មជននៃ Spring Movement បាននិយាយថា៖ «ពួកយើងគិតថា ស្ថានភាពប្រែប្រួលកំពុងកើតឡើងនៅក្នុងសង្គមថៃហើយ»។

ពួកគេបាននិយាយរួមគ្នាបែបនេះ ដោយសារតែបារម្ភអំពីសុវត្ថិភាព។ ពួកគេបន្ថែមថា ចលនាទាមទារយុត្តិធម៌សម្រាប់លោក វ៉ាន់ឆាឡឺម គឺជាសកម្មភាពដំបូងឆ្ពោះទៅរកសកម្មភាពតវ៉ាប្រឆាំងនឹងអំណាចផ្តាច់ការនិងប្រឆាំងរាជានិយម ដែលបង្កភាពភ្ញាក់ផ្អើលដល់បរិយាកាសនយោបាយនៅប្រទេសថៃ កាលពីខែកក្កដា ឆ្នាំ២០២០។ ប័ណ្ណប្រកាសអំពីបុគ្គលបាត់ខ្លួន ព្រមទាំងរូប ដូចករណីលោក វ៉ាន់ឆាឡឺម គឺជាឧបករណ៍សម្រាប់សកម្មភាពតវ៉ាទាំងនេះ។ 

សកម្មជនទាំងនេះបានបន្ថែមថា៖ «ចលនារបស់ពួកយើងនៅពេលនេះ យ៉ាងហោចណាស់បង្ហាញពួកយើងថា ពួកយើងនឹងមិនបណ្តោយឱ្យរឿងនេះក្លាយជារឿងមួយដែលធម្មតានៅក្នុងសង្គមនេះតទៅទៀតទេ»។ 

អ្នកនាង ប្រាក់កៃដាវ ព្រុកសាក់កាសែមស៊ុក មិត្តស្រីរបស់លោក វ៉ាន់ឆាឡឺម ក្នុងព្រឹត្តិការណ៍ចងចាំមួយទីក្រុងបាងកក កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

អតីតដៃគូរបស់លោក វ៉ាន់ឆាឡឺម គឺអ្នកនាង ប្រាក់កៃដាវ បានលើកឡើងថា ចលនានយោបាយប្រឆាំងនឹងការបាត់ខ្លួនដោយបង្ខំ បានជួយសម្រាលសម្ពាធផ្លូវចិត្តខ្លាំងរបស់អ្នកនាង ដែលបានដក់ជាប់ក្នុងអារម្មណ៍អ្នកនាងតាំងពីឆ្នាំមុនមក។ អ្នកនាងមានអារម្មណ៍នឿយហត់ខ្លាំង និងទុកការងារមួយអន្លើសិន ដោយពេលនេះត្រូវផ្តោតលើបញ្ហាកង្វះច្បាប់ប្រឆាំងនឹងការបាត់ខ្លួនដោយបង្ខំ និងអំពើទារុណកម្ម នៅប្រទេសថៃ។ 

អ្នកនាង ប្រាក់កៃដាវ ថ្លែងថា៖ «ខ្ញុំមានអារម្មណ៍ថា ការងារនៅក្នុងរឿងនយោបាយអាចជាវិធីកាត់បន្ថយអារម្មណ៍ទុក្ខសោក»។

បច្ចុប្បន្ន អ្នកនាងធ្វើការនៅអង្គការមូលនិធិអន្តរវប្បធម៌ (Cross Cultural Foundation) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ដែលធ្វើការលើប្រតិបត្តិការពិនិត្យអំពើរំលោភសិទ្ធិមនុស្សនៅប្រទេសថៃ។

នៅក្នុងវីដេអូដែលអង្គការនេះបានបញ្ចេញកាលពីខែឧសភា អ្នកនាង ប្រាក់កៃដាវ បាននិយាយថា៖ «ខ្ញុំមិនអាចទៅវិញទាន់ពេលទេ ប៉ុន្តែខ្ញុំចង់ឱ្យដឹងថា ខ្ញុំសុំទោសដែលខ្ញុំមិនបាននៅជាមួយអ្នកនៅថ្ងៃដែលអ្នកត្រូវបានគេយកទៅ[ចាប់ពង្រាត់លោក វ៉ាន់ឆាឡឺម]»។ 

នៅក្នុងវីដេអូដដែលនោះ អ្នកស្រី ស៊ីថានុន ពាក់អាវយឺតខ្មៅដែលមានសារសរសេរថា “យើងទាំងអស់គ្នាជា វ៉ាន់ឆាឡឺម”

អ្នកស្រីមើលកាមេរ៉ា ហើយនិយាយថា៖ «ពួកយើងនឹងបន្តស្វែងរកការពិតឱ្យឃើញ ដរាបណាពួកយើងនៅរស់ រហូតទាល់តែពួកយើងបានជួបគ្នាជាថ្មីទៀត»។ 


កំណត់សម្គាល់៖ ឈ្មោះដាក់ឱ្យ ត្រូវបានផ្តល់ដល់បុគ្គលដែលបង្ហាញអារម្មណ៍ព្រួយបារម្ភអំពីអំពើផ្ចាញ់តប។

រាយការណ៍ដោយ៖ Jacob Goldberg, Danielle Keeton-Olsen, Anna Lawattanatrakul, Matt Surrusco និង Yiamyut Sutthichaya

អត្ថបទដោយ៖ New Naratif, Prachatai និង VOD

អ្នកនិពន្ធបានសរសេរសាច់រឿងនេះដោយមានអ្នកសារព័ត៌មានខ្មែរដែលបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារតែព្រួយបារម្ភអំពីសុវត្ថិភាព។

អំពីអ្នកនិពន្ធ៖

Anna Lawattanatrakul ជាជំនួយការការីនិពន្ធនៅ Prachatai English ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ពួកគេបានរាយការណ៍អំពីអំពើហិង្សាពាក់ព័ន្ធនឹងបញ្ហាយែនឌ័រ សិទ្ធិ LGBTQIA+ និងសិទ្ធិជនជាតិដើមភាគតិច និងបានចុះយកព័ត៌មានអំពីសកម្មភាពតវ៉ាដើម្បីគាំទ្រប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២០ផងដែរ។

Yiamyut Sutthichaya ជាជំនួយការការីនិពន្ធនៅ Prachatai English។ គាត់រាយការណ៍អំពីបញ្ហាទាក់ទងនឹងនយោបាយ និងសិទ្ធិមនុស្ស។

Danielle Keeton-Olsen គឺជាអ្នកសារព័ត៌មានឯករាជ្យ ដែលរាយកាណ៍អំពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងមនុស្សនៅពីក្រោយប្រទេសទាំងនោះ ដោយរាយការណ៍ចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ តាំងពីបានចាកចេញពីលំនៅដ្ឋានរបស់នាងនៅទីក្រុងឈីកាហ្កោ មកតំបន់អាស៊ីអាគ្នេយ៍ នាងបានសរសេរអត្ថបទព័ត៌មានសម្រាប់ VOD, South China Morning Post, Mongabay, Forbes Asia និង កាសែត The Cambodia Daily មុនពេលស្ថាប័នត្រូវបានបិទក្រោមសម្ពាធរដ្ឋាភិបាល។

Jacob Goldberg ជាអ្នកសារព័ត៌មានប្រចាំនៅប្រទេសថៃ។ គាត់ជានិពន្ធនាយកនៅអង្គភាពសារព័ត៌មាន New Naratif ។

Matt Surrusco ជានិពន្ធនាយករងនៅអង្គភាពសារព័ត៌មាន New Naratif។ ប្រចាំនៅរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៦ គាត់ក៏ជាការីនិពន្ធនៅអង្គភាពសារព័ត៌មាន VOD ជាអ្នកសារព័ត៌មានឯករាជ្យ និងសាស្ត្រាចារ្យបង្រៀនមុខវិជ្ជាសារព័ត៌មានផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ