កម្ពុជា​រក​ឃើញ​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​លើ​ពលករ​ខ្មែរ​៣​នាក់​​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​

អាជ្ញាធរប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានធ្វើតេស្តលើពលករខ្មែរមកពីថៃ ដែលត្រលប់មកស្រុកកំណើតវិញ។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

ក្រសួងសុខាភិបាល នៅល្ងាចម្សិលមិញនេះ បានប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ B.1.617 នៅលើខ្លួនពលករខ្មែរ៣នាក់ដែលវិលត្រឡប់មកពីប្រទេសថៃ ខណៈពិភពលោកកំពុងព្រួយបារម្ភខ្លាំងពីប្រភេទមេរោគបំប្លែងខ្លួនថ្មីនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា ការរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះធ្វើឡើងបន្ទាប់មន្ត្រីសុខាភិបាលបានយកសំណាកពលករខ្មែរ៣នាក់ មកធ្វើតេស្ត Sequencing នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ក្រសួងបន្តថា ពលករទាំង៣នាក់ដែលត្រូវបានរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ B.1.617 បន្ទាប់ពីពួកគេត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់។ បច្ចុប្បន្ន ពួកគេត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង រៀងៗខ្លួន ដែលរួមមាន ស្ត្រីវ័យ២៧ឆ្នាំកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តឧត្តរមានជ័យ, បុរសអាយុ៤៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងស្ត្រីវ័យ៤៣ឆ្នាំកំពុកសម្រាកនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។

បើតាមក្រសួងសុខាភិបាលបានកត់សម្គាល់ថា វីរុសបំប្លែងខ្លួនថ្មីប្រភេទ B.I.617 ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន៧នៅតំបន់អាស៊ាន ក្នុងនោះ មានប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងបណ្តាប្រទេសមួយចំនួនទៀត ដែលពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំង។

ករណីនេះ ក្រសួងបានអំពាវនាវឱ្យទៅមន្ទីរសុខាភិបាលខេត្តទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិស្ដង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ក្នុងនោះ ត្រូវដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និងបន្តការស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំងដែលមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩។

ក្រៅពីណែនាំទៅមន្ទីរសុខាភិបាលខេត្ត ក្រសួងសុខាភិបាលអំពាវនាវនិងក្រើនរំឭកឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍កម្ពុជា។

គិតត្រឹមថ្ងៃទី៤ ខែមិថុនា ម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣៣ ០៧៥​នាក់ ក្នុងនោះ​ អ្នកជំងឺជាសះស្បើយសរុបមា​ន​ចំនួន២៥ ៥៤៤នាក់ ព្រមទាំងចំនួនអ្នកស្លាប់បានកើនឡើង២៤២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៩៩៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ